សៀមរាប ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូសហគ្រិនវ័យក្មេង ដឹកនាំដោយ លោក ឡាយ គឹមសួ ប្រធានសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប ចូលជួបសម្ដែងការគួរសម ដើម្បីទទួលបានអនុសាសន៍ បច្ចេកទេសមួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រិនវ័យក្មេងយកទៅអនុវត្ត ព្រមទាំងបានធ្វើការបង្ហាញអំពីគម្រោង ផែនការគោលរបស់សហគ្រិនវ័យក្មេង សម្រាប់ទៅថ្ងៃអនាគតផងដែរ។
តាមការពន្យល់បង្ហាញរបស់ លោក ឡាយ គឹមសួ អំពីគម្រោងដែលពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាខេត្តមានសក្ដានុពលលើវិស័យទេសចរណ៍ ដើម្បីធ្វើការទាក់ទាញដល់ភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្ត បានស្នាក់នៅរយៈពេលយូរ និង ច្រើនថ្ងៃ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ជាតិ និង ប្រជាជនខេត្តសៀមរាបផងដែរ។
ក្នុងនោះលោកក៏បានលើកផងដែរថា នៅទូទាំងខេត្តសៀមរាបមានប្រជាពលរដ្ឋប្រមាណ ៨២%ជាប្រជាកសិករ។ លោកក៏បានលើកផងដែរ ពីទិន្នន័យដោយសង្ខេបមួយចំនួន យកមកធ្វើការបង្ហាញ ។ ក្នុងនោះលោកក៏បានលើកពីបញ្ហាប្រឈមមួយចំនួន របស់យុវជនមួយចំនួន ដោយកង្វះនូវចំណេះដឹង ធនធាន មិនទទួលបានការបណ្តុះបណ្តាលមុខជំនាញ បច្ចេកទេសជាដើម។
លោក ឡាយ គឹមសួ បានគូសបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមក សហគ្រិនវ័យក្មេង ក៏បានធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ បច្ចេកទេសជាមួយបណ្តាសហគ្រិនវ័យក្មេងពីបណ្តាប្រទេសមួយចំនួន ក្នុងការបណ្ដុះបណ្ដាលនូវចំណេះដឹងបន្ថែម ដើម្បី បង្កើននូវកម្រិតយល់ដឹង បង្កើននូវធនធានមនុស្សនៅកម្ពុជា។
លោកបានបញ្ជាក់ថា ក្រៅពីការស្នូលរបស់សហគ្រិនវ័យក្មេង ក៏បានចូលរួមការងារសង្គម លើការជំរុញដល់សមាជិកសហគ្រិន បានទៅចូលរួមធ្វើការបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យ ក្នុងខេត្ត ដើម្បីធ្វើការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលខ្វះខាតឈាម ព្រមទាំងធ្វើការជិះកង់ប្រមូលមូលនិធិ ដើម្បីទ្រទ្រង់ ដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង។
លោកក៏បានឲ្យដឹងផងដែរថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមសហគ្រិនវ័យក្មេង មានរៀបចំពិធីបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យ ដែលមានចំនួនអ្នកចូលរួមកើនឡើងជាងឆ្នាំមុនផងដែរ ។ លោកប្រធាន ក៏បានលើកនូវសំណូមពរមួយចំនួន ដល់ឯកឧត្ដមអភិបាលខេត្ត ក្នុងឱកាសខេត្តជួបជាមួយបណ្តាអ្នកវិនិយោគបរទេស ដើម្បី ងាយស្រួលស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងគោលដៅស្វែងរកទីផ្សារសម្រាប់ប្រជាកសិករកម្ពុជាយើងផងដែរ។
ឆ្លងតាមកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ រវាងវិស័យរដ្ឋ និង ឯកជន ដោយផ្តោតទៅលើបញ្ហា នៃសមាគមសណ្ឋាគារ ផ្ទះសំណាក់ អំពីតម្លៃការស្នាក់នៅ ឲ្យបានត្រឹមត្រូវទៅតាមតម្លៃស្តង់ដារ លំដាប់សណ្ឋាគារ ដើម្បីធានាដល់សេវាផ្ទះសំណាក់ កុំឲ្យជះនូវឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រ ដែលបានកំពុងមានភាពទាក់ទាញភ្ញៀវចូលមកទស្សនាកម្សាន្ត។
មានប្រសាសន៍នោះដែរ លោក ទៀ សីហា ក៏បានកោតសរសើរពីភាពវៃឆ្លាតរបស់សហគ្រិនវ័យក្មេងកម្ពុជា ដែលតែងស្វែងរកនូវកម្មវិធីថ្មីៗ ប្លែកៗ ដើម្បីកសាងអនាគតដល់យុវជនកម្ពុជា។
លោកក៏បានលើកផងដែរ អំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ នៅពេលខាងមុខនេះ ខេត្តសៀមរាប នឹងធ្វើការពង្រីកនូវវិសាលភាពលើវិស័យទេសចរណ៍ នៅតាមតំបន់មួយចំនួន សំខាន់ គឺនៅភ្នំគូលែន ដែលជាតំបន់មានសក្ដានុពល ជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង«ទេសចរណ៍បែបផ្សងព្រេង»ដ៏ទាក់ទាញថ្មីមួយទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឲ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម។
ឯកឧត្ដមបានបន្តទៀតថា បច្ចុប្បន្ននេះខេត្តបានកំពុងដោះស្រាយបញ្ហាមួយចំនួន ដោយបើកយុទ្ធនាការធ្វើការដាំដុះកូនឈើឡើងវិញ នៅតាមតំបន់ដីរបស់រដ្ឋដែលរងការកាប់បំផ្លាញ ដោយមានកិច្ចសហការជាមួយមន្ទីរបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ ដើម្បីជាការរំលឹកពញាក់ស្មារតីបងប្អូន អំពីការបាត់បង់ព្រៃឈើ តើយើង ទទួលរងគ្រោះអ្វីខ្លះពីធម្មជាតិវិញ ហើយការដាំដុះកូនឈើឡើងវិញ យើងនឹងទទួលបានអត្ថប្រយោជន៍ធំធេង តាមរយៈវិស័យ ទេសចរណ៍ គឺជាតំបន់ទេសចរណ៍មាសបៃតង។
ក្នុងនោះលោកក៏បានបញ្ជាក់ពីការយកចិត្តរបស់អាជ្ញាធរខេត្ត លើការងារ សន្តិសុខ សណ្ដាប់ធ្នាប់ខ្ពស់ ដោយខេត្តសៀមរាប ជាកន្លែងប្រមូលផ្ដុំចំពោះគណៈប្រតិភូជាន់ខ្ពស់ ថ្នាក់ជាតិ អន្តរជាតិ ចូលរួមកិច្ចប្រជុំ រួមទាំងការងារចរាចរណ៍ ដែលជាចំណោទបញ្ហា ដែលខេត្តបានកំពុងដោះស្រាយ ដោយក្រុងសៀមរាបជាក្រុងបុរាណកាលដែលមានផ្លូវតូចៗ ហើយខេត្តបានកំពុងធ្វើការពង្រីក និង កែលំអផ្លូវមួយចំនួន ក្នុងការរំដោះភាពកកស្ទះចរាចរណ៍នៅក្នុងក្រុង។
ឯកឧត្ដមក៏បានសំណូមពរដល់សហគ្រិនវ័យក្មេង ត្រូវយកចិត្តទុកដាក់ចំពោះវិស័យកសិកម្ម ដើម្បីធ្វើការស្វែងរកនូវ ទីផ្សារ សម្រាប់បងប្អូនប្រជាកសិករខ្មែរយើង ក្នុងការលើកកម្ពស់ដល់ផលិតផលក្នុងស្រុកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments