Ad Code

លោក​ទៀ​ សីហា ​អភិបាលខេត្ត​សៀមរាប ​អញ្ជើញ​ជួប​សម្តែង​ការគួរសម​ជាមួយ អគ្គរដ្ឋទូត​ឡាវ



សៀមរាប ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ លោក​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ធ្វើការ​ពិភាក្សា ជាមួយ​អគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដឹកនាំ​ដោយ ឯកឧត្តម Amphay KINDAVONG អម​ដំណើរ​ដោយ​អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំខេត្ត​ស្ទឹងត្រែង និង សហការី នៅ​សាលា ខេត្តសៀមរាប។

មានប្រសាសន៍​នោះដែរ​ឯកឧត្តម Amphay KINDAVONG ក៏បាន​បញ្ជាក់​អំពី​គោលបំណង​របស់​ប្រតិភូ មកកាន់​ទឹកដី​ប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់ អំពី​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប។ ក្នុងនោះ ​ឯកឧត្តម​ប្រធាន​ប្រតិភូ ក៏បាន​ធ្វើការ​កោតសរសើរ​​​ផងដែរ ពី​កិច្ចអភិវឌ្ឍន៍ រីកចម្រើន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំខាន់​ខេត្តសៀមរាប ដែលជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវ​ទេសចរ​​គ្រប់​ជាតិ​សាសន៍ នៅ​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត។ ក្នុងនោះដែរ​លោក​ក៏បាន​លើក​ផង ដែរ អំពី​កិច្ចទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ រវាង​កម្ពុជា ឡាវ មាន​តាំងពី​ដូនតា​ដ៏​យូរ​លង់​មកហើយ។ ម្យ៉ាងទៀត​ប្រទេស​ទាំងពីរ មាន​ភូមិ​ផង​របង​ជាមួយគ្នា និង មាន​វប្បធម៌ ប្រពៃណី សាសនា​ដូចគ្នា ដែល​ប្រជាជន​ទាំងពីរ ​បានធ្វើការ​ប្រតិបត្តិ​គ្នា​ទៅវិញទៅមក​ទៀតផង។

លោក​ក៏បាន​បញ្ជាក់​ផងដែរ ពី​ភាព​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានធ្វើ​កិច្ចទំនាក់ទំនង​គ្នា​ល្អ ក្នុងការ​ដោះស្រាយ​រាល់​វិវាទ​ជាមួយគ្នា​ប្រកបដោយ​សន្តិវិធី ។ លោក Amphay KINDAVONG ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ដំណើរ​បំពេញបេសកកម្ម​របស់​ប្រតិភូ និង ធ្វើការ​ទំនាក់​ទំនងជា​មួយ​បណ្តា​ខេត្ត​ជាប់​នៅ​ព្រំដែន​ឡាវ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នឹង​គ្នា​ទៀតផង។ ម្យ៉ាងទៀត​ដោយ ខេត្តសៀមរាប ដែលមាន​សម្បត្តិ​វប្បធម៌​ដ៏​ល្បីល្បាញ គឺ​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែលជា​សក្តានុពល មួយ​ដ៏​ខ្លាំងក្លា ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ដូច្នេះហើយ​ទឹកដី​នៃ​ខេត្តសៀមរាប ទោះបី​មិនជា​ប់​នឹង​ប្រទេស​ឡាវ ក៏​វា​មិន​នៅ​ឆ្ងាយ ពីគ្នា​ផងដែរ។ លោក​ក៏បាន​គូស​បញ្ជាក់​ថា ក្នុង​វិស័យ​អាកាសចរណ៍ ក៏មាន​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ មួយ​បាន​កំពុង​ធ្វើ​អាជីវកម្ម នៅក្នុង​ខេត្ត​សៀមរាប​ផងដែរ។

ក្នុង​កិច្ច​ស្វាគមន៍​ចំពោះ​ប្រតិភូ មានប្រសាសន៍​នោះ​ដែរ លោក ទៀ សីហា ក៏បាន​លើកឡើង​អំពី​ចំណងមិត្តភាព​រវាង​ប្រទេស ទាំងពីរ កម្ពុជា ឡាវ មាន​ជា​យូរ​លង់​មកហើយ ព្រមទាំង​បាន​ប្រកៀក​ស្មា​គ្នា ដើម្បី​ទាមទារ​នូវ​ឯករាជ្យ​ទឹកដី ពី​ពួក​អាណានិគមនិយម​បារាំង​សេស​ទៀតផង។ ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​លើក​ពី​សក្តានុពល​របស់​ខេត្តសៀមរាប ដោយ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ទេសចរណ៍ និង កសិកម្ម ព្រមទាំង​បាន​លើក​ផងដែរ អំពី​ស្ថានភាព​នៃ​ភ្ញៀវ​ទេសចរ​ ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ដោយ ខេត្ត​សៀមរាប សម្បូរ​ទៅ​ដោយ​​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប ដែល​មាន​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ​ជាច្រើន​ទៀត​ផង។ លោក​អភិបាលខេត្ត ក៏បាន​គូស​បញ្ជាក់​ថា ខេត្តសៀមរាប​ក៏មាន​ទំនាក់ទំនង សហប្រតិបត្តិការ​ជាមួយ​ខេត្ត​ចំប៉ា​សាក់ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ តាមរយៈ​ខ្លឹមសារ អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ខេត្ត​ចំប៉ា​សាក់ និង ខេត្តសៀមរាប នា​ឆ្នាំ​២០១១ ដោយ​ផ្តោតលើ​វិស័យ ទេសចរណ៍ វប្បធម៌ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង វិស័យ​ផ្សេងៗ​ទៀត។ តែ​ក្នុង​រយៈពេល កន្លងមកនេះ ភាគី​ទាំងពីរ​មិន​ទាន់​បានធ្វើ​អ្វីមួយ​រួមគ្នា ដើម្បី​ជា​គុណប្រយោជន៍​គ្នា​ទៅវិញទៅមក​ឡើយ គឺ​បាន​ត្រឹម​ផ្លាស់ប្តូរ​នូវ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ខេត្ត​ទាំងពីរ​តែប៉ុណ្ណោះ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​បញ្ជាក់ជូន​ប្រតិភូ​ផងដែរ​ថា ចំពោះ​បងប្អូន ប្រជាជន​ឡាវ ដែល​មក​ស្នាក់នៅ​ខេត្តសៀមរាប​ស្របច្បាប់ ចំនួន ៤​នាក់ ព្រមទាំង​មាន​ក្រុមហ៊ុន​របស់​ជនជាតិ​ឡាវ​១​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម។ ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើក​នូវ​សំណូមពរ​មួយចំនួន ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ទៅលើ​វិស័យ​កសិកម្ម និង ពាណិជ្ជកម្ម រួមទាំង​វិស័យ​ទេសចរណ៍ ដោយ​ប្រទេស​យើង​ទាំងពីរ មាន​ស្ថានភាព​ភូមិសាស្ត្រ​ដី​ដូចគ្នា ដែលមាន​ទន្លេមេគង្គ​ឆ្លងកាត់​ដូចគ្នា ព្រមទាំង​សម្បត្តិ​វប្បធម៌ ប្រាង្គ​ប្រាសាទ ប្រពៃណី និង សាសនា​ផងដែរ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu