បន្ទាយមានជ័យ ៖ យុវជនវ័យក្មេង២នាក់ ដើរលេងក្នុងថ្ងៃបុណ្យចូលឆ្នាំ ត្រូវបានអាវុធហត្ថយាមល្បាត ឃាត់ខ្លួនឆែកមើល ក្នុងកាបូប ស្រាប់តែប្រទះឃើញដាក់អាវុធសម្រាប់សម្លាប់តាមខ្លួន នៅវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ចំណុចទីតាំងសួនមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងថ្ងៃប្រារព្ធសង្ក្រាន្តបន្ទាយមានជ័យនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដាក់ពង្រាយកម្លាំង នៅក្នុងបរិវេណក្នុងសួនមានជ័យដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និង សណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំ និងធ្វើការឆែកឆេរគ្រប់កាបូបស្ពាយរបស់អ្នកដែលចូលរួមលេងកម្សាន្តក្នុងពិធីការពារតាមគោលដៅ ស្រាប់តែបានឃើញយុវជន២នាក់មានការសង្ស័យ ក៏សុំឆែកឆេរកាបូបស្ពាយក៏បានឃើញអាវុធកែច្នៃចំនួន២ដើម ធ្វើអំពីច្រវាក់ម៉ាស៊ីនអារឈើ ផ្សារភ្ជាប់នឹងបំពង់ដែកទីប ប្រវែង៤៥ស.ម ហើយបានឃាត់ខ្លួនបញ្ជូនទៅជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ ផន ស៊ីផង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងចម្លាក់។ ២-ឈ្មោះ រឿង ចិត្រ ភេទប្រុស មុខរបរជាងចម្លាក់ អ្នកទាំងពីរ រស់នៅភូមិអន្លង់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងនៅជាប់ខ្លួនរបស់ជនសង្ស័យខាងលើមានអាវុធជាប់នៅក្នុងខ្លួន អាចត្រូវចោទ ពីបទប្រើប្រាស់អាវុធ សម្រាប់ប្រហារផ្សេងៗ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments