Ad Code

គ​ធ​.​ខ​ប ទទួល​ពាក្យ​បណ្តឹង​តវ៉ា​ចំនួន​១ ក្រោយ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​



​ភ្នំពេញ ​៖ គិត​ត្រឹម​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ពុំ​បានទទួល​ពាក្យបណ្ដឹង​ជំទាស់​ឡើយ ប៉ុន្តែ​ទទួល​ពាក្យបណ្ដឹង​តវ៉ា​ចំនួន​១​បណ្ដឹង នេះ​បើតាម​ការបញ្ជាក់​ពី គ​.​ជ​.​ប ហើយ​បណ្ដឹង​តវ៉ា​នោះ គឺ​ជា​បណ្តឹងសុំ​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត ស្ថិតក្នុង​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) កំពុង​ដោះស្រាយ​។​

ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​ទៅនឹង​បញ្ជី​ឆ្នោត​ដំបូង មាន​រយៈពេល​១៩​ថ្ងៃ (​លើកលែង​ថ្ងៃបុណ្យ​ផ្លូវការ​១​ថ្ងៃ​) ចាប់ពី​ថ្ងៃទី​២២ ខែមេសា ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ ដំណាក់កាល​នីមួយៗ​នៃ​បណ្តឹង​រួមមាន ទី​១- ការ​ប្តឹងទៅ គ​ធ​.​ខ​ប ក្នុង​រយៈពេល​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ទី​២- ការដោះស្រាយ​ពាក្យបណ្តឹង​ដោយ គ​ធ​.​ខ​ប ក្នុង​រយៈពេល ៣​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ប្តឹង ចាប់ពី​ថ្ងៃទី​២៧ ដល់ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ទី​៣- ការ​ប្តឹងទៅ គ​.​ជ​.​ប ក្នុង​រយៈពេល ៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ គ​ធ​.​ខ​ប បដិសេធ (​ឈប់​បុណ្យ ១​ថ្ងៃ​) ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩ ទី​៤- ការដោះស្រាយ​ពាក្យ​បណ្តឹង​ដោយ គ​.​ជ​.​ប ក្នុង​រយៈពេល ៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ប្តឹង ចាប់ពី​ថ្ងៃទី​៦ ដល់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​។

សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ គ​.​ជ​.​ប បាន​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ព្រមៗ​គ្នា​នៅ​ទូទាំងប្រទេស តាម​លេខាធិការដ្ឋាន​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត និង​នៅ​ទីកន្លែង​ប្រជុំ​ជន​ចំនួន​៣ ទីតាំង​ផ្សេងគ្នា​ក្នុង​រាជធានី ខេត្ត នីមួយៗ​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​៣០១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​លោក ឌុ​ច សុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់បាន​អះអាងថា ជន​ណាក៏ដោយ ឬ​តំណាង មាន​សិទ្ធិ​ប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​ទៅ គ​ធ​.​ខ​ប ឬ គ​.​ជ​.​ប ហើយ​ពាក្យបណ្ដឹង​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្សរ ប៉ុន្តែ​ពាក្យបណ្ដឹង​អនាមិក​ពុំ​ត្រូវបាន​ចាត់ទុកជា​ពាក្យ​ប្ដឹង​ស្របច្បាប់ និង​មិន​ត្រូវ​លើក​យក​មក​ដោះស្រាយ​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu