Ad Code

សម្ដេច​តេ​ជោ ហ៊ុន សែន ​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ចេញ​ទៅ​ទីក្រុង​ប៉េកាំង​ ដើម្បី​ចូលរួម​វេទិកា​«​ខ្សែក្រវាត់ និង​ផ្លូវ​»​លើក​ទី​២



ភ្នំពេញ ​៖​ តប​តាម​ការ​អញ្ជើញ​របស់​លោក ស៊ី ជីន​ពីង​ ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ រួម​នឹង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត។

សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ នឹង​ចំណាយ​ពេល​៥​ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ និង​កិច្ចប្រជុំ​សំខាន់ៗ​ដទៃ​ទៀត​នេះ។

យោង​តាម​ក្រសួងការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យប្រជុំ​ជាន់ខ្ពស់ ​នៃ​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើក​ទី​២ នៅ​ថ្ងៃទី​២៦​មេសា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា ពី​មូលបទ​របស់​វេទិកា «​កិច្ច​សហ​ប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​ ៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ នៅ​ថ្ងៃ​បន្ទាប់​នៅ​ក្នុង​សម័យប្រជុំ​តុ​មូល​របស់​​ថ្នាក់ដឹកនាំ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចែក​រំលែក​ទស្សនវិស័យ​លើ​មូលបទ «​ការ​ជំរុញ​ការ​តភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន»។

ក្រសួងការបរទេស​បន្ថែម​ថា បន្ទាប់ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ផ្សេងទៀត នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០១៩ ដែល​នៅ​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល នឹង​សម្ពោធ​ពន្លា​ជាតិ​របស់​កម្ពុជា។

ប្រភព​បន្តថា ក្នុងកំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​, លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង​, លោក វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនិស្ត​ចិន។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏​នឹង​ជួប​ជាមួយ លោក លី យ៉ុង អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការ​សហប្រជាជាតិ ព្រមទាំង​ទទួល​ការ​ចូល​ជួប​សម្ដែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន។

បើ​តាម​ក្រសួងការបរទេស​កម្ពុជា ក្នុង​កំឡុង​ពេល ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មានការ​រំពឹង​ថា នឹងមាន​ការ​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ​ស្ដីពី​ជំនួយ​របស់​ចិន ព្រមទាំង​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​នា​នា​ផងដែរ​។ លើសពីនេះទៅទៀត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​និស្សិត និង​សាស្ត្រាចារ្យ នៅ​សកល​វិទ្យាល័យ​ប៉េកាំង។

ក្នុងឱកាស​ដ៏​ឧត្តុង្គ​ឧត្ដម​នោះ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ទទួល​បាន​នូវ​ការ​ប្រគល់​គោរមងារ «​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​» ពី​សាកលវិទ្យាល័យ​ប៉េកាំង​ផង​ដែរ​។​

ឥស្សរជន​ដែល​អញ្ជើញ​អមដំណើរ​ សម្ដេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នាឱកាស​នេះ រួម​មាន​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​សុខាភិបាល​, លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ និង​សមាជិក​ជាន់ខ្ពស់​ នៃ​រាជរដ្ឋារី​ពាណិជ្ជកម្ម​, លោក ម៉ម ប៊ុនភិបាល ​កម្ពុជា​ផ្សេងទៀត និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។​

សូម​បញ្ជាក់​ថា គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់ និង​ផ្លូវ​» គឺជា​ផែនការ​ប្រកបដោយ​មហិច្ឆតា​របស់ លោក ស៊ី ជិន​ពីង ស្តីពី​ការបង្កើត​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំធេង​មួយ ក្រោម​ទិសដៅ​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និង​ អា​ហ្រិ្វ​ក តាមរយៈ​ផ្លូវគោក​ និង​ផ្លូវទឹក​។ ចិន បាន​ចាត់​ទុក​គម្រោង​នេះ​ប្រៀបដូចជា​ការបង្កើត​វិថី​សូត្រ​ថ្មី​របស់ខ្លួន​។ លោក ស៊ី ជិន​ពីង បាន​ប្រកាស​ពី​គម្រោង​យុទ្ធសាស្ត្រ​នេះ​ជា​លើក​ដំបូង ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ប្រទេស​កាហ្សាក់ស្ថាន និង​ ឥណ្ឌូណេស៊ី កាលពី​ឆ្នាំ​២០១៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu