ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានរកឃើញបេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ២០១៩ចំនួន៦០នាក់ ផ្នែកអក្សរសិល្ប៍ គណិតវិទ្យានិងរូបវិទ្យាក្នុងចំណោមបេក្ខជនចូលរួមប្រឡងបេក្ខជនចូលរួមប្រឡងចំនួន៤៨០នាក់។
ការប្រឡងសិស្សពូកែនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៨ ខែ មេសាឆ្នាំ២០១៩នៅវិទ្យាល័យ ១០មករា១៩៧៩ខេត្តសៀមរាបដោយមានបេក្ខជនចូលរួមប្រឡងចំនួន៤៨០នាក់ ក្នុងនោះស្រី២៤៦នាក់ មកពីគ្រឹះស្ថានមធ្យមសិក្សាចំនួន ២៤៦ទូទាំងប្រទេស ដោយក្នុងនោះបេក្ខជន៦០នាក់ត្រូវបានជ្រើសរើស ៣០នាក់ជាសិស្សពូកែថ្នាក់ទី៩ និង៣០នាក់ជាសិស្សពូកែថ្នាក់១២។
ការជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេសមានពីរកម្រិតគឺថ្នាក់ទី៩និងថ្នាក់ទី១២ដោយកម្រិតនីមួយៗប្រឡងបីមុខវិជ្ជាគឺវិជ្ជាគណិត,រូបវិទ្យានិងអក្សរសិល្ប៍ខ្មែរដោយ១មុខវិជ្ជាជ្រើសរើសសិស្សចំនួន៨០នាក់នៅទូទាំងប្រទេស ហើយបែងចែកទៅតាមកូតាខេត្តមានប្រជាជនតិចឬច្រើនដោយធ្វើម៉េចឲ្យបាន៨០នាក់ក្នុង១មុខវិជ្ជាសរុបចំនួន៤៨០នាក់។
ចំណែករាជធានីខេត្តនីមួយៗត្រូវប្រឡងចម្រាញ់នៅខែមីនាឆ្នាំ២០១៩ដោយយកសិស្សចំនួន១០នាក់ក្នុង១មុខវិជ្ជាដើម្បីបន្តទៅចូលរួមប្រឡងថ្នាក់ជាតិ។ មានន័យថាថ្នាក់ទី៩យក៣០នាក់និងថ្នាក់ទី១២យក៣០មកប្រឡងនៅថ្នាក់ជាតិ។ បន្ទាប់មកយកតែ១០នាក់ទេក្នុងមុខវិជ្ជានីមួយៗ។
ចំពោះជ័យលាភីវិញក្រសួងបានផ្តល់ចាប់ពីលេខ១ដល់លេខ១០តែជ័យលាភីលេខ១ដល់លេខ៣ទទួលបានពាន់អបដោយថវិកាពីក្រសួង។
ចំពោះប្រាក់រង្វាន់លេខ១ទទួលបានចំនួន៣លាន៥សែនរៀល,ចំណាត់ថ្នាក់លេខ២ទទួលបានចំនួន៣លាន២សែនរៀល,លេខ៣ទទួលបាន២លាន៩សែនរៀល,លេខ៤ទទួលបាន២លាន៦សែនរៀល,លេខ៥ទទួលបាន២លាន៣សែនរៀល,លេខ៦ទទួលបាន២លានរៀល,លេខ៧ទទួលបាន១លាន៧សែនរៀល,លេខ៨ទទួលបាន១លាន៤សែនរៀល,លេខ៩ទទួលបាន១លាន១សែនរៀល,និងលេខ១០ទទួលបាន៨០ម៉ឺនរៀល។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមប្រគល់សញ្ញាបត្រនិងរង្វាន់ដល់ជ័យលាភីសិស្សពូកែ បានជំរុញលើកទឹកចិត្តសិស្សានុសិស្សបន្តខិតខំប្រឹងប្រែងរៀនសូត្រជាបន្តទៀត ទោះបីជាប្រឡងជាប់ ឬមិនជាប់ក្ដី។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងអរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់បេក្ខជនជ័យលាភី៕
Source: Kampuchea Thmey Daily
0 Comments