Ad Code

កំពុង​ចែកចាយ​គ្រឿងញៀន ឃើញ​កម្លាំង​សមត្ថកិច្ច​ល្បាត​ ក៏​រត់​គេច​ខ្លួន រួច​​​មក​ដាក់ពាក្យ​បណ្តឹង​ថា គេ​វាយ​យក​ម៉ូតូ ត្រូវ​​ឃាត់ខ្លួន​



​ឧ​ត្ត​រ​មានជ័យ ​៖ កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​០០​នាទី កម្លាំង​ជំនាញ ​បាន​ចេញ​ល្បាត ឃើញ​ជនសង្ស័យ​កំពុង​តែ​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ខាងជើង​ព្រលានយន្តហោះ ស្ថិតនៅ​ភូមិ​កំណប់ ពេល​ឃើញ​សមត្ថកិច្ច​ក៏​រត់ចោល​ម៉ូតូ។

លុះដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ​ជនសង្ស័យ ​ឈ្មោះ ហុង ចន្ថា ភេទ​ប្រុស បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល (​ថា​មាន​គេ​វាយ​យក​ម៉ូតូ​)។ លុះ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​កោះហៅ​ដើម​បណ្តឹង​ ឈ្មោះ ហុង ចន្ថា មក​សាក​សួរ ក៏​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ទើប​ប្រគល់ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ជំនាញ​បាន​សួរនាំ​រឿងហេតុ​រួច​ជនសង្ស័យ​ ឈ្មោះ ហុង ចន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ចែកចាយ​ និង ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ។​

ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​២០​នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ចុះ​ធ្វើការ​ឆែកឆេរ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី ផេង តារា និង​ មានការ​សម្រប​សម្រួល​ដោយ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​ចំណុច បន្ទប់​ជួល​ខាង​ជើង​ផ្សារ​សំរោង ស្ថិតនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ក្នុងនោះ​សមត្ថកិច្ច​យើង រក​ឃើញ​សម្ភារៈ ​វត្ថុតាង​រួម​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​( ice) ទឹក​កក ចំនួន០៥​កញ្ចប់ ស្មើ​នឹង​២.១៥​ក្រាម ម៉ូតូ​ចំនួន​០២​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​, កាបូប​ដាក់​ប្រាក់​០១ និង​ សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu