Ad Code

សម្ដេច​តេ​ជោ ៖ សេរីភាព​ហួសហេតុ​ទៅលើ​ការប្រើ​អាវុធ ប្រើ​ជាតិ​ផ្ទុះ គឺ​មិនមែនជា​សេរីភាព​សម្រាប់​ក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ទេ



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ថ្កោលទោស​យ៉ាង ដាច់អហង្ការ​ចំពោះ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ស្រីលង្កា​នាពេល​ថ្មីៗ​នេះ​។ ជាមួយនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាស់តឿន​កងកម្លាំង ប្រដាប់អាវុធ​កម្ពុជា​ឲ្យ​យក​បញ្ហា​នៅ​ស្រី​សង្កា​ធ្វើជា​មេរៀន​ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​កាន់តែ​ខ្ពស់​ចំពោះ​សន្តិសុខ​ជាតិ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ថ្កោលទោស​នេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM)​ជាង ២២០០​នាក់​នា​ព្រឹក​ថ្ងៃទី​២៣​ខែមេសា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ។ សម្ដេច​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​ថ្កោលទោស​អំពើ​ភេរវកម្ម​ដែល​បាន​កើតឡើង នៅ​ប្រទេស​ស្រីលង្កា ប៉ុន្តែ​រឿងនេះ​យើង​កំពុងតែ​ពិនិត្យថា​តើ​មាន​ទំនាក់ទំនង​អ្វី​ជាមួយនឹង​ភេរវកម្ម​នៅ​ញូ​វ​ហ្សេ​ឡែ​ន​ឬ​អត់ ? ព្រោះ​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​ញូ​វ​ហ្សេ​ឡែ​ន ក៏មាន​ការវាយប្រហារ​ស្លាប់​មនុស្ស​យ៉ាងច្រើន​ហើយ​ពេលនោះ​វាយ​ចំ​ព្រះវិហារ​សាសនា​ឥស្លាម រីឯ​ការ​វាយ​នៅ​ស្រីលង្កា​វាយ​ទៅលើ​ព្រះវិហារ​សាសនា​គ្រឹ​ស្ត ទាំងអស់​។ អញ្ចឹង​តើ​មាន​ទំនាក់ទំនង​អ្វី​ទេ​? យើង​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ដោយសារ​មិនទាន់​ក្រុម​ណាមួយ​ចេញមុខ​មក​ទទួលខុស​ត្រូវ​ក្នុង ការវាយប្រហារ​គ្រាន់តែ​ឧបករណ៍​បញ្ជា​ឱ្យ​ផ្ទុះ​រកឃើញ​ជាង​៨០​គ្រឿង​ឯណោះ​ជា​ចំនួន​មួយ​មិនតូច​ទេ​ដែល​ពួក​ភេរវកម្ម​ធ្វើ​សកម្មភាព​វាយប្រហារ​»​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​បទពិសោធន៍​នៅ​ស្រីលង្កា និង​នៅ​ញូ​វ​ហ្សេ​ឡែ​ន​ក៏បានផ្តល់​មេរៀន​កាន់តែច្រើន​សម្រាប់​កម្ពុជា​យើង​ថា​ត្រូវ​បន្ត​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ ទៅលើ​ការប្រើប្រាស់​អាវុធជាតិផ្ទុះ សេរីភាព​ហួសហេតុ​ទៅលើ​ការប្រើ​អាវុធ ប្រើ​ជាតិ​ផ្ទុះ គឺ​មិនមែនជា​សេរីភាព​សម្រាប់ ក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ទេ​។ ប្រទេស​ខ្លះ​បាញ់​គ្នា​ស្ទើរ​រាល់​ឆ្នាំ បាញ់​កូនសិស្ស បាញ់​អ្វីៗ​ដោយសារតែ​រឿង​អាវុធ​ហ្នឹង ប៉ុន្តែ​កម្ពុជា​សុំ​តឹងតែង​បន្តិច ហើយ​។ តឹងតែង​ប៉ុណ្ណឹង​ហើយ​គង់​នៅមាន​បញ្ហា​អ្នកខ្លះ​ដក​អាវុធ​ភ្ជង់​គេ គំរាម​គេ​ទៀត​។ ដូចនេះ​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​ពង្រឹង​ការងារ សន្តិសុខ​សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ដោយ​សម្តេច​លើកឡើងថា​ត្រូវ​ចាំ​ពាក្យចាស់​ដែល​បាន​ពោលថា​៖ «​ឃើញ​ទឹក​ស្ងប់ កុំ​គិតថា​ក្នុង​ទឹក​គ្មាន​ត្រី ឬ​គ្មាន​សត្វ​អ​សិរ​ពិស​ឲ្យ​សោះ​»​។​

កាលពី​ថ្ងៃទី​២១ ខែមេសា​ក្រសួងការបរទេស​កម្ពុ​ជា​ក៏​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​អំពើ​ភេរវកម្ម​នេះ​ផងដែរ ដោយបាន​ចាត់ ទុក​ទង្វើ​នេះ​ជាការ​បង្កឱ្យមាន​ការភ័យខ្លាច​និង​ជ្រុលនិយម​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​នេះ​នឹងមិន​ត្រូវ​អត់ឱន​ឱ្យ​ជាដាច់ខាត​។ នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ស្រីលង្កា ជាពិសេស​គ្រួសារ​នៃ​ជនរងគ្រោះ​ដែល​បាន បាត់បង់​ជីវិត នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​មួយ​នេះ​។​

ប៉ូលិស​ស្រីលង្កា​បាន​រកឃើញ​ឧបករណ៍​ចុច​បញ្ជា​ឲ្យ​គ្រាប់បែក​ផ្ទុះ​ជាង ៨០​គ្រឿង​នៅឯ​ចំណតរថយន្ដ​ក្រុង​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង កូឡុំបូ (Colombo) ដែលជា​ទីក្រុង​ធំ​បំផុត​របស់​ស្រីលង្កា​។ ការរកឃើញ​ឧបករណ៍​ចុច​បញ្ជា​បំផ្ទុះ​គ្រាប់បែក​ខាងលើ​កើតមានឡើង​បន្ទាប់ពី​ការ​មានការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ជីវិត​មនុស្ស​៣១០​នាក់​និង​របួស​ជាង​៥០០​នាក់​។​លើសពីនេះទៅទៀត​អាជ្ញាធរ​ស្រីលង្កា​ក៏បាន​ដាក់​នូវ​បម្រាម​គោចរ​ជា​លើក​ទី​២​សម្រាប់​ប្រជាជន​នៅក្នុង​ទីក្រុង Colombo ផងដែរ​ស្របពេល​ប្រធានាធិបតី​លោក​ម៉ៃ​ស្រ៊ីផា​ឡា ស៊ី​រី​សេណា (MaithripalaSirisena) នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ថ្នាក់ជាតិ​។​

សូម​រំលឹក​ជូន​ថា​កាលពី​វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ចំ​ថ្ងៃបុណ្យ​គ្រឹ​ស្ត​សាសនា​Easter Sunday មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​បាន​កើតមានឡើង​នៅ​វិហារ Anthony's Shrine ព្រមទាំង សណ្ឋាគារ​ចំនួន​បី​រួមមាន ស៉ី​ន​ណា​ម៉ុ​ន​ហ្គ្រេ​ន​ដ៍ (Cinnamon Grand), សាំង​គ្រី​ឡា (Shangri-La Hotel), និង​ឃី​ង​ប៊ឺ​រី (The Kingsbury) នៅ​រដ្ឋធានី​កូឡុំបូ (Colombo)​។ ទន្ទឹមគ្នានេះ​គ្រាប់បែក​ក៏បាន​ផ្ទុះ​នៅ​វិហារ​សេ​បា​ស្ទា​ន (St. Sebastian's Church) ក្នុង​ក្រុង​ណេ​ហ្គ​ម​បូ (Negombo) ដែលមាន​ចម្ងាយ ៣៥​គីឡូម៉ែត្រ ភាគ​ខាងជើង​ពី​រដ្ឋធានី Colombo និង​នៅ​វិហារ​ហ្ស៉ី​យ៉ូន (Zion Church) ក្នុង​ក្រុង​បាត់​ធី​ខា​ឡាវ (Batticaloa) ស្ថិតនៅ​ចម្ងាយ​ជាង ៣០០​គីឡូម៉ែត្រ​ពី Colombo នៅឯ​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស ស្រីលង្កា​ផងដែរ​។​

ក្រៅពី​ករណី​ផ្ទុះ​ទាំង​៦​លើក​នេះ​ការផ្ទុះ​គ្រាប់បែក ចំណែក​២​លើក​ទៀត ក៏បាន​កើតមានឡើង​ថែមទៀត នៅ​អំឡុង​រសៀល​ថ្ងៃ​ដដែល ដោយ​ក្នុងនោះ​គឺ​នៅ​សណ្ឋាគារ​មួយកន្លែង​ទៀត ក្នុង​ទីក្រុង ឌេ​ហុ​ី​វ៉ា​ឡា​ឡា​វីន​ផ (Dehiwala-Mount Lavinia) ភាគខាងត្បូង​ទីក្រុង Colombo ព្រមទាំង​នៅ​លំនៅឋាន​ឯកជន​មួយកន្លែង​ក្នុង​តំបន់ ដា​ម៉ា​តា​ហ្គោ​ដា (Damatagoda) នៃ​រដ្ឋធានី Colombo ចំពេល​ប៉ូលិស​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ទាក់ទង​នឹង​ការផ្ទុះ​ដែលជា​លទ្ធផល​បាន​បណ្តាលឱ្យ​មន្ត្រីប៉ូលិស ៣​នាក់​បាត់​បង់ជីវិត​។​

មកទល់នឹង​ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​ខណៈ​ជនសង្ស័យ ២៤​នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​អាជ្ញាធរ​ស្រីលង្កា​ផ្ទាល់​សន្និដ្ឋានថា គម្រោង​វាយប្រហារ​អាចមាន​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ភេរ​វករ​នៅ​បរទេស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu