ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្រោយសង្កេតឃើញថា មានអតិថិជនមួយចំនួនបានបង្ហោះសារចោទប្រកាន់ជាច្រើននៅលើបណ្តាញសង្គម Facebook ថា ពួកគេបានដកចំប្រាក់ក្លែងក្លាយពីទូ ATM របស់ ABA នោះ ឥឡូវធនាគារមួយនេះ កំពុងចាត់វិធានការភ្លាមៗ ដោយទាក់ទងទៅកាន់ម្ចាស់សារ Facebook ទាំងនោះដោយផ្ទាល់ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ដែលបានលើកឡើង ហើយអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើននាក់ ដែលអះអាងថា ខ្លួនបានដកប្រាក់ពីទូ ATM របស់ធនាគារ ABA ចំក្រដាសប្រាក់ក្លែងក្លាយនោះ បានលុបសារចោទប្រកាន់របស់ខ្លួនជាបន្តបន្ទាប់។
ទាក់ទងនឹងករណីមួយក្នុងចំណោមករណីទាំងនោះ មានអតិថិជនម្នាក់ បានដកប្រាក់ពីទូ ATM មួយរបស់ ABA នៅរាជធានីភ្នំពេញ ហើយរយៈពេល១២ថ្ងៃក្រោយមក ទើបរូបគេបានបង្ហោះរូបថតបង្ហាញពីក្រដាសប្រាក់១០០ដុល្លារ១សន្លឹក ដោយមានសរសេរពាក្យ “COPY” យ៉ាងច្បាស់ និងបានចោទថា ក្រដាសប្រាក់នោះ ត្រូវបានដកចេញពីទូ ATM មួយរបស់ធនាគារ ABA។ ចំពោះបញ្ហានេះ បុគ្គលិកនាយកដ្ឋានដំណោះស្រាយបញ្ហារបស់ធនាគារ បានអញ្ជើញអតិថិជនរូបនោះឲ្យទៅកាន់ធនាគារ និងបានពិនិត្យមើលឡើងវិញជាមួយបុគ្គលិកផ្នែកដោះស្រាយបញ្ហា នូវព័ត៌មាននៃការដកប្រាក់ដែលគាត់បានធ្វើឡើង។ ផ្អែកតាមភស្តុតាងជាក់ស្ដែងចំពោះមុខ អតិថិជនរូបនោះ បានទទួលស្គាល់ទាំងស្រុងថា ក្រដាសប្រាក់ដែលខ្លួនដកពីទូ ATM នោះ គឺជាក្រដាសប្រាក់ពិត ហើយអាចនឹងត្រូវគេលួចប្តូរដាក់ក្រដាសប្រាក់ក្លែងក្លាយ ក្នុងកាបូបនៅចន្លោះពេល១២ថ្ងៃនោះ។
លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ABA បានបញ្ជាក់ថា “ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមក យើងបានឃើញការបង្ហោះសារនៅលើបណ្តាញសង្គម Facebook ចំនួន១៥ករណី ដោយចោទប្រកាន់ថា ដកបានប្រាក់ក្លែងក្លាយពីម៉ាស៊ីនរបស់យើង។ រឿងនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះការិយាល័យដោះស្រាយបញ្ហារបស់យើងកម្រទទួលបាននូវបណ្ដឹងតវ៉ាអំពីក្រដាសប្រាក់ក្លែងក្លាយណាស់ មិនថាតាមសាខាធនាគារនានារបស់យើង តាមរយៈទូរស័ព្ទ ឬតាមអនឡាញនោះទេ បើទោះបីជាយើងផ្សព្វផ្សាយយ៉ាងទូលំទូលាយឲ្យអតិថិជនធ្វើការស្នើ សាកសួរព័ត៌មាន និងស្វែងរកដំណោះស្រាយតាមបណ្ដាញទំនាក់ទំនងផ្លូវការរបស់យើងក៏ដោយ”។
អ្នកស្រី ឡុង នីនលីដា ប្រធានអង្គភាពប្រតិបត្តិការសាច់ប្រាក់របស់ធនាគារ ABA បានពន្យល់ថា ABA មិនខុសពីធនាគារពាណិជ្ជធំៗទាំងអស់នៅកម្ពុជាប៉ុន្មានឡើយ ធនាគារនេះ ប្រើប្រាស់ឧបករណ៍ពិនិត្យក្រដាសប្រាក់ដ៏ទំនើបចុងក្រោយបង្អស់ ដែលអាចស្គាល់ និងចាប់យកក្រដាសប្រាក់ក្លែងក្លាយ ចេញពីក្រដាស ប្រាក់ពិត ដែលដាក់ឲ្យចរាចរក្នុងទូ ATM ទាំង៣០១កន្លែងរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា។ អ្នកស្រីបន្តថា “ម៉ាស៊ីនពិនិត្យប្រាក់ទាំងនេះ ដែលជាផ្នែកមួយនៃកម្មវិធីសន្តិសុខផ្សេងទៀត អាចចាប់ និងថតយក លេខមាលា (Serial Number) របស់ក្រដាសប្រាក់គ្រប់សន្លឹក ដែលយើងបានដាក់បញ្ចូលទៅក្នុងទូ ATM នានា ដូច្នេះនៅពេលដែលមានការតវ៉ាទាមទារពីអតិថិជន យើងនឹងយកកំណត់ត្រានេះ ធ្វើជាឯកសារយោងដើម្បីផ្ទៀងផ្ទាត់ថាតើក្រដាសប្រាក់នោះ ពិតជាចេញពីម៉ាស៊ីន របស់យើងមែន ឬមិនមែន”។
លោក Mr. Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានលើកឡើងថា “កាជឿជាក់ទុកចិត្ត គឺជាគន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗ នៃកិច្ចការបម្រើសេវាជូនអតិថិជន ដែលត្រូវបានចាត់ទុកថាជា តម្លៃស្នូលរបស់យើង។ ធនាគារ ABA ធ្វើការតាមដានបណ្តាញសង្គមយ៉ាងដិតដល់ ហើយក៏នឹងបន្តទាក់ទងនឹងទៅកាន់អតិថិជនដែលបង្ហោះសារត្អូញត្អែរផ្សេងៗអំពីសេវាកម្មរបស់ធនាគារ ដោយជំរុញពួកគាត់ដាក់ពាក្យបណ្តឹង ឬលើកជាសំណើទៅកាន់ធនាគារដោយផ្ទាល់ ជាជាងការបង្ហោះសារលើ Facebook ឬនៅលើគេហទំព័រផ្សេងៗទៀត”។ លោកបញ្ជាក់ថា “មធ្យោបាយដែលល្អបំផុតក្នុងការលើកឡើងពីបញ្ហាពាក់ព័ន្ធ គឺការទាក់ទងដោយផ្ទាល់ទៅកាន់ធនាគារ ជាកន្លែងដែលយើងមានការផ្ដល់ជូននូវវិធីដោះស្រាយបញ្ហាយ៉ាងទូលំទូលាយ ដែលរួមមានដូចជាការស៊ើបអង្កេតយ៉ាងល្អិតល្អន់ទៅលើបញ្ហាដែលបានលើកឡើងជាដើម។ ដូច្នេះ ចំណុចសំខាន់ដំបូងគេ គឺធ្វើយ៉ាងណាឲ្យអតិថិជិនដែលកំពុងតែត្អូញត្អែរនៅលើបណ្តាញសង្គម បានដឹងថា ដំណោះស្រាយដែលល្អបំផុតនោះ គឺការលើកយកបញ្ហារបស់ពួកគេមកកាន់ធនាគារយើងដោយផ្ទាល់”។
ពាក់ព័ន្ធនឹងករណីនេះដែរ បច្ចុប្បន្នមានបុរសជនជាតិស្វ៊ីសម្នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅរាជធានីភ្នំពេញ ពីបទឆបោកធនាគារដោយចេតនា តាមរយៈការលួចប្តូរក្រដាសប្រាក់ពិត១សន្លឹក ជាមួយនឹងក្រដាសប្រាក់មួយដែលមានសរសេរអក្សរថា “COPY” និងបានព្យាយាមមួលបង្កាច់ថា ក្រដាសប្រាក់ក្លែងក្លាយនេះ បានដកចេញពីទូមួយរបស់ធនាគារ ABA។ បុរសជាជនជាតិស្វ៊ីសម្នាក់ ដែលបានឆបោកធនាគារ ABA ដោយចេតនា តាមរយៈការលួចប្តូរក្រដាសប្រាក់ពិត ដែលដកចេញពីទូ ATM របស់ ABA ជាមួយនឹងក្រដាសប្រាក់ក្លែងក្លាយ៕
Source: Kampuchea Thmey Daily
0 Comments