បាត់ដំបង ៖ កុមារា កុមារី តូចៗពីរនាក់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត នៅក្នុងស្រះទឹក ខណៈដែលម្តាយសម្រាកលក់មួយភាំង មិនដឹងថាកូនៗដឹកដៃគ្នាចុះក្នុងស្រះ។
ករណីក្មេងលង់ទឹកនេះបានកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី រសៀល នៅត្រង់ចំណុច បឹងតាលី ដែលមានចម្ងាយពីភូមិប្រមាណជាង៥គីឡូមែត្រ ក្នុងក្រុមទី៧ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា គ្រួសារនេះ គឺប្រីបានចេញទៅធ្វើការនៅខេត្តសៀមរាប ដោយទុកឲ្យប្រពន្ធរស់នៅ និងធ្វើស្រែចម្ការនៅចំណុចខាងលើ ព្រមទាំងបានសង់ជាកូនខ្ទមនៅទីនោះតែម្តង។
នៅមុនពេលកើតហេតុ ដោយសារអស់កម្លាំងពេក ទើបស្ត្រីជាម្តាយបានសម្រាកលក់តែម្តង លុះដឹងខ្លួនឡើង ក៏ស្រាប់តែបាត់កូនទាំងពីរ ទើបដើររក ក៏បានប្រទះឃើញកូនៗបានលង់ទឹកស្រះដែលនៅក្បែរផ្ទះស្លាប់បាត់ទៅហើយ ទើបមានការឆោឡោឡើង។
សពនេះ គឺកូនច្បងមាន ឈ្មោះ និត រក្សា ភេទស្រី អាយុ៣ឆ្នាំ ឯកូនប្អូនមាន ឈ្មោះ និត សំណាង ភេទប្រុស អាយុ១៦ខែ ដោយបច្ចុប្បន្ន សពកុមារទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕
Source: Kampuchea Thmey Daily
0 Comments