ប្រដាល់ ៖ អ្នកប្រដាល់ថៃ Chhav Vallit ដែលបានចាញ់ក្រោមកណ្ដាប់ដៃរបស់ លន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ កាលពីក្នុងអំឡុងវាយជម្រុះដណ្ដើមខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម កាលពីចុងខែកុម្ភៈកន្លងមកនោះ នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ គេនឹងឡើងមកសងសឹក លន បញ្ញា វិញលើសង្វៀនខារ៉ាបាវរបស់SEATV ប៉ុន្តែមិនដឹងថា បានសម្រេចឬអត់នោះឡើយ?។
ការជួបគ្នារវាង លន បញ្ញា និង Chhav Vallit ពួកគេទាំងពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងហើយកន្លងមក ក្នុងជម្រុះដណ្ដើមខ្សែក្រវាត់Wurkz ទម្ងន់៦០គីឡូក្រាម ដែលក្នុងការជួបគ្នាពេលនោះ លន បញ្ញា ឈ្នះដោយពិន្ទុ។ អ្នកប្រដាល់ទាំងពីរនាក់នេះ មានកម្ពស់ប្រហែលគ្នា គឺ១,៧១ម៉ែត្រ ដូចគ្នា ប៉ុន្តែ លន បញ្ញា ចាញ់បទពិសោធន៍ និង កំណត់ត្រា Chhav Vallit។
Chhav Vallit គេមានកំណត់ត្រាប្រកួតចំនួន៧០លើក ក្នុងនោះឈ្នះ៥៨លើក ចាញ់១២លើក មិនដែលស្មើ។ ចំណែក លន បញ្ញា គេមានកំណត់ត្រាប្រកួត៤៦លើក ឈ្នះ៤០លើក ចាញ់០៤លើក និងស្មើ០២លើក។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នាលើកនេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះអ្នកណាចាញ់នោះឡើយ បើទោះជា លន បញ្ញា ធ្លាប់ឈ្នះ Chhav Vallit ម្តងរួចមកហើយក្តី។ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ប៉ុន្តែយ៉ាងណា Chhav Vallit មិនប្រាកដថា ឈ្នះលន បញ្ញា នោះទេ?។ ដូច្នេះ ចាំមើលតើ Chhav Vallit គេសងសឹកលន បញ្ញា បានសម្រេចឬអត់? សម្រាប់ការជួបសងសឹកលើកនេះ?។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ កាន់ ម៉េងហុង អ្នកប្រដាល់ក្លិបនាគរាជចតុមុខ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ឡុង ពិសិដ្ឋ អ្នកប្រដាល់ស្រករក្រោយ នៃក្លិបខ្លារខិនមានរិទ្ធ ដោយជួបគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម។
ឡុងពិសិដ្ឋ ថ្វីត្បិតតែជាអ្នកប្រដាល់ជើងថ្មីក្តី ប៉ុន្តែគេមានស្នៀតប្រដាល់ល្អ រហ័ស រហួន ព្រមទាំងមានផ្លែល្អទៀតផង ដែលគូប្រកួតមិនអាចមើលស្រាលបានឡើយ។ ដូច្នេះសម្រាប់ការប្រកួតលើកនេះ ពុំដឹងថាកាន់ ម៉េងហុង អាចយកឈ្នះលើអ្នកប្រដាល់ស្រករក្រោយឡុង ពិសិដ្ឋ បានឬអត់នោះ ?។ ចាំមើល តើអ្នកប្រដាល់ស្រករក្រោយឡុង ពិសិដ្ឋ អាចទប់ទល់ជាមួយកាន់ ម៉េងហុង បានដែរឬទេ? សម្រាប់ជំនួបលើកដំបូងនេះ។
សូត្រ វាសនា អ្នកប្រដាល់ក្លិបបក្សីស្លាបដែក នឹងជួបសាកកណ្ដាប់ដៃជាមួយ រឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទម្ងន់៥៤គីឡូក្រាម។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំងពីរនាក់នេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ?។
ចំណែក ឡុង សំណាង អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ពុយ ឡាយ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ដោយប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments