Ad Code

ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​រថយន្ត​យី​ឌុប​ដឹក​ឈើ​ ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ



ស្ទឹងត្រែង ៖ រថយន្ត​យី​ឌុប1 គ្រឿង ​ដឹក​ឈើ​ខុសច្បាប់​ ត្រូវបាន​ លោក​វរសេនីយ៍ឯក ​វ៉ា សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​នៅក្នុង​ទឹកដី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ប្រគល់​ឲ្យ​ជំនាញ​ចាត់ការ​បន្ត។

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​រថយន្ត​ដឹកឈើ​ខាងលើនេះ​ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង 21 និង 30 នាទី​យប់ ​ថ្ងៃទី 9 ខែមេសា ​ឆ្នាំ 2019 នៅ​ចំណុច​ភូមិ​ឆ្វាំង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ត​ស្ទឹងត្រែង​។​

លោក​វរសេនីយ៍ឯក​ វ៉ា សុផាន់ ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ​រថយន្ត​យី​ឌុប​ខាងលើនេះ​ តែងតែ​លបលួច​ធ្វើ​សកម្មភាព​នៅក្នុង​ចំណុច​ខាងលើ​ជា​យូរណាស់​មកហើយ ដោយសារតែ​មានការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដោយ​កម្លាំង​ជំនាញ​រយៈពេល​យូរ​ ទើប​ឈានដល់​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ​បាន​។​

តាម​ប្រភពព័ត៌មាន​បាន​និយាយថា​ រថយន្ត​យី​ឌុប​ដែល​សមត្ថកិច្ច​បង្ក្រាប​នេះ ​ត្រូវ​បាន​គេ​កែច្នៃ​ឈើ​គ្រឿងផ្ទះ​ធ្វើជា​ឈើ​ចាស់​ដែល​គេ​យកទៅ​ត្រាំ​ទឹក​ ឬក៏​គេ​វាយ​ដែកគោល ហើយ​ដាក់​ពាក្យ​សុំ​ថា​ជា​ឈើ​គ្រឿងផ្ទះ តែ​ការពិត​ឈើ​នោះ ​សុទ្ធសឹងតែ​ជាថ្មី​តែ​គេ​កែច្នៃ​វ៉ៃ​ដែកគោល​លាក់​បន្លែបន្លំ​ភ្នែក​សមត្ថកិច្ច​ តែ​ក្រោយពី​ការស៊ើបអង្កេត​ដឹង​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង​ និង​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប ​និង​រឹបអូស​រថយន្ត​នោះមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ប្រគល់​ឲ្យ​ជំនាញ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ​រថយន្ត​នេះ ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ និង​មាន​សុំច្បាប់​ថា​ជា​ឈឺ​ផ្ទះ​ចាស់​ៗ ​តែ​តាម​ការពិត​ឈើ​ទាំងនោះ សុទ្ធសឹងតែ​ជា​ឈើ​ថ្មី​គេ​យកមក​ត្រាំ​ទឹក​ឲ្យ​ក្លាយជា​ឈើ​ចាស់ៗ​ដើម្បី​សុំច្បាប់​ដឹកជញ្ជូន​យកទៅ​កាន់​ទីផ្សារ​ ដើម្បី​លក់​ចំណេញ​យក​ប្រាក់​តែប៉ុណ្ណោះ​។​

ប្រភព​បាន​បន្តទៀតថា ​ការដឹកជញ្ជូន​បាន​នូវ​ឈើ​ខុសច្បាប់​នេះ ​វា​អាស្រ័យ​ដោយសារតែ​មានការ​ត្រូវរ៉ូវ​ពី​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ​និង​ការ​ត្រូវរ៉ូវ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ហើយ​បើសិនជា​គ្មាន​ការស៊ើបអង្កេត​ពី​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះទេ ​រថយន្ត​ទាំងនេះ ​គឺ​មិនអាច​បង្ក្រាប​បានឡើយ​ និង​ធ្វើ​ការ​ដឹកជញ្ជូន​ជា​រៀង​រហូត​តែ​ក្រោយពី​ការ​ចុះ​បង្ក្រាប​របស់​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រកឃើញ​រថយន្ត​ដឹកឈើ​ទើប​សហការ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​តែម្ដង​។​

បច្ចុប្បន្ន​ រថយន្ត​ដឹកឈើ ​ត្រូវបាន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​ ចំណែក​ឈើ​ដែល​នៅ​ក្នុង​រថយន្ត​នោះ គេ​មិនទាន់​បាន​ធ្វើការ​វាស់​វែង​នៅឡើយ​ទេ ​បើ​តាម​ការ​ប៉ាន់ស្មាន​មាន​ប្រហែល​ជាជាង 10​ម៉ែត្រ​គូប​ឯណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu