កំពង់ចាម ៖ នាយផ្នែកប្រឆាំងគ្រឿងញៀន នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានចុះបង្ក្រាបគ្រឿងញៀន ហើយត្រូវជនសង្ស័យចាក់បណ្តាលអោយរងរបួសស្រាល តែជនសង្ស័យត្រូវសមត្ថកិច្ចបង្ក្រាបបាននៅកន្លែងកើតហេតុ និងបានដកហូតវត្ថុតាងយកមកអធិការដ្ឋានដើម្បី បំពេញសំណុំបែបបទតាមនីតិវិធី។
ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី28 ខែមេសា ឆ្នាំ 2019វេលាម៉ោង13 និង20នាទី កម្លាំងសមត្ថកិច្ច នគរបាលស្រុកព្រៃឈរ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចវាលស្រែ ភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងខណៈនោះមានជនសង្ស័យឈ្មោះស៊ូនចន្ធា ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ជាមុខសញ្ញាជួញដូរគ្រឿងញៀន បានយកកាំបិតចុងស្រួចចាក់ទៅលើសមត្ថកិច្ចឈ្មោះ អ៊ាមសុគីម ភេទប្រុស អាយុ50ឆ្នាំ ជានាយផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ហើយជនសង្ស័យខាងលើក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវសមត្ថកិច្ចចាប់ខ្លួន។
បន្ទាប់មក កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជនសង្ស័យ និងហូតបាននូវសារធាតុញៀនចំនួន 5កញ្ចប់តូច និងកាំបិតចុងស្រួចចំនួន1។
ជនសង្ស័យត្រូវបានជំនាញគ្រឿងញៀនឃាត់ខ្លួនចាត់ការតាមច្បាប់ និងស្រាវជ្រាវស៊ើបអង្កេតកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments