Ad Code

ក្រសួង​ជំនាញ​ សម្រេច​អនុម័ត​យក​ស្តង់ដារ​ម្ហូបអាហារ​អន្តរជាតិ​មក​ធ្វើជា​ស្តង់ដារ​ជាតិ​ជាង​៣០០​ស្តង់ដារ​រួចហើយ​



ភ្នំពេញ​ ៖ ​លោក កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ថ្លែង​ថា កន្លង​មក​នេះ​ ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ដែល​មាន​លោក​ជា​ប្រធាន​ផ្ទាល់​បានសម្រេច​អនុម័ត​យក​ស្តង់ដារ​ម្ហូបអាហារ​អន្តរជាតិ​មក​ធ្វើជា​ស្តង់ដារ​ជាតិ​ជាង​៣០០​ស្តង់ដារ​រួចហើយ​ផង​ដែរ គឺ​ក្នុង​គោលដៅ​ឲ្យ​ទំនិញ​និង​ផលិតផល​ក្នុង​ស្រុក ក៏ដូចជា​ទំនិញ​នាំចេញ​-​នាំចូល​គោរព​តាម​ស្តង់ដារ​គុណភាព​ត្រឹមត្រូវ។ លោក​ទេសរដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​ ខណៈ​អនុញ្ញាត​អោយ​លោក​អគ្គនាយក​ក្រុមហ៊ុន​Yunnan Yunce Quality Testing Co., Ltd​ចូល​ជួប​ពិភាក្សា​ការងារ​នៅ​ទីស្ដីការក្រសួង​កាលពី​ម្សិលមិញ​នេះ។

គួរ​បញ្ជាក់​ថា មុន​នឹង​មាន​ជំនួប​ពិភាក្សា​នេះ ​កើតឡើង​គឺ​ផ្តើម​ចេញ​ពី​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​របស់​ខាង​ក្រុមហ៊ុន​នោះ ​នៅ​កម្ពុជា កាលពី​ចុង​ឆ្នាំ​២០១៨ ដោយ​បាន​ពិភាក្សា ​និង​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​សៀមរាប និង​បន្ត​មក​នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លងទៅនេះ។

ដំណើរ​ទស្សនកិច្ច​នោះ​ហើយ​ជាហេតុ​បានមក​ពិភាក្សា​ស្វែងយល់​ការងារ​ស្តង់ដារ​នៅ​កម្ពុជា​រួចមក ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ គណៈប្រតិភូ​មកពី​ទីក្រុង យូ​ណាន ប្រទេស​ចិន ដឹកនាំ​ដោយ​លោក Junming Li ជា​វិស្វករ​ជាន់ខ្ពស់ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Yunnan Yunce Quality Testing Co., Ltd​ ក៏ ត្រូវបាន លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អនុញ្ញាត​ទទួល​ជួបពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង​កាលពី​ម្សិលមិញ​នេះ​។​
​ជំនួប​នោះ​ដោយបាន​ផ្ដោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ស្តង់ដារ​រួម​សំខាន់​មួយ​ជាមួយ​កម្ពុជា​។​

ក្នុងជំនួប​នោះដែរ​លោក​អគ្គនាយក Junming Li បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​បាន​មើលឃើញ​ពី​សារៈសំខាន់​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ក្នុងប្រទេស។ លោក​បន្តថា វិស័យ​ស្តង់ដារ ពិតជា​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ត្រួតពិនិត្យ វាយតម្លៃ និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព និង​យ​ថា​ប្រភេទ​សម្រាប់​ទំនិញប្រើប្រាស់​ក្នុងស្រុក ក៏ដូចជា​ទំនិញ និង​ផលិតផល​នាំចេញ​-​នាំចូល ដែល​កំពុងមាន​សកម្ម​ភាព​យ៉ាង​មមាញឹក​នៅ​កម្ពុជា។

លោក អគ្គនាយក​បានបង្ហាញ​នូវ​ជំហរ​ច្បាស់លាស់​មួយ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅលើ​វិស័យនេះ ដែលមាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ជា​សេនាធិការ។ ក្រុមហ៊ុន​របស់​លោកមា​ន​ការប្តេជ្ញា​ខ្ពស់​ក្នុង​កិច្ចសហការ ដើម្បី​បំពេញបន្ថែម​នូវ​អ្វីដែល​ក្រសួង​មានការ​ខ្វះខាត ដូចជា ឧបករណ៍​ពិសោធន៍ អ្នកជំនាញ​បច្ចេកទេស ឬ​ការងារ​បណ្តុះបណ្តាល​ជាដើម។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញ​ទឹកចិត្ត​រីករាយ ពីព្រោះ​អ្វីដែល​ក្រុមហ៊ុន​លើកឡើង​គឺជា​ការ​គិតគូរ​រួចហើយ​របស់​ក្រសួង និង​កំពុង​រង់ចាំ​ដៃគូ​សហការ។ ក្រសួង​បាន​ត្រៀម​រួចហើយ​នូវ​អគារ​មន្ទីរ​ពិសោធន៍ ចំនួន ០៧ ជាន់ ស្ថិតនៅ​សង្កាត់​ចាក់អង្រែ ហើយនឹង​បន្ថែមចំនួន​០៧​ជាន់ ទៀត​នៅពេល​ខាងមុខ។

ជា​មួយគ្នា​នេះ ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ បានសម្រេច​អនុម័ត​យក​ស្តង់ដារ​ម្ហូបអាហារ​អន្តរជាតិ​មក​ធ្វើជា​ស្តង់ដារ​ជាតិ​ជាង​៣០០​ស្តង់ដារ​រួចហើយ​ផង​ដែរ គឺ​ក្នុង​គោលដៅ​ឲ្យ​ទំនិញ​និង​ផលិតផល​ក្នុងស្រុក ក៏ដូចជា​ទំនិញ​នាំចេញ​-​នាំចូល​គោរព​តាម​ស្តង់ដារ​គុណភាព​ត្រឹមត្រូវ។ ជាមួយ​គ្នា​នេះ​ក៏​មាន​គោល​កាណ៍​ដើម្បី​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​ផលិត កម្ម​ថែមទៀត នៅពេលដែល​មន្ត្រី​នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌។ ដូច្នេះ​លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ពិភាក្សា​ការងារ​បច្ចេកទេស​លំអិត​ជាមួយ ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ដើម្បី​ពិនិត្យមើល​នូវ​អ្វីដែល​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​អ្វីដែល​ត្រូវបំពេញ​បន្ថែម ដើម្បី​ឈានទៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នា​ពេល​ឆាប់ៗ​ខាងមុខនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu