Ad Code

ជនបរទេស​២​នាក់ មក​លោត​ចូល​ស្ថានទូត​ទួរគី​ទាំង​ព្រលឹម ​ត្រូវ​ចាប់ខ្លួន​



ភ្នំពេញ ​៖​ ជនបរទេស​២​នាក់ ​ត្រូវបាន​ត្រូវបាន​កម្លាំង​ប្រចាំ​ការទូត​ទួរគី​ឃាត់ខ្លួន​យកមក​ប្រគល់ជូន​កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន​ឲ្យ​ចាត់​ការបន្ត​ដោយសារតែ​ជន​បរទេស​២​នាក់​នោះ ​មាន​ម្នា​ក់បាន​លោត​ចូល​ក្នុង​ស្ថានទូត ​និង​ម្នាក់ទៀត​នៅចាំ​ខាងក្រៅ​។​

ហេតុការណ៍​ភ្ញាក់​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ពុធ​៦​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១០ ​ខែមេសា ឆ្នាំ២០១៩ ​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រឹក​នៅ​ចំណុច​ស្ថានទូត​ទួរគី​ ទីតាំង​ផ្ទះ​លេខ​3 ផ្លូវ​លេខ​២៥៤​ ភូមិ​៤​ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា ​ជនបរទេស​០២​នាក់ ​ដែល​ត្រូវ​បាន​កម្លាំង​កង​កិត្តិយស​នៅ​ការពារ​ស្ថានទូត​ទួរគី​បាន​ឃាត់ខ្លួន​យកមក​ប្រគល់​ជូន​ ពីបទ​លោត​ចូលក្នុង​ស្ថានទូត​ទួរគី​នោះ​ ទី​១​-ឈ្មោះ​JAMES DONAGHLIE ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​អង់​គ្លេស (​បាន​លោត​ចូលទៅក្នុង​ស្ថានទូត​ទួរគី​)​។ ទី​២-ឈ្មោះ ​LITTLE JOSH ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជន​ជាតិ​អង់គ្លេស បាន​ឈរ​ចាំ​នៅ​ខាងក្រៅ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​ គេ​ឃើញ​ជនបរទេស​២​នាក់ ​មិន​ដឹង​ជា​មកពី​កន្លែង​ណា​នោះទេ​ ដែល​គេ​សង្ស័យថា ​អាចជា​មនុស្ស​បែក​ថ្នាំ​ខ្លះ​ផង​ បាន​ដើរ​មកដល់​ខាងមុខ​ស្ថានទូត​ទួរគី​ ហើយ​ម្នាក់​បាន​នៅចាំ​ខាងក្រៅ​ និង​ម្នាក់ទៀត ​បាន​រត់​ចូលទៅក្នុង​ស្ថានទូត​ពេលនោះ​កម្លាំង​ប្រចាំការ​របស់​ស្ថានទូត​មានការ​ភ្ញាក់ផ្អើល ​និង​ចាប់​ពួកគេ​ភ្លាមៗ​យកមក​ប្រគល់ជូន​សមត្ថកិច្ច​មូលដ្ឋាន​តែម្ដង​។​

សមត្ថកិច្ច​មូលដ្ឋាន​ បាន​បញ្ជាក់​ថា ​ចំពោះ​ជនបរទេស​២​នាក់​នោះ ​គឺ​កម្លាំង​មូលដ្ឋាន​បាន​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជនបរទេស ​ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​ចាត់ការ​បន្ត​ទៀត​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu