Ad Code

ចាន់ ប៊ុន​ហឿន និង រិ​ទ្ធ ភូ​លូ វាយ​ចាញ់​ថៃ​ដូចគ្នា​



ប្រដាល់ ៖ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ពួកគេ​ទាំងពីរ​នាក់​នេះ បាន​ប្រកួត​ចាញ់​ថៃ​ដូចគ្នា នៅក្នុង​ការជួប​ប្រកួត​គ្នា​លើ​ស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៩។​

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ត្រូវ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេ​ស​ថៃ​ឈ្មោះ​ហ្វា​និមិត្ត វី​រី​យ៉ាក​ហ្វា​ម (Fanimit Viriyakfarm) ផ្តួល​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

នៅក្នុង​ការប្រកួត​ទឹក​ទី​៤ ចាន់ ប៊ុន​ហឿន ត្រូវ​ហ្វា​និមិត្ត វាយ​កែង​ត្រូវ​មួយ​កែង​ចំ​ថ្គាម និង​ទាត់​ត្រូវ​មួយ​ជើង​ចំ​ដើមទ្រូង បណ្តាលឲ្យ ​ប៊ុន​ហឿន​ ដួល​អុកគូទ​លើ​រេញ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​១០ តែ​ប៊ុន​ហឿន ​មិនអាច​ក្រោក​បន្ត​ការប្រកួត​ទៀត​បានឡើយ។

សូម​បញ្ជាក់​ថា កាលពី​ជួបគ្នា​លើក​មុន អ្នក​ប្រដាល់​ថៃ ហ្វា​និមិត្ត វី​រី​យ៉ាក​ហ្វា​ម នេះ បាន​វាយ​ចាញ់​ចាន់ ប៊ុន​ហឿន ក្នុង​ទឹក​ទី​៤​ដែរ តែ​ពេលនេះ​ហ្វា​នី​មិត្ត គេ​សងសឹក​ប៊ុន​ហឿន​ បានសម្រេច​វិញ​ហើយ តាមរយៈ​ផ្ដួល ​ប៊ុន​ហឿន ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤​វិញ។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ក៏​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ប្រា​កាយ​ផេ​ត និ​ត​អ៊ី​សា​មួយ (Prakaypetch Nithisamuy) ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ទាំងពីរ ក៏​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ។

ជា​លើក​ទី​១៨ សម្រាប់​រិ​ទ្ធ ភូ​លូ ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។ ​ក្នុង​១៦​លើក​កន្លងមក ភូ​លូ វាយ​ឈ្នះ​ថៃ​១៤​លើក និង​ចាញ់​៣​លើក។ ការជួប​ថៃ​លើកចុងក្រោយ​នេះ (៣១​មីនា​២០១៩) ភូ​លូ វាយ​ចាញ់​ថៃ Rithiara ដោយ​ពិន្ទុ។​

ប្រា​កាយ​ផេ​ត ដែលជា​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង និង​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​ថៃ​ផង​នោះ បាន​វាយ​រិ​ទ្ធ ភូ​លូ ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨ ដល់​ទៅ​២​លើក​ក្នុង​ទឹក​ទី​៣។ រិ​ទ្ធ ភូ​លូ ត្រូវ​ប្រា​កាយ​ផេ​ត ទាត់​ត្រូវ​ដៃ​ខាង​ស្តាំ​ជាច្រើន​ជើង បណ្តាល​ឲ្យ ​ភូ​លូ មាន​បញ្ហា​ដៃ​(​ធ្លាក់​ដៃ​) ប៉ុន្តែ​ក្រោយ​ពី​អាជ្ញាកណ្ដាល​រាប់​នោះ រិ​ទ្ធ ភូ​លូ អាច​បន្ត​ការប្រកួត​ទៀត​បាន និង​តស៊ូ​ជាមួយ​ប្រា​កាយ​ផេ​ត រហូត​ដល់​ចប់​ទឹក​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​
ដោយឡែក អ្នក​ប្រដាល់​រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​ប្រកួត​ចាញ់ យ៉​ន ពិសី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់៥៤គីឡូក្រាម។ ចំណែក​ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល​ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ឲ្យ​បោះបង់​ការប្រកួត​មុន​ទឹក​ទី​៥ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៦០​គីឡូក្រាម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu