Ad Code

លោក​ឃួ​ង ស្រេង​ ៖ អ្នក​ជួយ​ប្អូនៗ​ក្មួយៗ​ឲ្យ​រួច​ផុតពី​អន្ទាក់​គ្រឿងញៀន​ គឺជា​អ្នកមានគុណ​ចំពោះ​ប្អូនៗ



ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង រួមជាមួយ​មន្ត្រី​ជាច្រើនរូប​ទៀត​កាលពី​រសៀល​ថ្ងៃទី​២៧​មេសា បាន​អញ្ជើញ​ទៅសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្អូនៗ​ក្មួយៗ​ដែល​កំពុងស្នាក់នៅ​ព្យាបាល​,​អប់រំ​,​ស្តារ​នីតិ​សម្បា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្សាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

លោក​ឃួ​ង ស្រេង ថ្លែងថា អ្នក​ជួយ​ប្អូនៗ​ក្មួយៗ​ពី​អន្ទាក់​គ្រឿងញៀន គឺជា​អ្នកមានគុណ​របស់​ប្អូនៗ​ក្មួយៗ​ព្រោះ​រាជរដ្ឋាភិបាល​,​អាជ្ញាធរ​ចង់​ជួយ​ប្អូនៗ​ក្មួយៗ អោយ​ក្លាយខ្លួនជា​មនុស្ស​ល្អ មនុស្ស​មាន​តម្លៃ​សម្រាប់​សង្គម​។ ​ដូច្នេះ​ប្អូនៗ​ក្មួយៗ​ ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ដែល​បាន​ជួយសង្គ្រោះ​ប្អូនៗ​ពី​អន្លង់​មរណៈ​ដោយសារ​គ្រឿងញៀន​។​

លោក​បន្តថា​ ៖​ បើ​ប្អូនៗ​មិន​អាណិត​នរណា​ក៏​ហី​ទៅ​ចុះ តែ​ប្អូនៗ​ត្រូវតែ អាណិត​ខ្លួនឯង អាណិត​ម៉ែឪ​ដោយ​ត្រូវ​ប្តេជ្ញាចិត្ត​ឈប់​ប៉ះពាល់​គ្រឿងញៀន​តទៅទៀត ព្រោះ​គ្រឿងញៀន​វា​បំផ្លាញ​អ្វីៗ​និង​ជីវិត​របស់​យើង​ថែមទៀត​។ ​អាជ្ញាធរ​ពិត ជា​មិន​ចង់​ឲ្យ​ប្អូនៗ​ពេលធ្វើ​សមាហរណកម្ម​ទៅក្នុង​សង្គម​គ្រួសារ​វិញ ក៏​វិល​មកវិញ​ជាមួយ​ការ​ញៀន​ថ្នាំញៀន​ជាថ្មី​មកកាន់​មជ្ឈមណ្ឌល​នេះ​ទេ​។ ​ត្រូវ​ចាំ​ថា មានតែ​ប្អូនៗ​និង​ក្មួយៗ​ខ្លួនឯង​ទេ​ដែល​ជួយ​ខ្លួនឯង​ដំបូង​គេ និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ហើយ​យើង​ក៏​មិន​ចង់ឃើញ​ប្អូនៗ​ក្មួយៗ​នៅទីនេះ​រហូត​ដែរ​។​

លោកស្រី​មុំ ចាន់​ដា​នី ប្រធាន​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ​បាន​ឲ្យ ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៧​មេសា​ឆ្នាំ​២០១៩​នេះ ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ដែល​កំពុងស្នាក់នៅ​បន្សាប​គ្រឿងញៀន​ក្នុង​មជ្ឈមណ្ឌល​មាន​ចំនួន​១៤៣៣​នាក់​,​ស្រី​៦៣​នាក់​។​ ការជួយ​ជនរងគ្រោះ​មាន​៣​ចំណុច​សំខាន់​គឺ ប្រើ​ថ្នាំពេទ្យ​,​ការអប់រំ​ផ្លូវចិត្ត និង​ការធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ទៀងទាត់​ដើម្បី​បណ្តេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។​

លោកស្រី​ប្រធាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ភាគច្រើន​មាន​ជំងឺ​ច្រើន​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ក្នុងកំឡុងពេល​ផ្តាច់​គ្រឿងញៀន លេច​ចេញមក​នូវ​ជំងឺ​មួយចំនួន​ដូចជា​៖​រវើរវាយ​ផ្លូវចិត្ត​,​ថប់ដង្ហើម​,​ស្ពឹក​ដៃជើង​,​រមួលក្រពើ រើម រលាក​ក្រពះ រលាក​តម្រងនោម​និង​ជំងឺ​ឱ​កាស​និយម​ច្រើន​ប្រភេទ​ទៀត​។​ទន្ទឹមនឹង​ការ​បន្សាប​សារធាតុ​ញៀន មជ្ឈមណ្ឌល​ក៏បាន​យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​ដល់​ប្អូនៗ​ក្មួយៗ​ដូចជា​៖​កាត់សក់​,​អ៊ុតសក់​,​រៀន​កុំព្យូទ​រ័​,​រៀន​ភាសា​អង់គ្លេស​,​រៀន​ជួសជុល​គ្រឿង​អេឡិចត្រូនិក​ជាដើម​ដើម្បី​ឲ្យ​ប្អូនៗ​អាច​ប្រកប​​របរ​ចិញ្ចឹមជីវិត​បាន​ពេល​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu