ភ្នំពេញ ៖ កិច្ចប្រជុំកំពូលតុមូលនៃវេទិកាខ្សែក្រវាត់និងផ្លូវលើកទី ២ សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិក្រោមប្រធានបទ “ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន” បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០១៩ ដែលក្នុងកិច្ចប្រជុំនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសជាដៃគូសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ បានអញ្ជើញចូលរួម ផងដែរ។
ប្រភពពីអ្នករាយការណ៍ព័ត៌មានទូរទស្សន៍ជាតិកម្ពុជា បានយដឹងថា កិច្ចប្រជុំកំពូលដែលធ្វើឡើងនៅរមណីយដ្ឋានលំហែកាយនៃមជ្ឈមណ្ឌលសន្និសីទអន្តរជាតិជាយក្រុងប៉េងកាំង។ តាមរបៀបវារៈដែលបានគ្រោងទុកបណ្តាមេដឹកនាំនៃប្រទេសកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើប្រធានបទការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន។
ឆ្លងតាមការពិភាក្សានៅថ្ងៃទី២ នេះ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូទាំងអស់ បានឯកភាពគ្នាឈានទៅចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលតុមូលរបស់ថ្នាក់ដឹកនាំនៃវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិមាន ៣៨ចំណុច ក្នុងនោះមេដឹកនាំទាំងអស់បានចាត់ទុកថា ការតភ្ជាប់គឺជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពាណិជ្ជកម្មទំនើប និងសេវាក៏ដូចជាការវិនិយោគ ការបង្កើនឱកាសការងារ និង ការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន។ ក្នុងន័យនេះ ការជំរុញភាពជាដៃគូសកលស្តីពីការតភ្ជាប់ផ្អែកលើតម្លាភាព ភាពបើកចំហ និង បរិយាប័ន្ន ផ្តល់នូវឱកាសសម្រាប់យើងទាំងអស់គ្នា។ មេដឹកនាំទាំងអស់បានប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិទាំងថ្នាក់អនុតំបន់ ថ្នាក់តំបន់ និង សកលលោក សំដៅឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់និងវិបុលភាពរួមគ្នា។
មេដឹកនាំទាំងអស់ ក៏បានគាំទ្រនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈជាសកល ផ្អែកលើមូលដ្ឋានច្បាប់ បើកចំហ មានតម្លាភាព និងគ្មានការរើសអើង ដោយយកអង្គការពាណិជ្ជកម្មពិភពលោក ជាស្នូល។ មេដឹកនាំទាំងអស់បានស្វាគមន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំជំរុញការពិភាក្សាពាក់ព័ន្ធនឹងរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពហើយនិងធ្វើការរួមគ្នាសំដៅលើកម្ពស់កិច្ចពិភាក្សាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៅអង្គការសហប្រជាជាតិក៏ដូចជាវេទិកាពហុភាគីដទៃទៀតនិងការលើកកម្ពស់ការរួមបញ្ចូលរវាងផែនការអភិវឌ្ឍដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមការតភ្ជាប់នានាដោយផ្អែកលើវឌ្ឍនភាពដែលសម្រេចបានកន្លងមក។
មេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់ផងដែរ លើកាលានុវត្តភាពបានមកពីគំនិតផ្តួចផ្តើម និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានាក្នុងចំណោមនោះរួមមាន ACMECS Master Plan (2019-2023) សហភាពអាហ្វ្រិក ដែលរួមមានកម្មវិធីសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅទ្វីអាហ្វ្រិក (PIDA) ផែនការតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) សម្ព័ន្ធអារ៉ាប់ សហគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន២០២៥ បណ្តាញទីក្រុងឆ្លាតអាស៊ាន និងគំនិតផ្តួចផ្តើមអាស៊ានស្តីពីការតភ្ជាប់ ក្រុមការងារស្វែងរកមាគ៌ារបស់ ASEM ស្តីពីការតភ្ជាប់ (SAEM Pathfinder Group on Connectivity) , BIMP-East ASEAN Growth Asea) ការតភ្ជាប់អាស៊ីកណ្តាល សហគមន៍អាមេរិកឡាទីន និងការាបៀន (CELAC) យុទ្ធសាស្ត្រផ្លូវសូត្រឌូបៃ យុទ្ធសាស្ត្រសហភាពអឺរ៉ុប ស្តីពីការតភ្ជាប់តំបន់អឺរ៉ុប និងអាស៊ី កម្មវិធីតភ្ជាប់ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន ភាពជាដៃគូអឺរ៉ុបខាងកើត សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កិច្ចសហប្រតិបត្តិការអឺរ៉ុប-អាស៊ី វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) មហាអនុតំបន់មេគង្គ (GMS) សម្ព័ន្ធភាពការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសកល គម្រោង G-Gobal កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង អង្គការនៃបណ្តារដ្ឋនៅទ្វីបអាមេរិក សម្ព័ន្ធប៉ាស៊ីហ្វិក វេទិកាកោះប៉ាស៊ីហ្វីក សហភាពម៉េឌីទែរ៉ាណេ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់រវាងដៃគូទាំងអស់។ ដោយបានប្តេជ្ញាចិត្តក្នុងការបន្តធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ មេដឹកនាំទាំងអស់បានគូសបញ្ជាក់ថា យើងនិងបន្តពង្រីកទីផ្សារបន្ថែមទៀត ច្រានចោលការអនុវត្តការគាំពារនិយម ឯកតោភាគីនិយម និងវិធានការដទៃទៀត ដែលមិនអនុលោមតាមច្បាប់របស់អង្គការពាណិជកម្មពិភពលោក។
មេដឹកនាំទាំងអស់ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព្រឹត្តកម្មពិសេសនិងដាច់ដោយឡែកជាមួយនឹងអ្វីដែលបានលើកឡើងរួមគ្នានេះ មេដឹកនាំទាំងអស់ក៏បានទទួលស្គាល់នូវសារសំខាន់ក្នុងការកែលម្អ កិច្ចសម្របសម្រួលគយ រួមបញ្ចូលទាំងការលើកទឹកចិត្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលឲ្យកាន់តែល្អប្រសើរឡើង រវាងស្ថាប័នពាក់ព័ន្ធ និងការបញ្ចេញទំនិញនៅតាមព្រំដែន ការផ្តល់ជំនួយទៅវិញទៅមក ការចែករំលែកនិងកិច្ចសហប្រតិបត្តិការព័ត៌មាន ការបន្ស៊ីការអនុវត្តនីតិវិធីគយ និងនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
ជាមួយគ្នានេះមេដឹកនាំទាំងអស់បានធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ ខៀវប្រកបដោយចីរភាព និងអំពាវនាវឲ្យមានការអភិវឌ្ឍបន្ថែមទៀត នូវការតភ្ជាប់ផ្លូវសមុទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រអន្តរជាតិ រួមទាំងកំពង់ផែ និងឧស្សាហកម្មដឹកជញ្ជូនតាមនាវា ស្របជាមួយនឹងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរសមុទ្រប្រកបដោយចីរភាព។
ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលមានការតភ្ជាប់គ្នាទៅវិញទៅមក មេដឹកនាំបានគាំទ្រដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទូលំទូលាយនិងពហុបំណង ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ដែលជាកាតាលីករជំរុញដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ពិសេសទៅទៀតនោះ មេដឹកនាំទាំងអស់ ក៏បានគាំទ្រការអនុវត្តគោលនយោបាយ និងសកម្មភាពនានា ដែលជួយឲ្យបណ្តាប្រទេសពុំមានព្រំប្រទល់ជាប់សមុទ្រ (Land-Look countries) អាចផ្លាស់ប្តូរទៅជាប្រទេសមានការតភ្ជាប់ទៅនឹងប្រទេសដទៃទៀត (Land-Linked) ដោយរួមបញ្ចូលទាំងការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនឆ្លងកាត់ និងហេដ្ឋារចនាសម្ព័ន្ធ។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ រួមគ្នាបំពេញនូវការទទួលខុសត្រូវផ្នែកសង្គម និងអនុវត្តន៍គោលការណ៍នានា ក្រោមកិច្ចព្រមព្រៀងសកលរបស់អង្គការសហប្រជាជាតិ។ ក្នុងការប្តេជ្ញាការពារភពផែនដីពីការបំផ្លាញនានា មេដឹកនាំទាំងអស់ បានសម្លឹងឆ្ពោះទៅរកអនាគតមួយ ដែលមានធន់ទ្រាំនឹងអាកាសធាតុ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ដូចជាការការពារបរិស្ថាន សេដ្ឋកិច្ចវិលជុំ ថាមពលស្អាតនិងប្រសិទ្ធភាពថាមពល ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពិសេសគាំទ្រការអនុវត្តសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីការពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយ សកម្មភាពក្នុងទសវត្សអន្តរជាតិ ហៅថា ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៨-២០២៨។ មេដឹកនាំក៏បានគាំទ្រ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងអំពើពុករលួយ និងប្រកាន់ជំហរមិនអត់ឱន ក្នុងការប្រឆាំងនឹងអំពើពុករលួយ អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាតិ របស់ប្រទេសនីមួយៗ។
ជាមួយគ្នានេះមេដឹកនាំទាំងអស់បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិ ជាមួយនឹងប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគាំទ្រឲ្យមានវេទិកាខ្សែក្រវាត់និងផ្លូវនេះជាទៀងទាត់ អមដោយកម្មវិធីបន្ទាប់បន្សំផ្សេងទៀត តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានថ្លែងអំណរគុណ និងអបអរសាទរ ប្រទេសចិន ចំពោះការធ្វើជាម្ចាស់ផ្ទះវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទន្ទឹងរង់ចាំចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣បន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments