Ad Code

កម្ពុជា ​ប្រកាស​ថ្កោលទោស​ការ​វាយប្រហារ​ដ៏​សាហាវ​ឃោរឃៅ ​នៅ​ស្រីលង្កា ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​២៩០​នាក់ និង​រង​របួស​ជាង​៥០០​នាក់​



​ភ្នំពេញ​ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំង​ក្លា ចំពោះ​អំពើ​ហិង្សា​ដ៏​សាហាវ​ឃោរឃៅ ទៅលើ​ព្រះវិហារ​គ្រិស្ត​សាសនា និង​សណ្ឋាគារ នៅ​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​២៩០​នាក់ និង​ជាង​៥០០​នាក់​ទៀត​រងរបួស នេះ​បើតាម​សេចក្ដីថ្លែងការណ៍ ដែល​ទើប​ទទួលបាន​។​

សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃអាទិត្យ ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ បាន​លើក​ឡើង​យ៉ាងនេះ​ថា “​រាជរដ្ឋាភិបាល​កម្ពុជា ​សូម​សម្ដែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ស្រីលង្កា ជាពិសេស​គ្រួសារ ​នៃ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម នៅ​ប្រទេស ស្រីលង្កា កាលពី​ថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០១៩​។

រាជរដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​អំពើ​ហិង្សា​ដ៏​សាហាវ​ឃោរឃៅ​នេះ ហើយ​ទង្វើ​បង្ក​ឲ្យ​មានការ​ភ័យខ្លាច និង​ជ្រុលនិយម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ នឹង​មិន​ត្រូវ​អត់​អោន​ឲ្យ​ជា​ដាច់​ខាត​។ ព្រះរាជាណាចក្រ​កម្ពុជា ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ជ្រុលនិយម​តាម​គ្រប់​ទម្រង់ និង​រូបភាព​”​។​

ក្រសួងការបរទេស​បញ្ជាក់​ថា “​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មាន​ជំហរ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ស្រីលង្កា នៅក្នុង​គ្រា​ដ៏​លំបាក​នេះ និង​សូម​បួងសួង​ឲ្យ​អ្នករងរបួស​ទាំងអស់ បានជា​សះស្បើយ​ឆាប់រហ័ស​ឡើងវិញ​”​។​

គួររំលឹកថា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ដ៏​សាហាវ​ឃោរឃៅ​មួយ​បានកើត​ឡើង​ទៅលើ​ព្រះវិហារ​គ្រិស្ត​សាសនា និង​សណ្ឋាគារ នៅ​ប្រទេស​ស្រីលង្កា ដែល​ហេតុការណ៍​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២៩០​នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នោះ ហើយ​ករណី​នេះ​ ត្រូវបាន​រដ្ឋាភិបាល​ស្រីលង្កា​ចាត់ទុកថា ជា​អំពើ​ហិង្សា​អាក្រក់​បំផុត ក្រោយពី​សង្គ្រាមស៊ីវិល​ដ៏​សាហាវ​របស់ខ្លួន​បានបញ្ចប់​ កាលពី​មួយ​ទសវត្សរ៍​មុន​។​

តាម​សមត្ថកិច្ច​ស្រីលង្កា​បាន​ឲ្យ​ដឹង​ថា ការផ្ទុះ​គ្រាប់​បែបនេះ ត្រូវ​បានរៀបចំ​បណ្ដាក់​គ្នា​ចំនួន​ប្រាំបី​គោលដៅ លើ​អ្នក​គោរព​បូជា​នៅក្នុង​ពិធីបុណ្យ Easter និង​សណ្ឋាគារ ដែល​មាន​ប្រជាប្រិយភាព និង​សំបូរ​ដោយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ចំនួន​អ្នកស្លាប់​ចុងក្រោយ ដែល​ត្រូវ​បានផ្តល់​ដោយ​អ្នកនាំពាក្យ​ប៉ូលិស កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២​មេសា បាន​ឲ្យ​ដឹងថា មាន​មនុស្ស​៥០០​នាក់​បាន​រងរបួស និង​២៩០​នាក់​បាន​ស្លាប់​។​

ក្រោយ​កើតហេតុ នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​ស្រីលង្កា លោក Ranil Wicramesighe បាន​សម្ដែង​នូវ​ការ​ចូល​រួម​រំលែក​ទុក​ដល់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ហើយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​មើល​ឃើញ​ការផ្ទុះ​នេះ​ថា ជា​វិបត្តិ​ដ៏​ធំ​មួយ ដែល​នឹង​នាំ​ប្រទេស និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឆ្ពោះ​ទៅ​កាន់​អស្ថិរភាព​។ ខ្ញុំ​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការវាយប្រហារ​ទាំងនេះ​ ដែល​ដៅ​លើ​ទីកន្លែង​សាសនា និង​សណ្ឋាគារ​ប្រណិត​។ យើងទាំងអស់គ្នា​ ត្រូវតែ​លើកស្ទួយ​ច្បាប់​របស់​ប្រទេស​”​។​

ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​ដកស្រង់​សម្តី​មន្ត្រី​សន្តិសុខ​ម្នា​ក់​មក​ចុះផ្សាយ​ថា ការ​ផ្ទុះ​២ អាច​ ត្រូវ​បាន​ធ្វើឡើង​ដោយ​ពួក​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​។ ចំណែក​អាជ្ញាធរ និយាយ​ថា វិហារ​គ្រិស្តសាសនា​មួយ​ ឈ្មោះ Saint Anthony's និង​សណ្ឋាគារ​ទាំងអស់​ ដែល​រង​ការវាយប្រហារ​ដោយ​ការ​ផ្ទុះ​លើក​ទី​១ ស្ថិត​នៅ​ក្នុង​រដ្ឋធានី Colombo៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu