Ad Code

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​និយាយថា អាច​រុះរើ​គណៈរដ្ឋមន្ត្រី​មុន​អាណត្តិ​ទី​ពីរ



ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo កំពុង​ពិចារណា​រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក​មុនពេល​លោក​ស្បថ​ចូលកាន់​តំណែង​ក្នុង​អាណត្តិ​រយៈពេល​៥​ឆ្នាំ​លើក​ទី​ពីរ​ក្នុង​ខែតុលា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Tempo ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​។​

យោងតាម​ការរាប់​សន្លឹក​ឆ្នោត​ដោយ​អ្នក​ស្ទង់​មតិ​បាន​បង្ហាញថា លោក Widodo បានឈ្នះ​ការបោះឆ្នោត​នេះ​ថ្វីបើ​លទ្ធផល​ជា​ផ្លូវការ​មិនត្រូវ​បានប្រកាស​រហូតដល់​ថ្ងៃទី​២២​ខែឧសភា​ក៏ដោយ​ហើយ​អ្នកប្រកួតប្រជែង​គឺ​លោក Prabowo Subianto ក៏បាន​អះអាង​ទទួល​ជ័យជម្នះ​ផងដែរ​។​

នៅក្នុង​បទសម្ភាសន៍ លោក Widodo បាន​លើកឡើងថា លោក​នឹងមិន​ទទូច​ឲ្យ​ជ្រើសរើស​អ្នកបច្ចេកទេស​លើ​អ្នកនយោបាយ​ទេ​។ លោក​និយាយថា “​នៅក្នុង​គណបក្សនយោបាយ មាន​សមាជិក​ដែលមាន​ជំនាញ​ជាច្រើន​នាក់​”​។​

ការរំពឹងទុក​អំពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​បាន​កើតឡើង​នៅក្នុង​ចំណោម​អ្នកនយោបាយ​និង​មន្ត្រី​រដ្ឋាភិបាល​មុន​ការបោះឆ្នោត​ថ្ងៃទី​១៧​ខែមេសា​ដោយ​រដ្ឋមន្ត្រី​មួយចំនួន​ដែល​ទទួលខុសត្រូវ​លើ​ផលប័ត្រ​សេដ្ឋកិច្ច​អាច​នឹង​ត្រូវបាន​ជំនួស​តំណែង​។​

ក្រុមអ្នកវិភាគ​ហិរញ្ញវត្ថុ​បាន​និយាយថា ពួកគេ​កំពុង​ពិនិត្យមើល​យ៉ាង​ល្អិតល្អន់​នូវ​ជម្រើស​គណៈរដ្ឋមន្ត្រី​របស់លោក Widodo រួមទាំង​ថា​តើ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Sri Mulyani Indrawati នឹង​រក្សា​តំណែង​ដែរ​ឬក៏​អត់​។​

អ្នក​ខាងក្នុង​រដ្ឋាភិបាល​បាន​ប្រាប់ Reuters ថា លោក​ប្រធានាធិបតី​នឹង​បន្តធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​ដែល​បានចាប់ផ្តើម​ក្នុង​អាណត្តិ​ទី​១​របស់លោក​ដោយ​ផ្តោតលើ​ការដោះស្រាយ​ការវិនិយោគ​បរទេស​ដែល​កំពុងមាន​បញ្ហា ប្រព័ន្ធ​អប់រំ​ដែលមាន​បញ្ហា​និង​ច្បាប់​ការងារ​ដែល​រឹតត្បិត​។​

គួរ​បញ្ជាក់ថា លោក Widodo បាន​រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក​ជាច្រើនលើក​ក្នុងអំឡុង​អាណត្តិ​ដំបូង​ដោយ​រួមទាំង​ការនាំយក​លោក Indrawati ដែល​ធ្លាប់ធ្វើ​ការជានា​យក​គ្រប់គ្រង​ធនាគារពិភពលោក​ឲ្យ​ចូលមកក្នុង​គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៦​ផងដែរ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu