Ad Code

លោក Macron និង​លោកស្រី Merkel ព្យាយាម​ស្រោចស្រង់​កិច្ចចរចា​ស៊ែ​ប៊ី​-​កូ​សូ​វ៉ូ​ឡើងវិញ​នៅឯ​ជំនួប​កំពូល​ក្នុង​តំបន់​បាល់​កង់



មេដឹកនាំ​អឺរ៉ុប​នឹង​ព្យាយាម​នាំយក​គូសត្រូវ​ស៊ែ​ប៊ី​និង​កូ​សូ​វ៉ូ​ឲ្យ​ត្រលប់​ទៅរក​តុ​ចរចា​វិញ​នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​នៅ​ថ្ងៃ​ចន្ទ​ដោយ​សង្ឃឹមថានឹង​ចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចពិភាក្សា​មួយ​ស្តីពី​ជម្លោះ​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​តំបន់​បាល់​កង់​។​

អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​អ្នកជិតខាង​ទាំងពីរ​ដែល​ទំនាក់ទំនង​របស់​ពួកគេ​បានប្រែក្លាយ​កាន់តែ​អាក្រក់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ជាមួយ​មេដឹកនាំ​តំបន់​បាល់​កង់​ខាងលិច​ផ្សេងទៀត​និង​សមាជិក​សហភាព​អ៊ឺរ៉ុប​គឺ​ក្រូ​អាត​និង​ស្លូ​វេ​នី​។​

ការិយាល័យ​ប្រធានាធិបតី​បារាំង​បាន​និយាយ​ក្នុង​សេចក្តី​សង្ខេប​មួយ​មុន​កិច្ចប្រជុំ​កំពូល​ថា ការប្រមូលផ្តុំ​គ្នា​នេះ​នឹង​ផ្តោតទៅលើ​ស្ថេរភាព​នៃ​តំបន់​នេះ​ជាពិសេស​ផ្តោតលើ​ការស្វែងរក​ផ្លូវ​មួយ​ដើម្បី​បើក​ការចរចា​ឡើងវិញ​រវាង​ប្រទេស​ស៊ែ​ប៊ី​និង​កូ​សូ​វ៉ូ​។​

គំនិត​ផ្តួចផ្តើម Macron-Merkel បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចពិភាក្សា​ដែល​ដឹកនាំ​ដោយ​សហភាព​អឺរ៉ុប​រវាង​ប្រទេស​ស៊ែ​ប៊ី​និង​កូ​សូ​វ៉ូ​ត្រូវបាន​ផ្អាក​កាលពី​ឆ្នាំមុន​។​

ចំណុច​ស្នូល​នៃ​ជម្លោះ​នេះ​គឺជា​ការបដិសេធ​របស់​រដ្ឋាភិបាល​ក្រុង Belgrade ទៅលើ​ឯករាជ្យភាព​របស់​កូ​សូ​វ៉ូ​ដែលជា​អតីត​ខេត្ត​មួយ​ត្រូវបាន​បំបែកចេញ​នៅក្នុង​សង្គ្រាម​បង្ហូរឈាម​ឆ្នាំ​១៩៩៨-១៩៩៩​។​

កិច្ចសន្ទនា​ដែល​ដឹកនាំ​ដោយ​ទីក្រុង Brussels បាន​ដួលរលំ​ជាច្រើន​ខែ​បន្ទាប់ពី​កិច្ចពិភាក្សា​អំពី​ការផ្លាស់ប្តូរ​ព្រំដែន​ដែល​អាចធ្វើ​ទៅបាន​រវាង​ប្រទេសជិតខាង​ទាំងពីរ​ដើម្បី​ធ្វើជា​មធ្យោបាយ​ឈានទៅដល់​កិច្ចព្រមព្រៀង​មួយ​បាន​បង្ក​ឲ្យ​មានប្រតិកម្ម​តប​យ៉ាងខ្លាំង​ក្លា​កាលពី​រដូវក្តៅ​មុន​។​

ក្រុម​អ្នក​រិះគន់​បាន​ព្រមាន​ថា ការគូរផែនទី​ឡើងវិញ​នឹង​ក្លាយជា​រឿង​ដ៏​មាន​គ្រោះថ្នាក់​នៅក្នុង​តំបន់​បាល់​កង់​ដែលជា​តំបន់​មួយ​នៅតែ​កំពុង​ស្តារឡើងវិញ​ពី​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។​

បន្ទាប់មក មានការ​ប៉ះទង្គិច​ផ្នែក​ការទូត​ជា​បន្តបន្ទាប់​រវាង​រដ្ឋា​ភិ​បាល​ក្រុង Pristina និង Belgrade ជាពិសេស​លើ​ការសម្រេចចិត្ត​របស់​កូ​សូ​វ៉ូ​ក្នុងការ​ប្រមូល​ពន្ធ​១០០​ភាគរយ​លើ​ទំនិញ​របស់​ប្រទេស​ស៊ែ​ប៊ី​នៅក្នុង​ខែវិច្ឆិកា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu