Ad Code

បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ ស្ដីពី​ផែនការ ​និង​ទ្រឹស្ដី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូបង្វឹក​ជម្រើសជាតិ



លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​លោក​បណ្ឌិត​សភាចា​រ្យ​ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្តាល ស្ដីពី​ការរៀបចំ​ផែនការ និង​ទ្រឹស្ដី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូបង្វឹក គ្រូ​ជំនួយ គ្រូ​ជម្រើសជាតិ និង​ក្រុម​ថ្នាល ដើម្បី​ពង្រឹងសមត្ថភាព​ដល់​គ្រូបង្វឹក គ្រូ​ជំនួយ​សរុប​ចំនួន ១៦៥​នាក់ មកពី​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៤ និង​គ្រូបង្វឹក​ជនពិការ​ចំនួន ១០​នាក់ ដែល​បាន​ដំណើរការ​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។​

លោក​ប៊ូ ជុំ​សេរី បាន​ផ្ដាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ ជា​សិក្ខាកាម​ថា ចូរ​យក​ចំណេះដឹង បច្ចេកទេស​ថ្មីៗ ដែល​ទទួលបាន​ពី​ការបណ្ដុះបណ្ដាល​ក្នុង​រយៈពេល​៣​ថ្ងៃ ពី​អ្នកជំនាញ​ទាំង​៦​រូប ដែល​បានផ្ដល់​ទាំង​បច្ចេកទេស ទ្រឹស្ដី និង​របៀប​រៀបចំ​ផែនការ សូម​ធ្វើយ៉ាងណា យកទៅអនុវត្ត​ឲ្យ​អស់​លទ្ធភាព ចំ​ទិសដៅ​ និង​ប្រកបដោយ​គុណ​ផល​ខ្ពស់ ជាមួយនឹង​កីឡាករ កីឡាការិនី​របស់​យើង ក្នុង​ដំណើរ​ត្រៀម​ឈាន​ឆ្ពោះទៅ​ដណ្ដើមយក​មេដាយ ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន និង​ការប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​នានា ប្រកបដោយ​ជោគជ័យ​និង​ជៀស​ឲ្យ​ផុតពី​ការ​ប្រើប្រាស់​សារធាតុ​ញៀន បើ​ឈ្នះៗ​ដោយ​កិត្តិយស​។​

វគ្គ​បណ្ដុះបណ្ដាល​ស្តីពី « ផែនការ​ និង​ទ្រឹស្ដី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូបង្វឹក​ជម្រើសជាតិ » ដើម្បី​បណ្តុះ​បណ្តាល​បច្ចេកទេស និង ពង្រឹងគុណភាព បង្វឹក ដល់​គ្រូបង្វឹក និង គ្រូ​ជំនួយ ជម្រើសជាតិ។

សិក្ខាកាម​ជា​គ្រូបង្វឹក និង គ្រូ​ជំនួយ គ្រូ​ជម្រើសជាតិ​ចំនួន​១៦៥​រូប​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​អ្នកជំនាញ​ចំនួន៦រូប ពី បច្ចេកទេស ទ្រឹស្តី និង របៀប​ធ្វើ​ផែនការ​បង្វឹក​កីឡាករ​ជម្រើសជាតិ។

អ្នកជំនាញ​ទាំង៦រូបនោះ គឺ​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ចែក​រំលែក​ពី គ្រូបង្វឹក និង ការអភិវឌ្ឍ​គុណ​ផល , លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បង្ហាញ​ពី​របៀប​ធ្វើ​ផែនការ និង វិធីសាស្ត្រ ហ្វឹកហាត់​កីឡា​កម្រិត​ខ្ពស់ , លោក​វេជ្ជបណ្ឌិត ស្តើង ជា ធ្វើ​បទ​ឧទ្ទេសនាម​ពី​របប​អាហារ និង ភេសជ្ជៈ សម្រាប់​អត្ត​ព​លិ​ក , លោក ព្រំ វណ្ណា រឿន ពី​ការប្រឆាំង​សារធាតុ​ដូ​ប៉ា តាម​អន​ឡាញ , លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញ​ពី​ផែនការ​ហាត់ ហ្វឹកហ្វឺន និង លោក រ៉ា​ម៉ា បង្ហាញ ពី​ការប្រើប្រាស់​ឧបករណ៍​ហ្វឹកហាត់​ជំនួយ​សាច់ដុំ។​

​សិក្ខាសាលា ស្តីពី « ផែនការ និង ទ្រឹស្តី ហាត់ ហ្វឹកហ្វឺន របស់​គ្រូ​ជម្រើសជាតិ » នេះ គឺ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្វឹក និង កីឡាករ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ASEAN Game s ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​ផងដែរ ។​

លោក ប៉ុន សុខ ដែលជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បានចាត់ទុក ការធ្វើផែនការ​ល្អ ជា​បច្ច័យ​ដ៏​សំខាន់ ក្នុងការ​រួមចំណែក​ឲ្យ​ការហ្វឹកហាត់ មាន​ប្រសិទ្ធភាព​ និង​គុណភាព​ផង រីកចម្រើន​ផង។

លោក ប៉ុន សុខ ​បញ្ជាក់ថា ការហ្វឹកហាត់ របស់​ក្រុម​កីឡាករ​ជម្រើសជាតិ និង ថ្នាល ត្រូវ​ធ្វើតាម​លក្ខណៈ បច្ចេកទេស មានន័យថា មាន​ផែន​ការល្អ ហើយ​ត្រូវអនុវត្ត​ផែនការ​នោះ ឲ្យ​បាន ត្រឹមត្រូវ​ទៀត ទើប​ធ្វើ ឲ្យ​ការហ្វឹកហាត់ និង ការបង្ហាត់ ទទួលបាន​លទ្ធផល ល្អ និង គុណ​ផល កើនឡើង។ វគ្គ​នេះ យើង​រៀបចំ ដើម្បី​ត្រៀម​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣០ នៅ​ហ្វីលីពីន ពិសេស​ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu