Ad Code

តំណាង​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា ​កម្ពុជា​នឹង​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​តាម​ផែនការ​គ្រោងទុក



ភ្នំពេញ​ ៖​ លោក​វេជ្ជបណ្ឌិត តាក់កេ​ស៊ី កា​សៃ នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា​នឹង​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​តាម​ផែនការ​គ្រោងទុក​ដោយសារ​តែកម្ពុជា​បានសម្រេច​បានជា​លើកដំបូង គឺ គ្មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០១៨ និង​បាន​កាត់បន្ថយ​ករណី​ជំងឺគ្រុនចាញ់​សរុប​ចំនួន ៤២% នៅ​ចន្លោះ​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៦​។

តាមរយៈ​ការ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ លោក​វេជ្ជបណ្ឌិត​បាន​សំដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ក្រសួងសុខាភិបាល ដែល​បាន​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​គួរ​ឲ្យ​កោតសរសើរ​របស់ខ្លួន​លើ​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ហើយ​អង្គការ សុខភាព​ពិភពលោក​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​បង្កើត​គោលនយោបាយ និង​ឯកសារ​ណែនាំ​ជា​យុទ្ធសាស្ត្រ​ជំរុញ​ការ​វិនិយោគ និង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​។



ថ្លែង​ក្នុង​ទិវា​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើ​នៅ​ខេត្ត​មណ្ឌល​គី​រី​កាលពីពេល​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិ​បាល លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​«​មាន​វត្តមាន​ខ្ញុំ​នៅទី​នេះ នា​ឱកាស​នេះ ដើម្បី​ធានា​ចំពោះមុខ​អ្នក​ទាំងអស់គ្នា​ថា អង្គការ​សុខភាព​ពិភពលោក​នឹង​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា រូ​ម​ជាមួយ​ដៃគូ​សុខាភិបាល​ទាំងអស់​ក្នុង​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​គ្រប់​ជំហាន​នៅលើ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ការសម្រេច​គោលដៅ​នាពេល​ខាងមុខនេះ​»​។

ចំណែក​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​បន្ដការងារ​កាន់តែ​សកម្ម ដើម្បី​ឈាន​ទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ​ដើម្បី​លើក​កំពស់​សុខុមាលភាព​និង​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី បាន​បន្ដ​ថា «​យើង​ត្រូវ​បន្ត​ការ​ខិតខំ និង​ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត​ថែមទៀត​ក្នុងការ​បង្ការ​ជំងឺគ្រុនចាញ់​ដោយ​ឲ្យ​មាន​ការចែក និង​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ចាត់ទុកថា មុង​គឺជា​អាយុជីវិត​របស់​ខ្លួន ​បើ​ទោះ​បី​ទៅណា គឺ​ត្រូវតែ​សម្រាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ ហើយ​ត្រូវ​ប្រើប្រាស់​មុង​ឲ្យ​បាន​គ្រប់ៗ​គ្នា ជាពិសេស​សម្រាប់​បងប្អូន​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដែល​ទៅ​ធ្វើ​ការ​នៅ​តំបន់​ព្រៃភ្នំ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺគ្រុនចាញ់​។ ប្រសិនបើ​មានការ​សង្ស័យ​កើត​ជំងឺគ្រុនចាញ់ ត្រូវ​ប្រញាប់​ស្វែងរក​សេវា​ធ្វើតេស្ត​ឈាម​នៅ​មូលដ្ឋានសុខា​ភិ​បាល​សាធារណៈ​ឲ្យ​បាន​ឆាប់រហ័ស​ដែល​នៅ​ជិត​បំផុត​តាមរយៈ អ្នកស្ម័គ្រចិត្ត​ភូមិ មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដើម្បី ពិនិត្យ​ព្យាបាល​ជំងឺគ្រុនចាញ់​ទាន់ពេលវេលា »។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ជំងឺគ្រុនចាញ់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ចំណាយ​លុយកាក់ ខាតបង់​ការងារ បាត់បង់​ផលិតភាព និង​អាយុជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការអភិវឌ្ឍន​សង្គម​-​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ទៀត​ផង​។ ដូច្នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទាំងអស់គ្នា លើ​បញ្ហា​ជំងឺគ្រុនចាញ់ ដើម្បី លើក​កំពស់​សុខភាព គុណភាព​នៃ​ការរស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​យើង សមស្រប នឹង​ដំណើរ​វិវត្តន៍ នៃ​សភាពការណ៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុង អភិវឌ្ឍន​តាម​ព្រំដែន និង​អេកូ​ទេសចរ​ធម្មជាតិ​ព្រៃភ្នំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu