Ad Code

អាជ្ញាធរ​ក្រុង​ព្រះសីហនុ ​នៅតែ​បន្ត​ ចុះ​រឹត​បន្តឹង​សណ្ដាប់ធ្នាប់ និង​ច្បាប់​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ



ព្រះសីហនុ​ ៖​ ការ​កកស្ទះ​ចរាចរណ៍ ​ត្រូវ​បាន​មើល​ឃើញ​ថា​ កើត​មាន​ស្ទើរ​រាល់​ថ្ងៃ កត្តា​ទាំង​អស់​នេះ​គឺ​បណ្ដាល មក​ពី​​អ្នក​បើកបរ​ភាគ​ច្រើន​មិន​គោរព​ច្បាប់​រួម​ផ្សំ ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ ខ្វះ​ការ​យល់​ដឹង​សាងសង់​តូប​លក់ដូរ​លយ លើ​ផ្លូវ​សាធារណៈ​ចត​រថយន្ត​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​ផង​នោះ ជាហេតុ​ធ្វើ​ឲ្យ ​ការ​កកស្ទះ​ចរាចរណ៍​ និង​គ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​ជា​ប្រចាំ។

លោក មន្ត្រី​សាលា ក្រុងព្រះសីហនុ ជុំវិញ​បញ្ហា​នេះ លោក​បាន​ធ្វើការ​បញ្ជាក់​ថា​ ជា​រៀងរាល់​ថ្ងៃ​កម្លាំង​ចម្រុះ រួម​នឹង​កម្លាំង​ប្រជា​ការពារ​របស់​ក្រុង​ តែង​នឹង​សមត្ថកិច្ច​ ប៉ូលិស ​ចរាចរណ៍​ តែងតែ​ចុះ​ធ្វើការ​ អប់រំ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាប់​ដង​ផ្លូវ​សាធារណៈ​ប្រកប​អាជីវកម្ម​លក់ដូរ ក៏​ដូច​ការ​ចត​រថយន្ត ម៉ូតូ លើ​ចិញ្ចឹម​ផ្លូវ​សាធារណៈ​ជាដើម ក្នុង​គោលបំណង ធ្វើ​យ៉ាង​ណា​កាត់បន្ថយ ការ​កកស្ទះ​ចរាចរណ៍​ ខណៈ​ពេល​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន ​មាន​ការ​កើន​ឡើង ​យានយន្ត​គ្រប់​ប្រភេទ យ៉ាង គំហុក​គួរ​ឲ្យ​កត់សម្គាល់។ ជាមួយ​នឹង​វិធានការ​ចុះ​អប់រំ​នេះ រដ្ឋបាល​ក្រុង​ក៏បាន​ប្រើប្រាស់ វិធានការ​ក្តៅ ផង​ដែរ ចំពោះ​បុគ្គល​ណា ដែល​នៅតែ​រឹងទទឹង យក​រថយន្ត ឬ​ម៉ូតូ​ចត់​លើ​ដង​ផ្លូវ​សាធារណៈ​បង្ក​ការ​កកស្ទះ ចរាចរណ៍ គឺ​កម្លាំង​ចម្រុះ​របស់​រដ្ឋបាល​ក្រុង និង​ចាប់​យក​ម៉ូតូ និង​រថយន្ត នោះ ទៅ​រក្សាទុក​នៅ​សាលា​ក្រុង​ចំនួន​១០​ថ្ងៃ ជា​កំណត់ និង​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំង​នោះ​ ធ្វើ​កិច្ចសន្យា​ច្បាស់លាស់​ឈប់​ប្រព្រឹត្ត​បែប​នេះ​តទៅទៀត ទើប​អនុញ្ញាត​ ឲ្យ​រថយន្ត ឬ​ម៉ូតូ​ត្រឡប់​មកវិញ ដោយ​គ្មាន​ការ ផាកពិន័យ ឬ បង់លុយ អ្វី​ទាំងអស់ ចំណែក​បងប្អូន​អាជីវករ ដែល​លក់​លើ​ដី​ផ្លូវ​សាធារណៈ​ក៏​ដូចគ្នា គឺ​បើ​គាត់ មិន​ព្រម អនុវត្ត​​​តាម ​ការណែនាំ​របស់​មន្ត្រី​សាលាក្រុង ​ដែល​​​រៀបចំ សណ្ដាប់ធ្នាប់​ទេ​នោះ រដ្ឋបាល​ក្រុង​នឹង​ធ្វើការ​រុះរើ ​និង​រឹបអូស​សម្ភារៈ លក់ដូរ យក​ទៅ​រក្សាទុក​នៅ​សាល​ក្រុង ដោយ​គ្មាន​ការយោគយល់​នោះ​ឡើយ ហើយ​រហូត មកដល់ពេលនេះ រដ្ឋបាល​ក្រុង​បាន ធ្វើ​ការ​ចាប់​រថយន្ត ​និង​ម៉ូតូ ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ បាន​ចំនួន​រាប់​រយ គ្រឿង​មក​ហើយ​ យក​​ទៅ​រក្សាទុក និង​ធ្វើ​ការណែនាំ​ ប៉ុន្តែ​តាម​ការ​កត់សម្គាល់​បញ្ហា​​នេះ​ នៅតែ​កើតមាន​ជា​ហូរហែ ដូចជា​មិន​ចេះ​ចប់​សោះ ជាពិសេស គឺ​រថយន្ត​របស់​ជនជាតិ​ចិន​តែ​ម្ដង ដោយ​ពួកគេ​បើកបរ ក៏ដូចជា​ការ​ចត​រថយន្ត មិន​គោរព​ច្បាប់​ចរាចរណ៍​អ្វី​នោះ​ឡើយ ទង្វើ​នេះ​ជា​ភាព​ស្មុគស្មាញ​បំផុត សម្រាប់​ការអនុវត្ត​​​ច្បាប់។

លោក​ឧត្ដមសេនីយ៍ត្រី អ៊ី​សុខា ស្នងការ​រង ទទួលបន្ទុក ផែន​សណ្ដាប់ធ្នាប់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា កត្តា​កកស្ទះ ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ គឺ​បណ្ដាលមកពី កត្តា​ផ្លូវ កត្តា​យានយន្ត​មានការ​កើន​ឡើង​ច្រើន និង​កត្តា​ មនុស្ស​មិន​គោរព​យក​យល់​និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ គួបផ្សំ​នឹង​ការ​ចត​រថយន្ត ​និង​ម៉ូតូ​ក៏​ដូចជា​ការ​លក់ដូរ លើ​ចិញ្ចើម ផ្លូវ ផង​នោះ​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ។ ​លោក​បាន​បន្ថែម​ទៀត​ថា កត្តា​ផ្លូវ ​កត្តា​យានយន្ត​មានការ​កើន​ឡើង​គឺ​ដោយសារតែ ខេត្ត​ព្រះសីហនុ កំពុង​មាន​ការ​អភិវឌ្ឍ​​ រីកចម្រើន លើ​គ្រប់​វិស័យ ដូចនេះ​លោក​សំណូមពរ​ ទៅដល់​បងប្អូន ​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ ដោយ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ ​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា និង​កុំ​នា​គ្នា ចត​រថយន្ត​ឬ​ម៉ូតូ លើ​ចិញ្ចើម​ផ្លូវ​ ទើប​កាត់​បន្ថយ នៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍​បាន។

លោក​យន្ត​មីន អភិបាល​នៃ​គណៈ​អភិបាល​ ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​លើក​ឡើង​ឲ្យ​ដឹង​នា ពេល​កន្លង​មក​ផង​ដែរ​ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត បាន​និង​កំពុង​ យកចិត្តទុកដាក់ ក្នុង​ការ​កសាង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​និង កាត់បន្ថយ​ការ​កកស្ទះ​បណ្ដាល មកពី​កត្តា។

លោក​អភិបាល ក៏បាន​បញ្ជាក់​បន្ថែម​ថា ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន កំណើន​យានយន្ត មានការ កើន​ឡើង​ច្រើន ការ​កសាង​អភិវឌ្ឍ ក៏​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង គឺ​ដោយសារតែ​ប្រទេសជាតិ​មាន សុខ​សន្តិភាព មាន​ស្ថិរភាព​នយោបាយ​ពេញលេញ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ។ រដ្ឋបាល​ខេត្ត​ បាន​និង​កំពុង ​កសាង​ជួសជុល​ពង្រីក​បន្ថែម​ផ្លូវ​ជាច្រើន​ខ្សែ ដើម្បី​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​​របស់​ខេត្ត​នា​ពេល​បច្ចុប្បន្ន នឹង​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu