Ad Code

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បើក​កិច្ចពិភាក្សា​លើ​របៀបវារៈ​ចំនួន​៤ ទាក់ទង​របប​សន្តិសុខ​សង្គម​



​ភ្នំពេញ ​៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​លើក​ទី​២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​បច្ចេកទេស​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៤​។​

របៀបវារៈ​ចំនួន​៤​នោះ​រួមមាន ទី​១. វឌ្ឍនភាព​ការងារ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៩។ ទី​២. ការរៀបចំ​សេចក្ដីព្រាង​ច្បាប់ ​ស្ដីពី​របប​សន្តិសុខ​សង្គម។ ទី​៣. កម្មវិធី​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ។ ទី​៤. វឌ្ឍនភាព ​នៃ​ការ​អនុវត្ត​ការងារ​ផ្សេងទៀត​។​

សេចក្ដីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​បាន​ឲ្យ​ដឹង​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព បាន​គ្របដណ្ដប់​ប្រជាជន​ចំនួន​២.០២៤.៣៤០​នាក់ ដោយ​រួមបញ្ចូល​ទាំង​កម្មករ និយោជិត អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​។ ក្នុងការ​អនុវត្ត​រប​ប​នេះ ប​.​ស​.​ស​. បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ទូទាំង​២៥​រាជធានី​-​ខេត្ត ចំនួន​១.៣៣៥ (​ក្នុង​នោះ​មាន មន្ទីរពេទ្យ​ថ្នាក់​ជាតិ​៥, មន្ទីរពេទ្យ​បង្អែក​១០៩, មណ្ឌល​សុខភាព​១.១៧៨ និង​គ្លីនិក​ឯកជន ៤៣) ដើម្បី​បង្ខិត​សេវា​ឲ្យ​កាន់តែ កៀក​ដល់​សមាជិក ប​.​ស​.​ស​។ ជាមួយគ្នា​នោះ ប​.​ស​.​ស​. ក៏បាន​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​វិស័យ​ឯកជន​ផង​ដែរ ដោយ​សម្រេច​បាន​ការ​ចុះ​បញ្ជី​សហគ្រាស​ចំនួន​១.៣០៩ ក្នុង​នោះ​មាន​កម្មករ​និយោជិត​ចំនួន ១.៧១២.០៣៤​នាក់​។

ចំណែក​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​សម្រាប់​កម្មការិនី​សម្រាលកូន នៅ​ឆ្នាំ​២០១៨ ប​.​ស​.​ស បាន​ឧបត្ថម្ភ​សាច់ប្រាក់ សម្រាប់​កម្ម​ការី​សម្រាលកូន​មាន​ចំនួន​៦៥.៨៨៤​នាក់ ដែល​មាន​កូន​ចំនួន ៦៥.៩៦៥ នាក់ ។ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្មការិនី​ចំនួន​១៩.១០២​នាក់ ក៏បាន​សម្រាលកូន​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​ដែរ​។​

ទាក់ទង​បញ្ហា​នេះ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក៏បាន​អនុម័ត​ផងដែរ លើ “​សេចក្ដីព្រាងច្បាប់ ​ស្តីពី​របប​សន្តិសុខ​សង្គម​” និង ​បានប្រគល់ ភារកិច្ច​ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​បំពេញ​នីតិវិធី​បន្ត​។ សេចក្ដីព្រាងច្បាប់​នេះ​មាន​គោលដៅ​ចម្បង គឺ​ការដាក់​ឲ្យ​ដំណើរការ​របប​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ ដោយ​រួម​បញ្ចូល​បុគ្គលិក​ធ្វើការ​តាម​ផ្លូវ​អាកាស និង​នាវា​សមុទ្រ​ជាដើម និង​បាន​ធ្វើ​សមាហរណកម្ម​របប​សោធន​សម្រាប់ និយោជិត​ នៃ​វិស័យ​សាធារណៈ​ឲ្យស្ថិតក្នុង​ប្រព័ន្ធ​តែមួយ​។

សេចក្ដីព្រាងច្បាប់​នេះ ក៏​កំណត់​ផងដែរ នូវ​ក្របខ័ណ្ឌ​អភិបាលកិច្ច​ថ្មី​ដែល​រួមមាន កម្រិត​គោល​នយោ​បាយ កម្រិត និយ័ត​ករ និង​ប្រតិបត្តិ​ករ​ស្របទៅតាម​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥​។​

ដោយឡែក កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ គឺ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​ជាប​ឋ​ម លើ​ស្ត្រី​មាន​ផ្ទៃពោះ នៃ​គ្រួសារ​ក្រីក្រ ដែល​មាន​ប័ណ្ណ​សមធម៌ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្រីក្រ ដែល​កាន់​ប័ណ្ណ Post-ID របស់​ក្រសួងសុខាភិបាល ទោះបីជា​ស្ត្រី​ទាំងនោះ​ជា​កម្មករ​និយោជិត​ក៏ដោយ​។ កម្មវិធី​នេះ​គ្រោង​ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ខែមិថុនា ខាងមុខ​។​

ជាមួយ​លទ្ធផល​ខាងលើនេះ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា និង​សម្រេច​ជា​គោលការណ៍​លើ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្រី​មាន​ផ្ទៃពោះ និង​កុមារ អាយុ​ក្រោម​២​ឆ្នាំ ដែល​ត្រូវ​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌ ​នៃ​ការ​មក​ទទួល​សេវា​សុខភាព​នៅតាម​មូលដ្ឋាន​សុខាភិបាល​ផងដែរ ក្នុង​គោលបំណង​ក្នុងការ​លើកកម្ពស់​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ សំដៅ​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី ។ ការឧបត្ថម្ភ​នេះ ធ្វើ​ឡើងជា​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១, ផ្តល់​ការឧបត្ថម្ភ​ចំនួន​៤០.០០០ រៀល​ក្នុង​១​ដង សម្រាប់​ការ​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​ចំនួន​៤​ដង មុនពេល​សម្រាល​កូន ដំណាក់កាល​ទី​២, ផ្តល់​ការឧបត្ថម្ភ​ចំនួន​២០០.០០០ រៀល​ក្នុង​១​ដង​គត់ នៅពេល​សម្រាលកូន ដំណាក់កាល​ទី​៣, ផ្តល់​ការឧបត្ថម្ភ​ចំនួន​៤០.០០០​រៀល​ក្នុង​១​ដង នៅពេល​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ចំនួន​០៤​ដង និង​ចំនួន​០៦​ដង ចុងក្រោយ សម្រាប់​ការនាំ​កូន​មកចាក់​ថ្នាំ​បង្ការ​ក្នុង​០១​លើកៗ រហូតដល់​អាយុ​២​ឆ្នាំ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក៏បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ក្នុង​ឆ្នាំ​២០១៨ នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥ និង​ទិសដៅ​សម្រាប់​សកម្មភាព​បន្ត ក្នុង​ការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម កម្មវិធី សន្តិសុខ​សង្គម និង​ការ​ធ្វើ​សុ​ខុ​ដុម​នីយកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​គ្រប់គ្រង​ទិន្នន័យ​គាំពារ​សង្គម​ដែល​ត្រូវមាន​សង្គតភាព​ជា​មួយ​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​ជាតិ​។ កិច្ចប្រជុំ ក៏បាន​ពិភាក្សា​អំពី​យន្តការ​ក្នុងការ​សម្របសម្រួល​រ​វាង​រាជ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ គាំពារ​សង្គម និង​ការរៀបចំ​យន្តការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្របខ័ណ្ឌ​ជាតិ​គាំពារ​សង្គម ក៏​ដូចជា​បានកំណត់​នូវ​ផែនការ សកម្មភាព​ដែល​ត្រូវ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០១៩-២០២០​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu