Ad Code

ប្រជា​កសិករ​ឃុំ​ឆ្នុកទ្រូ​ សំណូមពរ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​បន្លែ​នៅ​ប្រទេសជិតខាង​ហូរ​ចូល​មក​កម្ពុជា



កំពង់ឆ្នាំង ​៖​ ប្រជាកសិករ​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ​ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃទី២៣​ ខែ​មេសា ឆ្នាំ​២០១៩​ បាន​ត្អូញត្អែរ​អោយ​ដឹង​ថា ​៖​ ​​បន្លែ​បង្ការ​នៅ​ក្នុង​មូលដ្ឋាន ​ដែល​ពួកគាត់​បាន​ខិតខំ​ដាំ​ដុះ​យក​មក​លក់ដូរ​ក្នុង​ទីផ្សារ​ តម្លៃ​បាន​ស្រុត​ចុះ ដែល​ធ្វើ​អោយ​ការ​ដាំដុះ​បន្លែបង្កា​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ជួបនឹង​ការ​លំបាក។ ហេតុ​នេះ​ហើយ ​ពួកគាត់​សំណូមពរ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន មេត្តាជួយ​ទប់ស្កាត់​ការ​ហូរចូល​នូវ​បន្លែបង្ការ​ពី​ប្រទេសជិតខាង ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ពួកគាត់​ដាំ​ដុះ​បន្លែ​នៅ​ក្នុង​ស្រុក លក់​នៅ​ទីផ្សារ​មានតម្លៃ​ខ្ពស់។

ប្អូនប្រុស សួង កក្កដា ជា​អ្នកទទួល​ទិញ​បន្លែ​នៅ​ឃុំ​ឆ្នុកទ្រូ ដឹក​យក​ទៅ​លក់​នៅ​ទីផ្សារ​ឡុង​គឿ​ប្រទេស​ថៃ​ជាប់​នឹង​ខេត្តបន្ទាយមានជ័យ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​24 ខែមេសា​នេះ​ឲ្យ​ដឹងថា ​៖ នៅ​ក្នុង​អំឡុង​ខែ 2 ខែ 3 ផ្លែ​ល្ពៅ​ដែល​គាត់​ទទួល​ទិញ​ពី​ប្រជាកសិករ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ក្នុង​មួយ​ឡូ​អាច​ទិញ​ក្នុងតម្លៃ​ពី 1700 រៀល នៅពេល​គាត់​លក់​ចេញ​នៅ​ទីផ្សារ​ឡុង​គឿ បាន​តម្លៃ 1800 រៀល។ ប៉ុន្តែ​​​​​មកដល់​ខែ​មេសា​នេះ តម្លៃ​ផ្លែ​ល្ពៅ​បាន​ស្រុត​តម្លៃ ទិញ​ចូល​ក្នុង​មួយ​គីឡូ​តែ​1100 រៀល និង​លក់​ចេញ​នៅ​ផ្សារ​ឡុង​គឿ​បាន​ថ្លៃ​តែ​1300 រៀល​ប៉ុណ្ណោះ ព្រោះថា បន្លែ​របស់​ថៃ​ក៏​ដាំ​ដុះ​ទទួល​បាន​ផល​ច្រើន​យក​មក​មក​លក់​ក្នុង​ទីផ្សារ​ផងដែរ។

ដោយឡែក​បងស្រី ពេជ្រ សារុន ជា​ប្រជាកសិករ​រស់នៅក្នុង​ឃុំ​ឆ្នុកទ្រូ ជា​អ្នកទទួល​ទិញ​បន្លែ​នៅ​មាត់កំពង់​ផ្សារ​ឆ្នុកទ្រូ បានអោយដឹងថា ​៖ ផ្លែ​ត្រឡាច​លក់​ចេញ​ក្នុង​ពេលនេះ ក្នុង​មួយ​ថ្លៃ​តែ 500 រៀល​តែប៉ុណ្ណោះ ចំណែក​ផ្លែ​ត្រសក់ស្រូវ​លក់​ចេញ​មួយ​ពី 1500 ទៅ 2000 រៀល​តាម​តូច​តាម​ធំ។ តម្លៃ​ខាងលើនេះ ​វា​មិន​តុល្យភាព​ជាមួយនឹង​ការខិតខំ​ដាំ​ដុះ​របស់​ប្រជាកសិករ​យើង​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ជីវភាព​ពួកគាត់​មាន​ការជួប​លំបាក។ វា​ខុសពី​បន្លែ​ ដែល​គេ​នាំចូល​ពី​ប្រទេសជិតខាង​ក្នុង​ទីផ្សារ​ធំៗ​សុទ្ធតែ​លក់​ថ្លឹង​គីឡូ​មានតម្លៃ​ខ្ពស់​ជា​បន្លែ​កសិករ​នៅ​ក្នុង​ស្រុក។

ទាក់ទង នឹង​រឿងនេះ ពួកគាត់​សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន មេត្តា​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​បន្លែ​នៅ​ប្រទេសជិតខាង​​​ហូរ​ចូល​ក្នុងស្រុក ដើម្បី​ទុក​លទ្ធភាព​ឲ្យ​កសិករ​ខ្មែរ​មានលទ្ធភាព​ដាំ​ដុះ​បន្លែ​នៅក្នុង​ស្រុក​លក់បាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ នោះ​ទើប​ប្រជាកសិករ​អ្នក​ដាំ​ដុះ​បន្លែ​តាម​មូលដ្ឋាន​មាន​ជីវភាព​ល្អប្រសើរ។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ទាក់ទង​នឹង​ផ្សារ​បន្លែ​នៅក្នុង​ទីផ្សារ វា​ជា​រឿង​ធម្មតា​ទេ កាលណា​បន្លែ​ណាមួយ​វា​សំបូរ​នោះ​វា​នឹង​ចុះថោក។ កត្តា​សំខាន់​នោះ ​ប្រជាកសិករ​ត្រូវ​ដាំ​បន្លែ​អោយទាន់​រដូវ​កាលដែល​ក្នុង​ទីផ្សារ​អត់​មាន​នោះ ​ទើប​លក់បាន​ថ្លៃ។ ម្យ៉ាងទៀត​ត្រូវ​ដាំ​បន្លែ​អោយគេ​ដឹងថា​គ្មាន​ជាតិគីមី យកមក​លក់​ក្នុង​ទីផ្សារ​បន្លែ​របស់​សមាគម​​គ្មាន​ជាតិគីមី នៅក្នុង​ក្រុង​កំពង់ឆ្នាំង ទើប​មានតម្លៃ​ខ្ពស់ជាង​ទីផ្សារ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu