Ad Code

កិច្ចប្រជុំ​កំពូល​តុមូល​នៃ​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី ២ បានចេញ​សេចក្តីថ្លែងការណ៍​រួម ៣៨​ចំណុច សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ



ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​តុមូល​នៃ​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី ២ សម្រាប់​កិច្ច សហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ប្រធានបទ “​ការជំរុញ​ការ​តភ្ជាប់​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការ​រីកចម្រើន​” បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ២០១៩ ដែល​ក្នុង​កិច្ចប្រជុំ​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ប្រតិភូ​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ជា​ដៃគូ​សហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ បាន​អញ្ជើញ​ចូលរួម ផងដែរ។

ប្រភពពី​អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​ដែល​ធ្វើឡើង​នៅ​រមណីយដ្ឋាន​លំហែកាយ​នៃ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ជាយក្រុង​ប៉េង​កាំ​ង​។ តាមរបៀប​វារៈ​ដែល​បាន​គ្រោង​ទុក​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ប្រធានបទ​ការជំរុញ​ការតភ្ជាប់​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការ​រីកចម្រើន​។



ឆ្លងតាម​ការពិភាក្សា​នៅ​ថ្ងៃទី​២ នេះ បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ប្រតិភូ​ទាំងអស់ បាន​ឯកភាព​គ្នា​ឈាន​ទៅ​ចេញ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​តុមូល​របស់​ថ្នាក់ដឹកនាំ​នៃ​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​មាន ៣៨​ចំណុច ក្នុង​នោះ​មេដឹកនាំ​ទាំងអស់​បាន​ចាត់ទុកថា ការ​តភ្ជាប់​គឺជា​ការ​រួម​ចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ពាណិជ្ជកម្ម​ទំនើប និង​សេវា​ក៏ដូចជា​ការ​វិនិយោគ ការ​បង្កើន​ឱកាស​ការងារ និង ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​។ ក្នុង​ន័យ​នេះ ការជំរុញ​ភាពជា​ដៃគូ​សកល​ស្តីពី​ការ​តភ្ជាប់​ផ្អែកលើ​តម្លាភាព ភាព​បើកចំហ និង បរិ​យា​ប័ន្ន ផ្តល់​នូវ​ឱកាស​សម្រាប់​យើងទាំងអស់គ្នា​។ មេដឹកនាំ​ទាំងអស់​បាន​ប្តេជ្ញាចិត្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ទាំង​ថ្នាក់​អនុតំបន់ ថ្នាក់​តំបន់ និង សកលលោក សំដៅ​ឆ្ពោះទៅ​អនាគត​ដ៏​ត្រចះត្រចង់​និង​វិបុលភាព​រួមគ្នា​។

​មេដឹកនាំ​ទាំងអស់ ក៏បាន​គាំទ្រ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែលមាន​លក្ខណៈ​ជាស​កល ផ្អែកលើ​មូលដ្ឋាន​ច្បាប់ បើកចំហ មាន​តម្លាភាព និង​គ្មាន​ការរើសអើង ដោយ​យក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជា​ស្នូល​។ មេដឹកនាំ​ទាំងអស់​បាន​ស្វាគមន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​រឹងមាំ​ជំរុញ​ការពិភាក្សា​ពាក់ព័ន្ធ​នឹង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ហើយ​និង​ធ្វើការ​រួមគ្នា​សំដៅលើ​កម្ពស់​កិច្ចពិភាក្សា​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច នៅ​អង្គការសហប្រជាជាតិ​ក៏ដូចជា​វេទិកា​ពហុភាគី​ដទៃទៀត​និង​ការលើក​កម្ពស់​ការ​រួមបញ្ចូល​រវាង​ផែនការ​អភិវឌ្ឍ​ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ការ​តភ្ជាប់​នានា​ដោយ​ផ្អែកលើ​វឌ្ឍនភាព​ដែល​សម្រេចបាន​កន្លងមក​។



​មេដឹកនាំ​ទាំងអស់ បាន​សង្កត់ធ្ងន់​ផងដែរ លើ​កាលានុវត្តភាព​បានមក​ពី​គំនិត​ផ្តួចផ្តើម និង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​នា​នា​ក្នុងចំណោម​នោះ​រួមមាន ACMECS Master Plan (2019-2023) សហភាព​អាហ្វ្រិក ដែល​រួមមាន​កម្មវិធី​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទ្វី​អាហ្វ្រិក (PIDA) ផែន​ការ​តភ្ជាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) សម្ព័ន្ធ​អារ៉ាប់ សហគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ រួម​ទាំង​ផែនការមេ​ស្តីពី​ការ​តភ្ជាប់​អាស៊ាន​២០២៥ បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន និង​គំនិត​ផ្តួចផ្តើម​អាស៊ាន​ស្តី​ពី​ការ​តភ្ជាប់ ក្រុមការងារ​ស្វែងរក​មាគ៌ា​របស់ ASEM ស្តីពី​ការតភ្ជាប់ (SAEM Pathfinder Group on Connectivity) , BIMP-East ASEAN Growth Asea) ការតភ្ជាប់​អាស៊ី​កណ្តាល សហគមន៍​អាមេរិក​ឡាទីន និង​កា​រា​បៀ​ន (CELAC) យុទ្ធសាស្ត្រ​ផ្លូវ​សូត្រ​ឌូ​បៃ យុទ្ធសាស្ត្រ​សហភាព​អឺរ៉ុប ស្តីពី​ការតភ្ជាប់​តំបន់​អឺរ៉ុប និង​អាស៊ី កម្មវិធី​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​ចិន ភាពជា​ដៃគូ​អឺរ៉ុប​ខាងកើត សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប​-​អាស៊ី វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក (FOCAC) មហា​អនុតំបន់​មេគង្គ (GMS) សម្ព័ន្ធភាព​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​សកល គម្រោង G-Gobal កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង អង្គការ​នៃ​បណ្តា​រដ្ឋ​នៅ​ទ្វីបអាមេរិក សម្ព័ន្ធ​ប៉ាស៊ីហ្វិក វេទិកា​កោះ​ប៉ា​ស៊ី​ហ្វី​ក សហភាព​ម៉េ​ឌី​ទែ​រ៉ា​ណេ និង​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អនុ​​តំបន់​រវាង​ដៃគូ​ទាំងអស់​។ ដោយ​បាន​ប្តេជ្ញា​ចិត្ត​ក្នុងការ​បន្តធ្វើ​សេរីភាវូបនីយកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​វិនិយោគ មេដឹកនាំ​ទាំងអស់​បាន​គូស​បញ្ជាក់​ថា យើង​និង​បន្ត​ពង្រីក​ទីផ្សារ​បន្ថែមទៀត ច្រានចោល​ការអនុវត្ត​ការ​គាំពារ​និយម ឯកតោភាគី​និយម និង​វិធានការ​ដទៃទៀត ដែល​មិន​អនុលោម​តាមច្បាប់​របស់​អង្គការ​ពាណិជ​កម្ម​ពិភពលោក​។

មេដឹកនាំ​ទាំងអស់​ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ប្រព្រឹត្ត​កម្ម​ពិសេស​និង​ដាច់ដោយឡែក​ជាមួយនឹង​អ្វី​ដែល​បាន​លើក​ឡើង​រួមគ្នា​នេះ​ មេដឹកនាំ​ទាំងអស់​ក៏បាន​ទទួលស្គាល់​នូវ​សារសំខាន់​ក្នុង​ការ​កែលម្អ កិច្ចសម្របសម្រួល​គយ រួមបញ្ចូល​ទាំង​ការលើកទឹកចិត្ត ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការ​សម្របសម្រួល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង រវាង​ស្ថាប័ន​ពាក់ព័ន្ធ និង​ការបញ្ចេញ​ទំនិញ​នៅ​តាម​ព្រំដែន ការផ្តល់​ជំនួយ​ទៅវិញទៅមក ការចែករំលែក​និង​កិច្ច​សហប្រតិបត្តិការ​ព័ត៌មាន ការ​បន្ស៊ី​ការអនុវត្ត​នីតិវិធី​គយ និង​នីតិវិធី​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​។

ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់​បានធ្វើ​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពណ៌ ខៀវ​ប្រកបដោយ​ចីរភាព និង​អំពាវនាវ​ឲ្យ​មានការ​អភិវឌ្ឍ​បន្ថែមទៀត នូវ​ការតភ្ជាប់​ផ្លូវ​សមុទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែ​ន​សមុទ្រ​អន្តរជាតិ រួម​ទាំង​កំពង់ផែ និង​ឧស្សាហកម្ម​ដឹកជញ្ជូន​តាម​នាវា ស្រប​ជាមួយនឹង​ការគ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ និង​ឆ្នេរសមុទ្រ​ប្រកបដោយ​ចីរភាព​។

ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដែល​មាន​ការ​តភ្ជាប់​គ្នា​ទៅវិញទៅមក មេដឹកនាំ​បាន​គាំទ្រ​ដល់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ទូលំទូលាយ​និង​ពហុ​បំណង ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ស្តង់ដារ​ជីវភាព​រស់នៅ ដែលជា​កាតាលីករ​ជំរុញ​ដោយ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។ ពិសេស​ទៅទៀត​នោះ មេដឹកនាំ​ទាំងអស់ ក៏បាន​គាំទ្រ​ការអនុវត្ត​គោលនយោបាយ និង​សកម្មភាព​នានា ដែល​ជួយ​ឲ្យ​បណ្តា​ប្រទេស​ពុំមាន​ព្រំប្រទល់​ជាប់​សមុទ្រ (Land-Look countries) អាច​ផ្លាស់ប្តូរ​ទៅជា​ប្រទេស​មាន​ការតភ្ជាប់​ទៅនឹង​ប្រទេស​ដទៃទៀត (Land-Linked) ដោយ​រួមបញ្ចូល​ទាំង​ការពង្រឹង​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​លើ​ការដឹកជញ្ជូន​ឆ្លងកាត់ និង​ហេដ្ឋារចនាសម្ព័ន្ធ​។



​ជា​មួយ​គ្នា​នេះ មេដឹកនាំ​ទាំងអស់ ក៏បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ រួមគ្នា​បំពេញ​នូវ​ការទទួលខុសត្រូវ​ផ្នែក​សង្គម និង​អនុវត្តន៍​គោលការណ៍​នានា ក្រោម​កិច្ចព្រមព្រៀង​សកល​របស់​អង្គការសហប្រជាជាតិ​។ ក្នុង​ការ​ប្តេជ្ញា​ការពារ​ភពផែនដី​ពី​ការបំផ្លាញ​នានា មេដឹកនាំ​ទាំងអស់ បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​អនាគត​មួយ ដែល​មាន​ធន់​ទ្រាំ​នឹង​អាកាសធាតុ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​នានា ដូចជា​ការការពារ​ប​រិ​ស្ថាន សេដ្ឋកិច្ច​វិលជុំ ថាមពល​ស្អាត​និង​ប្រសិទ្ធភាព​ថាមពល ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​ចីរភាព ពិសេស​គាំទ្រ​ការអនុវត្ត​សេចក្តីសម្រេច របស់​អង្គការសហប្រជាជាតិ ស្តីពី​ការពិនិត្យ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ សកម្មភាព​ក្នុង​ទសវត្ស​អន្តរជាតិ ហៅថា ទឹក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៨-២០២៨​។ មេដឹកនាំ​ក៏បាន​គាំទ្រ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​អំពើពុករលួយ និង​ប្រកាន់​ជំហរ​មិន​អត់ឱន ក្នុងការ​ប្រឆាំងនឹង​អំពើពុករលួយ អនុលោម​តាមច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជាតិ របស់​ប្រទេស​នីមួយៗ​។

​ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់​បាន​ស្វាគមន៍​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​អន្តរជាតិ ជាមួយនឹង​ប្រទេស​ចិន ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​គាំទ្រ​ឲ្យ​មាន​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​នេះ​ជា​ទៀងទាត់ អមដោយ​កម្មវិធី​បន្ទា​ប់​បន្សំ​ផ្សេងទៀត តាម​ដែល​អាចធ្វើ​ទៅបាន​។

​ជាមួយគ្នានេះ មេដឹកនាំ​ទាំងអស់ បាន​ថ្លែងអំណរគុណ និង​អបអរសាទរ ប្រទេស​ចិន ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ទន្ទឹងរង់ចាំ​ចូលរួម​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣​បន្តទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu