Ad Code

សមាគម​គ្រូពេទ្យ​វះកាត់​កម្ពុជា ​ចុះ​ពិនិត្យ​សុខភាព​ឆ្អឹងខ្នង​ដល់​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​ដោយ​ឥត​គិតថ្លៃ​



ភ្នំពេញ ​៖ ​សមាគម​គ្រូពេទ្យ​វះកាត់​កម្ពុជា ​សហ​ការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​គ្រូពេទ្យ​មកពី​សិង្ហបុរី ​និង​និង​សមាគម​គ្រូពេទ្យ​វះកាត់​ឆ្អឹងខ្នង​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ហៅ​កាត់​ថា​APSS​ កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែមេសា ​ឆ្នាំ​២០១៩​ បាន​ចុះ​ពិនិត្យ​សុខភាព​ឆ្អឹងខ្នង​ ដល់​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​ប្រមាណ​ជាង​៣០០​នាក់​ ដោយ​ឥតគិតថ្លៃ​។​

លោក​វេជ្ជបណ្ឌិត ឈឿន វុ​ឌ្ឍី ប្រធាន​សមាគម​គ្រូពេទ្យ​វះកាត់​កម្ពុជា​ និង​ជា​ប្រធាន​ផ្នែក​វះកាត់​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​មានប្រសាសន៍ថា​ នេះ​គឺជា​លើកដំបូង​ហើយ​ ដែល​ក្រុមគ្រូពេទ្យ​យើង​បាន​ចុះ​ស្រាវជ្រាវ​រក​ជំងឺ​វៀច​ឆ្អឹងខ្នង​នៅតាម​សាលារៀន​ ហើយ​យើង​នឹង​បន្តធ្វើ​នៅ​ទូទាំងប្រទេស​ ហើយ​ចុងក្រោយ​ យើង​នឹង​ពិនិត្យ​មើលជំងឺ​ឆ្អឹងខ្នង​នេះ ​ជាប្រចាំ​ថ្ងៃ​ប្រចាំ​ខែ​ និង​ប្រចាំ​ឆ្នាំ​តែម្តង ​ក្នុង​គោល​បំណង​ ដើម្បី​លើកកម្ពស់​សុខភាព​ដល់​សិស្ស​នៅ​តាម​សាលា​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​ការចុះពិនិត្យ​សុខភាព​ឆ្អឹងខ្នង​ដល់​សិស្សសាលា​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​ដែលមាន​អាយុ​ពី​៩​ ដល់​១៩​ឆ្នាំនេះ​ គឺ​ដើម្បី​ស្វែងរក​ថា​ តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​មាន​ឆ្អឹងខ្នង​វៀច​ ដើម្បី​យើង​អាច​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​ព្រោះថា​កន្លងមក​មាន​មាតាបិតា​មួយចំនួន​បាន​យក​កូន​របស់ខ្លួន​ដែលមាន​ជំងឺ​វៀច​ឆ្អឹងខ្នង​ទៅ​ព្យាបាល​ហាក់ដូចជា ចង់​យឺត​ពេល​ទៅហើយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​រំខាន​ដល់​ការសិក្សា​របស់​ពួកគេ​។​ ដូចនេះ ​គោលបំណង​ធំ​ នៃ​ការចុះពិនិត្យ​នា​ពេលនេះ​ គឺ​ចង់​ឲ្យ​រក​សិស្ស​មាន វៀច​ឆ្អឹងខ្នង​នេះ ​ដើម្បី​ដាក់​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។​

លោក​វេជ្ជបណ្ឌិត​ ឈឿន​ វុ​ឌ្ឍី​ បាន​បន្តទៀតថា ​ការ​វៀច​ឆ្អឹងខ្នង​មាន​មូលហេតុ​ច្រើន​ គឺអាច​បណ្តាល​មកពី​កំណើត ការ​ខ្សោយ​សាច់ដុំ​ទាំងមូល ការ​ពិការ​ចលករ​ខួរក្បាល​ តែ​ភាគច្រើន​ គឺ​ជំងឺ​នេះ​មិន​មាន​រោគសញ្ញា​អ្វី​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នោះទេ ​ដែល​កើត​ទៅលើ​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៩​ដល់​១៣​ឆ្នាំ​ ដែលជា​វ័យ​មានការ​លូតលាស់​ខ្លាំង​។​

លោក​បាន​បន្ថែមទៀតថា​ ការ​វៀច​ឆ្អឹងខ្នង​នេះ ​កើតឡើង​ភាគច្រើន​ទៅលើ​កុមារី​ គឺ​ក្នុងចំណោម​១០​នាក់ ​មាន​៩​នាក់​ ដោយសារ​កត្តា​ហ្សែ​ន​។ ​ដូចនេះ​សូម​មាតាបិតា​ដែលមាន​កូនស្រី​ត្រូវ​យក​ចិត្តទុក​ដាក់ ​និង​នាំទៅ​ពិនិត្យមើល​ឆ្អឹងខ្នង​យ៉ាងហោចណាស់​ឲ្យ​បាន​ម្តង​ក្នុង​១​ឆ្នាំ​ ព្រោះ​ថាបើ​ឆាប់​រក​ឃើញ​ងាយស្រួល​ព្យាបាល​ទេ​ តែបើ​ចាំ​ទុក​រហូតដល់​ការ​វៀច​ឆ្អឹងខ្នង​នេះ​យូរ​រីក​ធំ​រហូតដល់​ទៅ​៥០​ទៅ​៧០​ដឺ​ក្រេ ​នៅពេល​ចាស់​ទៅ ​អាចធ្វើ​ឲ្យ​គាត់​ហត់ និង​ជំងឺ​បេះដូង​ និង​ធ្វើ​ឲ្យ​អាយុកាល​របស់​គាត់​ខ្លី​ជាង​មនុស្ស​ធម្មតា​។​

​លោក​បាន​បញ្ជាក់ថា ​ការ​វៀច​ឆ្អឹងខ្នង​នេះ​បើ​ឆ្អឹងខ្នង​វៀច​ត្រឹម​កម្រិត​៣០​ដឺ​ក្រេ​ យើង​អាចធ្វើ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​តាមរយៈ​ការបំពាក់​រណប​ខ្នង​ដែល​ជា​បន្ទះ​ប្លាស្ទិក​ដែល​អាចជួយ​ទប់​មិន​ឲ្យ​ឆ្អឹងខ្នង​បន្ត​វៀច​ទៅមុខទៀត​បាន​ ហើយ​នៅពេល​កុមារ​លែង​លូតលាស់​ទៅ​ គឺ​លែងមាន​ការ​វៀច​ឆ្អឹង​ខ្នង​ទៀតហើយ​។​ ប៉ុន្តែ​ក្នុងករណី​កុមារ​មានការ​វៀច​ឆ្អឹងខ្នង​ធំ​ គឺ​មានតែ​វិធី​វះកាត់​ប៉ុណ្ណោះ​ ដែល​មាតា​បិតា​ត្រូវ​ចំណាយ​ថវិកា​ និង​ពេលវេលា ​ពិសេស​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ ហើយ​កុមារ​ក៏​មិនបាន​ចូលរៀន​ដោយ​សារតែ​សម្រាក​ព្យាបាល​ជំងឺ​។​

លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់​ថា ​មនុស្សម្នា​ក់ មាន​រោគសញ្ញា​វៀច​ឆ្អឹងខ្នង​ដែល​សម្គាល់​ទៅលើ​ស្មា​ម្ខាង​ ឬ​ឆ្អឹងត្រគាក​អាច​ខ្ពស់​ជាង​ម្ខាង​ទៀត ឆ្អឹងស្លាបប្រជៀវ​ម្ខាង​អាច​ខ្ពស់ជាង​ ឬ​ផុស​ឡើង​ច្បាស់​ជាង​ម្ខាង​ទៀត​។ ​នៅពេលដែល​ដៃ​ទាំងពីរ​ទម្លាក់​ចុះក្រោម​ទៅ​ចំហៀង​ខ្លួន​ម្ខាង​ធម្មតា​គំ​លាតដៃ​ និង​ដងខ្លួន​ម្ខាង​អាច​ធំ​ជាង​ម្ខាង​ទៀត ​និង​ចង្កេះ​ម្ខាង​អាច​រាបស្មើ​ជាង​ម្ខាង​ទៀត​ផ្នត់​ស្បែក​អាច​មាន​នៅ​លើ​ចង្កេះ​ម្ខាង​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា​ ការ​វៀច​ឆ្អឹងខ្នង​មិនមែនជា​ជំងឺឆ្លង​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​នោះ​ទេ ហើយ​គេ​ក៏​មិន​អាចធ្វើ​អ្វីមួយ​ដើម្បី​ការពារ​មិន​ឲ្យ​វា​កើត​បានដែរ​ ហើយ​វា​មិនមែន​បណ្តាល​មកពី​កាន់​សៀវភៅ​ធ្ងន់ៗ ស្ពាយ​កាតា​ប​លើ​ខ្នង​ឥរិយាបថ​មិន​ត្រង់​ខ្លួន​នៅពេល​ដេក​ឈរ​អង្គុយ​ ឬ​បណ្តាលមកពី​ខ្វះ​សារជាតិ​កាល់ស្យូម​ឡើយ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu