Ad Code

ជើង​ខ្លាំង​៤​រូប​ប្រជែង​គ្នា​ដណ្តើម​ពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម



អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​រូប នឹងត្រូវ​ជួបគ្នា​ប្រជែង​ដណ្តើមពាន​អនុស្សាវរីយ៍​បាយ័ន​សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ឆ្នាំ​២០១៩។ អ្នក​ប្រដាល់​ទាំង​៤​រូបនោះ រួមមាន កំពែង ខ្មៅ មកពី​ក្លិប​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម , ហេង សុ​ភ័​ក្រ ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង , ធន អៀង​ឡៃ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ឯម សុធី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ។

ពួកគេ​ទាំង​៤​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៧​មេសា​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ គឺ​កំពែង ខ្មៅ នឹងត្រូវ​ជួប​ជាមួយ​ហេង សុ​ភ័​ក្រ ហើយ ធន អៀង​ឡៃ​អ៊ូច ភា​រិ​ទ្ធ ជួប​ជាមួយ ឯម សុធី ។​

រវាង​អ្នក​ប្រដាល់ កំពែង ខ្មៅ និង ហេង សុ​ភ័​ក្រ ពួកគេ​មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ ពីរ​នាក់​នេះ ពិបាក​ទស្សន៍ទាយ​ណាស់​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ សម្រាប់​ការជួបគ្នា​លើក​នេះ ព្រោះថា​ហេង សុ​ភ័​ក្រ ថ្វីត្បិតតែ​គេ​មាន​ស៊ុ​ហ្វ​ខ្លាំង ប៉ុន្តែ​មិន​ប្រាកដថា​គេ​អាច​យកឈ្នះ​កំពែង ខ្មៅ នោះទេ ព្រោះ​កំពែង ខ្មៅ គេ​ជា​ជើង​ខ្លាំង​និង​មាន​ទិច​និ​ច​ប្រកួត​ល្អ​ជាង ហើយ​មួយទៀត កំពែង ខ្មៅ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​ធំ ស៊ូ​ចំពោះ​ការប្រកួត ។ និយាយ​រួម ហេង សុ​ភ័​ក្រ ពិបាក​ទប់ទល់​ជាមួយ​កំពែង ខ្មៅ ហើយ ។​

ចំពោះ​ធន​អៀង​ឡៃ និង ឯម​សុធី វិញ ពួកគេ​ទាំងពីរ​នេះ ក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក​។ រវាង​ពួកគេ​ពីរ​នាក់​នេះ ឯម​សុធី ទំនងជា​មិនអាច​ឈ្នះ​ធន​អៀង​ឡៃ ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ​។​

ទោះជា​យ៉ាងណា ក្នុងចំណោម​ពួកគេ​៤​នាក់​នេះ គេ​បានកត់សម្គាល់​ឃើញថា កំពែង ខ្មៅ និង ធន អៀង​ឡៃ គេ​មាន​ថ្វីដៃ​ល្អ​ដូចគ្នា ទាំង​បទពិសោធន៍ ទាំង​ក្បាច់គុន ទាំង​កម្លាំង​ស៊ុ​ហ្វ ដែល​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។ តែ​យ៉ាងណាក៏ដោយ គេ​មិនអាច​ទាយ​មុន​បាន​ថា ការប្រកួត​ដណ្តើមពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម​ឆ្នាំ​២០១៩​នេះ មិនដឹងថា​ធ្លាក់​ទៅលើ​នរណា​នោះទេ។

គួរបញ្ជាក់​អោយដឹងថា ការប្រកួត​នេះ​ប្រព្រឹត្ត​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ជ្រុះ​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើង​ខ្លាំង​ម្ចាស់​ពាន​ក្នុងពេល​តែមួយ។

ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។​ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​

ចំពោះ​ការប្រកួត​គូ​ឯក​វិញ​នោះ អេ​លី​ត កែវ ឡុង អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវគេ​ផ្តល់​ឪ​កាស​មួយលើកទៀត អោយ​ជួប​សងសឹក​ជាមួយ​មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

អេ​លី​ត កែវ ឡុង ធ្លាប់​វាយ​ចាញ់​មាឃ វណ្ណា​រ៉ា ២​លើក​មកហើយ ដោយ​លើក​ទី​១ វាយ​ចាញ់​ត្រឹម​ពិន្ទុ ដល់​លើក​ទី​២​គេ​ចាញ់​សន្លប់​ក្នុង​ទឹក​ទី​២​។ ប៉ុន្តែ​យ៉ាងណា រវាង​ពួកគេ​ទាំងពីរ​នាក់​នេះ មាឃ វណ្ណា​រ៉ា គេ​ល្អ​និង​ខ្លាំង​ជាង​អេ​លី​ត​កែវ​ឡុង តែ​មិន​ច្បាស់​ថាវ​ណ្ណា​រ៉ា​ឈ្នះ​កែវ​ឡុង​ទៀត​នោះទេ​។​ដូច្នេះ ចាំមើល ការប្រកួត​លើក​នេះ​តើ​អេ​លី​ត កែវ​ឡុង មានសំណាង​ឈ្នះ​មាឃ វណ្ណា​រ៉ា ឬ​អត់​?៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu