គណបក្សសង្គមនិយមរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យដោយគ្មានសំឡេងភាគច្រើននៅក្នុងទិដ្ឋភាពនយោបាយដែលបែកបាក់មួយដោយសារតែការចូលក្នុងសភារបស់គណបក្សស្តាំនិយម។
លទ្ធផលនេះបានបង្កើនភាពវឹកវរនៃអស្ថិរភាពមួយផ្សេងទៀតសម្រាប់ប្រទេសអេស្ប៉ាញដោយលោក Sanchez ត្រូវពឹងផ្អែកលើសម្ព័ន្ធភាពជាមួយគូប្រជែងនៅក្នុងបរិយាកាសមួយដែលបានអួរអាប់ចាប់តាំងពីការប៉ុនប៉ងអបគមន៍បរាជ័យរបស់តំបន់កាតាឡានក្នុងឆ្នាំ២០១៧។
គណបក្សសង្គមនិយម (PSOE) របស់លោក Sanchez បានទទួលសមាជិកសភាចំនួន១២៣រូបក្នុងចំណោម៣៥០រូបឬស្មើនឹងជិត២៩ភាគរយនៃសន្លឹកឆ្នោតពោលគឺតិចជាងសំឡេងភាគច្រើនដាច់ខាតប៉ុន្ដែប្រសើរជាងអាសនៈ៨៥ដែលខ្លួនទទួលបានក្នុងឆ្នាំ២០១៦។
លោកបានប្រាប់ក្រុមអ្នកគាំទ្រពីយ៉រនៃទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងទីក្រុងម៉ាឌ្រីដកាលពីល្ងាចថ្ងៃអាទិត្យថា “គណបក្សសង្គមនិយមបានឈ្នះការបោះឆ្នោតទូទៅហើយនៅពេលនោះ អនាគតបានឈ្នះហើយអតីតកាលបានបាត់បង់”។
អ្នកចាញ់ដ៏ធំគឺគណបក្សអភិរក្សនិយម Popular Party (PP) ដែលទទួលបានអាសនៈ៦៦បើប្រៀបធៀបនឹងអាសនៈចំនួន១៣៧នៅក្នុងការបោះឆ្នោតលើកមុនដែលធ្វើឲ្យខ្លួនគ្រប់គ្រងប្រទេសអេស្ប៉ាញជាមួយរដ្ឋាភិបាលសំឡេងភាគតិច។
លោក Sanchez ដែលបានឡើងកាន់អំណាចកាលពីខែមិថុនាបន្ទាប់ពីការទម្លាក់នាយករដ្ឋមន្ត្រីអភិរក្សលោក Mariano Rajoy នៅក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្តគឺអាចនឹងស្វែងរកការចងសម្ព័ន្ធភាពជាមួយគណបក្ស Podemos និងក្រុមតូចៗដូចជាគណបក្សបំបែកខ្លួនកាតាឡានជាដើមដូចដែលលោកបានធ្វើកាលពី១០ខែមុន។
លោកក៏អាចព្យាយាមចងសម្ព័ន្ធជាមួយគណបក្ស Ciudadanos ផងដែរដែលទទួលបាន៥៧អាសនៈ។ ជាមួយគ្នា ពួកគេនឹងបង្កើតបានសំឡេងភាគច្រើនដាច់ខាតប៉ុន្តែអ្នកបោះឆ្នោតមកពីគណបក្សទាំងពីរទំនងជានឹងខឹងសម្បាចំពោះទង្វើបែបនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments