Ad Code

ប្រព័ន្ធ​ផ្សព្វផ្សាយ​ ៖​ លោក Netanyahu ត្រៀមខ្លួន​ដើម្បី​ឈ្នះ​ការបោះឆ្នោត​អ៊ីស្រាអែល



ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ទទួល​បាន​តំណែង​អាណត្តិ​ទី​៥​នៅ​ថ្ងៃ​ពុធ​ បន្ទាប់ពី​លទ្ធផល​ស្ទើរតែ​ទាំងស្រុង​ពី​ការបោះឆ្នោត​សកល​របស់​ប្រទេស​អ៊ីស្រាអែល​បាន​បង្ហាញ​ថា លោក​អាច​បង្កើត​រដ្ឋាភិបាលចម្រុះ​ស្តាំនិយម​មួយ​បាន​។​

ថ្វីបើ​មានការ​ចោទប្រកាន់​ពី​អំពើពុករលួយ​ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី​វ័យ​៦៩​ឆ្នាំ​រូបនេះ​ក៏ដោយ ជ័យជម្នះ​នេះ​នឹងធ្វើ​ឲ្យ​លោក​ឆ្ពោះទៅ​កាន់ការ​ក្លាយទៅជា​នាយករដ្ឋមន្ត្រី​ដែល​បម្រើការ​យូរ​បំផុត​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ចុងឆ្នាំ​នេះ​។​

គណបក្ស Likud របស់លោក​ទំនងជា​នឹង​បញ្ចប់​ជាមួយ​អាសនៈ​ក្នុង​ចំនួន​ដូចគ្នា​នៅក្នុង​រដ្ឋសភា​បើ​ប្រៀបធៀប​ទៅនឹង​គូប្រជែង​ដ៏​សំខាន់​របស់លោក​ដែលជា​អតីត​ប្រមុខ​យោធា​លោក Benny Gantz នៃ​សម្ព័ន្ធភាព Blue and White ។​

ប៉ុន្តែ​ខណៈ​សន្លឹកឆ្នោត​៩៧​ភាគរយ​ត្រូវបាន​រាប់​នោះ លទ្ធផល​បាន​បង្ហាញថា គណបក្ស Likud និង​គណបក្ស​ស្តាំនិយម​ផ្សេងទៀត​បាន​ចងសម្ព័ន្ធភាព​ជាមួយ​លោក​ជាមួយនឹង​អាសនៈ​ចំនួន​៦៥​នៅក្នុង​សភា​ដែលមាន​១២០​អាសនៈ​។​

ការប្រកួតប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​រវាង​គណបក្ស​សំខាន់​ទាំង​ពីរបាន​នាំ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​ប​ន្ទា​ប់​ពី​ការបោះឆ្នោត​បាន​បិទ​កាលពី​យប់​ថ្ងៃ​អង្គា​រហើយ​ការស្ទង់មតិ​ចុងក្រោយ​ត្រូវបាន​បញ្ចេញ​។​

ទាំង​លោក Netanyahu និង​លោក Gantz បាន​អះអាង​ពី​ជ័យជម្នះ​បន្ទាប់ពី​ការ​ស្ទាបស្ទង់​មតិ​ចុងក្រោយ​បានបង្ហាញ​ពីដំបូង​ថា សម្ព័ន្ធភាព Blue and White ទទួលបាន​អាសនៈ​ភាគច្រើន​។​

ប៉ុន្តែ​នៅពេល​លោក Netanyahu ត្រូវបាន​គេ​បង្ហាញថា​ស្ថិតក្នុង​ទីតាំង​ល្អ​បំផុត​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​នោះ គណបក្ស​ទាំងពីរ​មិនមាន​សំឡេង​ភាគច្រើន​ទេ​។​

ការបោះឆ្នោត​នេះ​ត្រូវបាន​គេ​រំពឹង​ទុកជា​យូរ​មកហើយ​ថា​នឹងមាន​ភាព​តានតឹង​ហើយ​នាំ​ឲ្យ​មានការ​ចរចា​គ្នា​ដ៏​តក់ស្លុត​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​បើទោះបីជា​លោក Netanyahu កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ពុករលួយ​ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu