Ad Code

ឡៅ ចិ​ត្រា ជួប ឆៃ យ៉ូ ឯ លាភ រដ្ឋា ជួប កង សា​ណាន នៅ​សង្វៀន​Wurkz



ប្រដាល់ ៖ អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឆៃ យ៉ូ (Chhai Yo)​ហើយ​លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយ​មាន​ជ័យ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត សា​ណាន​(Yorth Sanan) នា​រសៀល​ថ្ងៃអាទិត្យ​ ទី​២៨​ខែ​មេសា​ ឆ្នាំ​២០១៩​នេះ នៅ​លើ​សង្វៀន​Wurkz របស់​SEATV។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិ​ត្រា ដែលជា​ប្អូន​របស់ ​ឡៅ ចន្ទ្រា និង ឆៃ យ៉ូ នេះ ជួប​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​ម្តង​ពីរ​ដង​ហើយ ។
​ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​វ័យក្មេង ដែល​ខ្លាំងជាងគេ​ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​វ័យ​ក្មេង​ និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​ចិ​ត្រា ​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ ចិ​ត្រា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​

និយាយ​ជារួម ចិ​ត្រា​ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ ឆៃ យ៉ូ បាន​មិន​ខាន។

អ្នក​ប្រដាល់​ថៃ ឆៃ យ៉ូ នេះ ជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ ដែលមាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៦០​លើក និង ចាញ់​១៨​លើក មិនដែល​ស្មើ។ បើ​ធៀប​ជាមួយ​ឡៅ ចិ​ត្រា គឺ​ប្រហាក់ប្រហែលគ្នា ដោយ​ចិ​ត្រា ​គេ​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨០​លើក ក្នុងនោះ​ឈ្នះ​៧៣​លើក ចាញ់​០៥​លើក និង ស្មើ​០២​លើក។

បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹង​ថា ឡៅ ចិ​ត្រា ចាញ់ ឆៃ យ៉ូ នោះទេ ដោយសារ​ចិ​ត្រា គេ​មាន​ផ្លែ​ល្អ​ជាង​។ យ៉ាងណា ឡៅ ចិ​ត្រា មិន​អាច​មើលស្រាល ឆៃ យ៉ូ នោះឡើយ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​ខ្មែរ​ផង​ដែរ​កន្លងមក។ ចាំមើល ឡៅ ចិ​ត្រា គេ​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ​ជើងចាស់​ឆៃ យ៉ូ បាន​ឬ​អត់​នោះ​? ។​

លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្ត​បន្ទាយមានជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​យ៉​ត សា​ណាន​(Yorth Sanan) ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

យ៉​ត សា​ណាន នេះ មាន​កម្ពស់​ប្រហាក់ប្រហែល​លាភ រដ្ឋា ​ដែរ ដោយ​អ្នក​ប្រដាល់​ថៃ​មាន​កម្ពស់​១,៦៦​ម៉ែត្រ ឯ លាភ រដ្ឋា ១,៦៤​ម៉ែត្រ។ យ៉​ត សា​ណាន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​លើក ឈ្នះ​៥២​លើក​និង ចាញ់​០៦​លើក មិនដែល​ស្មើ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប តែ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ សម្រាប់ លាភ រដ្ឋា អ្នក​ប្រដាល់​កម្ពុជា​វិញ គេ​ធ្លាប់បាន​ជួប​ប្រកួត​ជាមួយ​ថៃ ៩​លើក​ទាំង​លើក​នេះ។ លាភ រដ្ឋា ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុក​ខ្មែរ ហើយ​គេ​ទើប​ឈ្នះ​ពានរង្វាន់​ជើងឯក TV5 Knock Out Series ទម្ងន់​៦០​គីឡូក្រាម និង​ជា​ជើងឯក​រង​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៥៧​គីឡូក្រាម។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​លើក ឈ្នះ​៤៣​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក។​

ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​ខ្លាំង លឿន រហ័ស នោះ លាភ រដ្ឋា វាយ​មិន​ញញើត​អ្នក​ប្រដាល់​នោះឡើយ​។ ចាំមើល តើ​លាភ រដ្ឋា អាច​យកឈ្នះ យ៉​ត សា​ណាន បាន​ឬ​អត់ ?​ សម្រាប់​ការ​ជួបគ្នា​លើកដំបូង​នេះ។​
​ ​
ចំពោះ​ការប្រកួត​រវាង​ខ្មែរ​ និង​ខ្មែរ​វិញ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើយ​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ លួ​ន សុខ​ខេង អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ ទេស សំខាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu