ភ្នំពេញ ៖ មុខសញ្ញាជំនាញខាងលួច ឆក់ និងប្លន់ជនបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាល១ នៃអធិការនគរបាលខណ្ឌដូនពេញឃាត់ខ្លួនទាន់ពេល ខណៈដែលធ្វើសកម្មភាពកាប់ប្លន់យកកាបូបលុយរបស់បុរសជនជាតិឥណ្ឌាម្នាក់បានសម្រេចហើយ តែរត់មិនរួច។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(យកដាវកែច្នៃកាប់គំរាមប្លន់យកកាបូបស្ពាយ)នោះ នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០និង៤៥នាទី ដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា(ប្រើដាវកែច្នៃគំរាមប្លន់យកកាបូបស្ពាយ) នៅចំណុចលើថ្មម៉ាប មាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិភូមិទី០៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ សៀង គឹមហៀង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ត្រូវបានដកហូតវត្ថុតាងរួមមានកាបូបស្ពាយពណ៌ត្នោតមួយ ក្នុងនោះមានលុយដុល្លារចំនួន៥ដុល្លារ លិខិតឆ្លងដែនចំនួន០២ក្បាលដែលមានលេខ(៥៣៣៧៤៦១៤៩#៨២៨២៦៧៨)(បានប្រគល់ឲ្យជនរងគ្រោះវិញ)។
ជនរងគ្រោះ ឈ្មោះKamath subash Ravalnath ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខJ៦១០៥២៨១ មុខរបរទេសចរណ៍ ស្នាក់នៅHotel Hamani បន្ទប់លេខ៩០៨ ជាន់មានទីតាំងផ្ទះលេខ២៥ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
សមត្ថកិច្ចបន្តថា ដំណើររឿងហេតុនោះ គឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០និង៤៥នាទី មុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយលេងលើថ្មម៉ាប មាត់ទន្លេ ដោយកាន់កាបូបស្ពាយពណ៌ត្នោត ដាក់លើភ្លៅខាងឆ្វេង ពេលនោះស្រាប់តែមានជនសង្ស័យចំនួន០១នាក់ ដើរមកក្បែរពីក្រោយជនរងគ្រោះ ហើយជនសង្ស័យ ធ្វើសកម្មភាពលួចយកកាបូបស្ពាយពីដៃជនរងគ្រោះបានសម្រេចរត់គេចខ្លួន ពេលនោះ ជនរងគ្រោះ ក៏បានរត់តាមស្រែកឆោឡោដេញតាមជនសង្ស័យពីក្រោយ។ ពេលនោះដែរ ជនសង្ស័យបានយកដាវកែច្នៃកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ភ្លាមៗនោះ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដែលកំពុងល្បាតឃើញ បានអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាងកាបូបស្ពាយរបស់ជនរងគ្រោះ និងដាវកែច្នៃរបស់ជនសង្ស័យយកមកទីស្នាក់ការប៉ុស្តិ៍ផ្សារកណ្តាលទី១ ធ្វើការសាកសួរ។
ចំពោះមុខ កម្លាំងខណ្ឌប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមក និងបានកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments