Ad Code

លោក​យាយ​ម្នាក់​ ប្តឹង​អ្នកលក់​ទា​អាំង​ម្នាក់​ ថា​បាន​ល្បួង​ចៅស្រី​របស់​គាត់​យក​ទៅ​រំលោភ



ភ្នំពេញ​ ៖ ​អ្នក​លក់​ទា​អាំង​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​ ទៅ​តាម​ពាក្យបណ្ដឹង​របស់​លោក​យាយ​ម្នាក់ ​ដែល​ចោទ​ថា ​យុវជន​ជា​អ្នកលក់​ទា​​អាំង​រូប​នោះ បាន​ល្បួង​ចៅស្រី​របស់គាត់​ដែលជា​អនីតិជន ​ក្រោម​អាយុ​១៥​ឆ្នាំ ​យក​មក​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ពុធ ៥​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧និង​៥០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន ​អាយុ​ក្រោម​១៥​ឆ្នាំ នៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ​៤៧​អឺ​០​ហ្សិត ផ្លូវ​លេខ​៧៥ ភូមិ​៩ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១។

​អត្តសញ្ញាណ​ជនសង្ស័យ​ ឈ្មោះ ថន វិចិត្រ ហៅ​ចិត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ លក់​ទា​អាំង ស្នាក់នៅ​បន្ទប់​ជួល​ផ្ទះ​លេខ​៤៧​អឺ​០​ហ្សិត ផ្លូវ​លេខ​៧៥ ភូមិ​៩ សង្កាត់​ស្រះចក ខណ្ឌ​​ដូនពេញ​រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​ ជនរងគ្រោះ​ឈ្មោះ​ ប្រ ច ព ហៅ ព ភេទ​ស្រី អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១៤ ផ្លូវ​រថភ្លើង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ (​ត្រូវជា​ចៅស្រី​បង្កើត​របស់ ​ឈ្មោះ ឃ អ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជន​ជាតិខ្មែរ​)​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា​ ដំណើរ​រឿងហេតុ​នោះ គឺ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨ និង​៣០​នាទី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បានទទួល​ពាក្យបណ្ដឹង​ពី ​ឈ្មោះ ឃឹម អែម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ​បាន​ប្តឹង​ពី​ជន​សង្ស័យ ​ឈ្មោះ ថន វិចិត្រ ហៅ​ចិត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ពីបទ​យក​ចៅស្រី​របស់​គាត់​ឈ្មោះ ប្រ ច ព ហៅ ​ព ទៅ​រួមភេទ​។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក បានធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៥០​នាទី ក៏​ឃើញ​ជនសង្ស័យ​ ឈ្មោះ ថន វិចិត្រ ហៅ​ចិត្រ នៅ​ចំណុច​ផ្លូវ​លេខ​៧៥ ក្រុម​១១៩ ភូមិ​៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន នាំមក​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ចក​ដើម្បី​ធ្វើការ​សាកសួរ​។

​សមត្ថកិច្ច​បញ្ជាក់ថា​ ក្រោយពី​ការសាកសួរ​ ជនសង្ស័យ​ឈ្មោះ ថន វិចិត្រ ហៅ​ចិត្រ សារភាព​ថា ​ខ្លួន​ពិតជា​បានរួម​ភេទ​ជាមួយ​ជនរងគ្រោះ​ ឈ្មោះ ប្រ ច ព ហៅ​ ព បានសម្រេច​ កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន​ ជនសង្ស័យ ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu