Ad Code

MCL 2019 ៖​ អង្គ​រថា​យ​ហ្គឺ​រ ទទួល​វិសាខា ហើយ​ប៉ូលីស​ប៉ះ​សូល​ទី​ឡូ​អង្គរ ខណៈ​គីរីវង់​ជួប​ណាហ្គា​វើ​ល​និង​ភ្នំពេញ​ក្រោ​ន ប៉ះ​អាស៊ី​អឺរ៉ុប



ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ទទួល​ក្រុម​វិសាខា ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ត្រូវ​ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ ខណៈ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជួប​ក្រុម​ណាហ្គា​វើ​ល​និង​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ សម្រាប់​សប្ដាហ៍​ទី​៥​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019)​។

*​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​វិសាខា
ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប៉ះ​ក្រុម​វិសាខា នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ផង​ដែរ​។ ប្រវត្តិ​ប៉ះគ្នា​ចំនួន​២​លើក​កន្លងមក​របស់​ក្រុម​ទាំង​២​ឃើញថា​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ មិន​ធ្លាប់​ឈ្នះ​វិសាខា នោះទេ​ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅដោយ​ជើង​ទី​១​វិសាខា ឈ្នះ​ទល់​០ ហើយ​ជើង​ទី​២​វិសាខា បន្ត​ឈ្នះ​៤​ទល់​១​។



ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជា​ក្រុម​មួយ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​គូប្រកួត​បាន​ច្រើន​ហើយ​មិនទាន់​ស្គាល់​បរាជ័យ​នោះ​ទេ​។ ក្រុម​នេះ​បាន​ព្យាយាម​កៀងគរ​រក​អ្នកគាំទ្រ​ឲ្យ​គ្រប់​ចំនួន​៥០០០​នាក់​ដើម្បី​បំបែក​កំណត់​ប្រកួត​ដែល​មាន​អ្នកទស្សនា​បាន​ច្រើនជាងគេ​ប្រចាំ​លី​គ​កំពូល​កម្ពុជា​បច្ចុប្បន្ន​។ ចំណែក​ក្រុម​វិសាខា វិញ​ក៏​ជា​ក្រុម​មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ​ដែរ​ ក្រោយ​កាន់កាប់​កៅអី​លេខ​៣​កំ​ពូល​តារាង​។ លោក ហុក សុ​ជី​វ័​ន្ត ចង់​បន្ត​រក​ជ័យជម្នះ​ដើម្បី​បន្ថែម​ពិន្ទុ​ប្រជែង​យក​ជើងឯក​ប្រចាំ​រដូវ​កាល​ផងដែរ​។

*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ប៉ះ​សូល​ទី​ឡូ​អង្គរ
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ខ្ចី​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា នឹងត្រូវ​បើកទ្វារ​ទីលាន​ទទួល​ស្វាគមន៍​ក្រុម​សូល​ទី​ឡូ​អង្គរ មកពី​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល ប្រកួត​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ក្រុម​ទាំង​២​ធ្លាប់មាន​ប្រវត្តិ​ប៉ះគ្នា​តែ​៤​លើក​នោះ​ទេ ​ព្រោះ​សូល​ទី​ឡូ​អង្គរ ជា​ក្រុម​ថ្មី ខណៈ​ប៉ូលិស ធ្លាប់​ឈ្នះ​បាន​៣​លើក​និង​ធ្លាប់​ស្មើគ្នា​១​លើក​។



ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុងតែ​កាន់​អាជ្ញា​ប័​ណ្ណ Pro License​។ យ៉ាង​ណា​ក្តី​ក្រុម​នេះ​នៅ​តំបន់​បាត​តារាង​នៅឡើយ​នោះ​ទេ ក្រោយ​ប្រកួត​ឈ្នះ​តែ​១​លើក និង​ចាញ់​រហូតដល់​៣​លើក​។ ចំណែក​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​ក៏​ស្ថិតនៅ​ដុនដាប​នៅឡើយ​ដែរ ព្រោះថា​ទើបតែ​មាន​១​ពិន្ទុ​កាន់​ប៉ុណ្ណោះ ខណៈ​ក្រុម​នេះ​បាន​ប្តូរផ្លាស់​តំណែង​គ្រូបង្វឹក​តែ​ប៉ុន្មាន​ថ្ងៃមុន​រដូវ​កាល​ចាប់ផ្តើម​ប៉ុណ្ណោះ​។

*​គីរីវង់​សុខ​សែន ប៉ះ​ណាហ្គា​វើ​ល
ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣និង៣០​នាទី លើ​ទីលាន​បាល់ទាត់​មជ្ឈមណ្ឌល​គុ​រ​កោសល្យ​ភូមិភាគ​ខេត្តតាកែវ ព្រោះ​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ជាប់​រៀបចំ​ព្រះ​រាជពិធី​ច្រត់​ព្រះ​ន​ង្គ​ល់​។ ជំនួប​ចុងក្រោយ​រវាង​ក្រុម​ទាំង​២​កាលពី​ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​យកឈ្នះ​ដោយ​លទ្ធផល​៣​ទល់​១​។

ក្រុម​គីរីវង់ នៅ​រដូវ​កាល​នេះ​បាន​យក​គ្រូបង្វឹក​ជនជាតិ​ថៃ Ekapob Potisai មក​ដឹកនាំ​ក្រុម​ខណៈ​ក្រុម​នេះ​រកបាន​ពិន្ទុ​តាំងពី​ប្រកួត​បើកឆាក​ម្តង​តែប៉ុណ្ណោះ ហើយ​៣​ប្រកួត​ចុងក្រោយ​បរាជ័យ​ទាំងអស់​។ កីឡាករ​ជនជាតិ​ម៉ាលី Souleymane Coulibaly ជា​ខ្សែប្រយុទ្ធ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​ក្រុម​។ យ៉ាង​ណា​ក្តី​ការស្វែងរក​៣​ពិន្ទុ​បន្ថែម​ពី​ក្នុង​ប្រកួត​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កាដូ​ជូន​អ្នកគាំទ្រ​លើ​ទឹកដី​របស់ខ្លួន​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល របស់លោក មាស ចាន់ណា វិញ​មាន​សម្ពាធ​ជាង​រាល់​ឆ្នាំ​ព្រោះ​ត្រូវ​រៀបចំ​ក្រុម​ប្រកួត​៣​ពានរង្វាន់​ផ្សេងគ្នា​គឺ​ក្នុង​ពានរង្វាន់ AFC Cup,​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។



*​ភ្នំពេញ​ក្រោ​ន ប៉ះ​អាស៊ី​អឺរ៉ុប
ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN Stadium របស់​ខ្លួន​ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅ​វេលា​ម៉ោង​៦​ល្ងាច ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផង​ដែរ​។ ជំនួប​ចុងក្រោយ​ក្នុង​ជើង​ទី​២​កាលពី​រដូវ​កាល​មុន​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល​៣​ទល់​២​។

​លោក Leonardo Vitorino គ្រូបង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន កំពុង​តែ​មាន​សម្ពាធ​ខ្លាំង​ដែល​ប៉ុន្មាន​ប្រកួត​បើកឆាក​ហាក់​ចាប់ផ្តើម​មិនសូវ​បាន​ល្អ ខណៈ​ក្លិប​មាន​កីឡាករ​ចាកចេញ​ច្រើន​កាលពី​ចុងឆ្នាំ​២០១៨​។ ភ្នំពេញ​ក្រោ​ន ទើបតែ​ឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៤​ប្រកួត​នេះ​ខណៈ​បរាជ័យ​រហូតដល់​៣​ប្រកួត​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប វិញ​គឺ​មាន​ការ​សហការ​ដឹក​នាំ​ពី​សំណាក់​គ្រូបង្វឹក​២​នាក់​មាន​លោក សុក វាសនា និង​លោក សំ វ៉ាន់​ដេ​ត​។ ៤​ប្រកួត​មកនេះ​អាស៊ី​អឺរ៉ុប ឈ្នះ​បាន​២​លើក​និង​ចាញ់​២​លើក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu