Ad Code

ជនជាតិ​ថៃ​និង​ខ្មែរ​២​នាក់ ​លួច​ជួញ​គ្រឿង​ញៀន​ឆ្លងដែន​ចំនួន​៥​ថង់​ស្មើ ១.៩៩២​ក្រាម គ្រាប់ ចំនួន ៨​ថង់ ស្មើ ៥១.១២២​គ្រាប់ ​ត្រូវ​អាវុធហត្ថ​បង្ក្រាប



បន្ទាយមានជ័យ ៖ ល្ងាច ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​បទល្មើស​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។



ដោយ​ទទួល​បាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ​ដោយមាន​ការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប ដែល​អនុវត្តន៍​ទៅតាម​នីតិវិធី​និង​ជំនាញ​ច្បាស់លាស់ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ១​មានឈ្មោះ ភុង​ចាន់ សេក​សាន់ ភេទប្រុស អាយុ៣២​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​ខ្វាង​ណាំ​យេន ខេត្ត​ស្រះកែវ ប្រទេស​ថៃ ២​មានឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ខាងលើ​នេះ​ យើង​ដកហូត​បាន​វត្ថុ​តាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ៥​ថង់ ស្មើ ១.៩៩២​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៨​ថង់ ស្មើ ៥១.១២២​គ្រាប់​ស្មើនឹង ៥.២៤០,៥​ក្រាម ម៉ូតូ ចំនួន ១​គ្រឿង ទូរស័ព្ទ​ដៃ​ ចំនួន ៤​គ្រឿង លិខិតឆ្លងដែន ជនជាតិ​ថៃ​ចំនួន ១ កាបូប​លុយ​ពណ៌​ខ្មៅ ចំនួន ១។ បន្ទាប់ពី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទៅលើ​សារធាតុ​ញៀន រួចមក កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។



លោក​មាស​ ច័ន្ទ​ពិសិដ្ឋ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​អ្នក​លួច​ជួញដូរ​គ្រឿងញៀន​ទាំង​អស់​មិនអាច​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​បាន​ឡើយ​អ្នក​ជួញដូរ​គ្រឿន​ទាំង​អស់​មិនយូរ​ទេ​ថ្ងៃ​ណាមួយ​និង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បានជា​មិន​ខាន​ឡើយ​ ជាក់ស្តែង​ដូច​បុរស​២​នាក់​នេះ​ ស្រាប់​តែ​ថ្លើមធំ​ហ៊ាន​លួច​ជួញដូរ​គ្រឿងញៀន​ចំនួន ៥​ថង់ ស្មើ ១.៩៩២​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៨​ថង់ ស្មើ ៥១.១២២​គ្រាប់​ស្មើនឹង ៥.២៤០,៥​ក្រាម​ បុរស​ទាំង​២​នាក់​ ត្រូវ​ជាប់គុក​អស់​មួយ​ជីវិត​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu