ភ្នំពេញ ៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានសំណូមពរឲ្យគណៈប្រតិភូសភាខេត្តស៊ីឈួន ប្រទេសចិន ជួយផ្សព្វផ្សាយលើកទឹកចិត្តប្រជាជនចិន ដើម្បីមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជាបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។
ការសំណូមពរនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាចិនខេត្តស៊ីឈួន ដឹកនាំដោយលោក ជុង មាន (Zhong Mian) អនុប្រធានសភាប្រឹក្សានយោបាយខេត្តស៊ីឈួន ប្រទេសចិន កាលពីរសៀលថ្ងៃទី១៨ ខែមេសានេះ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនោះ លោកបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានស្វាគមន៍ និងបានបញ្ជាក់ពីទំនាក់ទំនង
រវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន គឺថាបានសហការគ្នាយ៉ាងល្អទាំងក្នុងក្របខ័ណ្ឌពហុភាគី និងក្របខ័ណ្ឌទ្វេភាគី។ សភាទាំងពីរបានសហការគ្នាដោយបានគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាអន្តរជាតិនានា ហើយថ្នាក់ដឹកនាំ នៃសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាច្រើនលើកជាបន្តបន្ទាប់។ លោកអនុប្រធានទី១រដ្ឋសភា ក៏បានថ្លែងអំណរគុណដល់សភាប្រជាជនចិន ដែលបានផ្តល់ជំនួយជាសម្ភារៈ និងថវិកាជាច្រើនដល់រដ្ឋសភាកម្ពុជានាពេលកន្លងមក។ នៅក្នុងអាណត្តិទី២ សភាចិនបានផ្តល់ថវិកាសម្រាប់សាងសង់អគារគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភាកម្ពុជា។ ក្រៅពីនេះ ចិនក៏បានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ តាមរយៈការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក្នុងកម្រិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើជំនាញផ្សេងៗដូចជា រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ ជំនាញកុំព្យូទ័រ ជំនាញភាសាចិន។ល។ រដ្ឋសភាកម្ពុជា សូមវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិន ស្តីពីគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល។ សម្រាប់កម្ពុជាកិច្ចសហប្រតិបត្តិការនេះ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគមានការរីកចម្រើនយ៉ាងខ្លាំង ធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១នៅកម្ពុជា។ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី និងវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតធនាគារជាតិ នៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រាក់យន់ចិនក្នុងប្រព័ន្ធធនាគារកម្ពុជា។ នៅឆ្នាំ២០១៧ ទេសចរណ៍ចិនបានមកកម្ពុជាមានចំនួន ១,២លាននាក់ ហើយអាចនឹងកើនដល់ ២លាននាក់នៅឆ្នាំ២០២០។
វិស័យទេសចរណ៍បានបង្កើតការងារដល់ប្រជាជនកម្ពុជាជាង ៦០ម៉ឺននាក់ និងបាននាំមកនូវចំណូលរាប់លានដុល្លារអាម៉េរិក ដែលក្នុងនោះមានការរួមវិភាគទានយ៉ាងសំខាន់ពីទេសចរណ៍ចិន។
ទស្សនកិច្ចរបស់លោកប្រធាន និងគណៈប្រតិភូនៅពេលនេះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិត ដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក។ ឆ្លៀតឱកាសនេះ ខ្ញុំសូមសំណូមពរលោកប្រធាន និងសហការី សូមជួយផ្សព្វផ្សាយលើកទឹកចិត្តប្រជាជនចិន ដើម្បីមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍កម្សាន្តនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ព្រោះថាបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។
លោក ជុង មាន (Zhong Mian) អនុប្រធានសភាប្រឹក្សានយោបាយខេត្តស៊ីឈួន ប្រទេសចិន បានសម្តែងភាពរីករាយនូវការរីកចម្រើនរបស់ប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្នុងបំណងស្វែងយល់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា.ចិន ទាក់ទងការវិនិយោគ ក៏ដូចជាវប្បធម៌ និងការអប់រំផងដែរ។
លោកប្រធានគណៈប្រតិភូបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា.ចិន លោកឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានភាពស្អិតរមួត ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីពីង ក៏ដូចជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយទំនាក់ទំនងនេះ បច្ចុប្បន្នបានក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ។ លោកបន្តថា នៅក្នុងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនាមសភាប្រជាជនចិន ក៏ដូចជាក្រុមប្រឹក្សានយោបាយប្រជាជនចិន ក៏ដូចជាសភារបស់កម្ពុជា គឺសុទ្ធតែគាំទ្រសហការ និងជំរុញការអភិវឌ្ឍ។ តំណាងឲ្យក្រុមប្រឹក្សានយោបាយប្រជាជនចិន ក៏ដូចជាការបរទេសចិន នឹងខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនិងសភាកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការទាក់ទងប្រជាជន និងប្រជាជន ដើម្បីជំរុញឲ្យទំនាក់ទំនងវប្បធម៌ និងប្រពៃណី នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមបណ្ឌិត អនុប្រធានទី១រដ្ឋសភាកម្ពុជា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments