Ad Code

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​កិច្ចប្រជុំ ​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​លូ អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ



ព្រះសីហនុ​ ៖​ ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ។

ពិធី​នេះ​ បានធ្វើ​ឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​លូ អូរ ប្រឡាយ ដោយមាន​ការ ចូលរួម​ពី​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។ លោក ហេង ប៉េង​ហាក់ ប្រធាន​សាខា​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM បានលើកឡើង​ពី​ បញ្ហា​ងាយស្រួល និង​ប្រឈម​មួយ​ចំនួន នាពេល​បច្ចុប្បន្ន​។ ក្នុងនោះ​បញ្ហា​ប្រឈម មានដូចជា ទី​១- ខ្វះ​កម្លាំង​ពលកម្ម ២- ទីលាន​ចាក់សំរាម​នៅ​ឆ្ងាយ ៣-​ការ​ស្ទះ​ចរាចរណ៍ ៤- ហេដ្ឋារចនាសម្ព័ន្ធ​មិនអាច​ចូលទៅ​ប្រមូល​សំរាម​បាន។ ដែល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បាន​ប្រមូល​សំរាម​ចម្រុះ ដោយ​វេច​ខ្ចប់​មិនបាន​ញែក​ចេញ ដូចជា​សំបក​កេស និង​កំប៉ុង ម្យ៉ាងទៀត​សំរាម​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​មិនបាន​ទៀងទាត់ ។ លោក​ក៏បាន​សំណូមពរ​ប្រជាពលរដ្ឋ​ចូលរួម​សហការ វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ទើប​ទីក្រុង​របស់​យើង​មាន​សោភ័ណភាព។ ជាមួយ​គ្នា​នេះ​ផង​ដែរ អាជ្ញាធរ​ភូមិ និង​សង្កាត់​ទាំង​៤ ក៏​បានលើកឡើង​ពី​បញ្ហា​ប្រឈម នាពេល​បច្ចុប្បន្ន​ក្នុង​ក្រុងព្រះសីហនុ ដោយបាន​លើកឡើងថា ក្រុមហ៊ុន​ប្រមូល​សំរាម KSWM មិន​បានមក​ប្រមូល​សំរាម​បាន​ទាន់ពេលវេលា និង​មិនបាន​ភ្ជាប់​សេវា​ប្រមូល​សំរាម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​អាជ្ញាធរ​ភូមិ សង្កាត់​នៅ​រង់ចាំ​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម ដើម្បី​ភ្ជាប់​សេវា​សំរាម និង​ប្រមូល​សំរាម​ចេញពី​ក្រុង​ព្រះសីហនុ ក្នុង​គោលបំណង​លើកស្ទួយ សោភណភាព បរិស្ថាន​ល្អ ជា​​ក្រុង​ទេសចរណ៍​ឱ្យមាន​ភាព​ទាក់ទាញ និង​បៃតង ។

មាន​ប្រសាសន៍​ឆ្លើយតប​នឹង​ការលើកឡើង​នេះដែរ​ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​លូ អូរ ប្រឡាយ បានធ្វើការ​ពិភាក្សា ពិគ្រោះ​យោបល់ និង​បាន​វាយតម្លៃ ព្រមទាំង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ភូមិ សង្កាត់ ចូលរួម ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម គឺ​ទី​១ រក​ទីតាំង​ដាក់​ធុងសំរាម និង​សហការ​ជាមួយ​ក្រុមហ៊ុន KSWM ប្រមូល​សំរាម​ក្នុងការ​ផ្ទេរ​ដឹក​សំរាម​ចេញ​បាន​ទាន់ ពេលវេលា។ ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​យល់ដឹង​ក្នុងការ​ទុកដាក់ វេច​ខ្ចប់​សំរាម និង​បែងចែក​ពេលវេលា​ក្នុងការ​បញ្ចេញ​សំរាម​នៅតាម​ទីតាំង​ដែល​បានកំណត់។ ទី​២ ចំពោះ​សំរាម​ដែល​បោះចោល​ក្នុង​អូរ ប្រឡាយ ត្រូវ​រួម គ្នា​ដោះស្រាយ ចុះ​ស្តារ​ឡើងវិញ និង​រក​មធ្យោបាយ​កែ​លម្អ​អនាម័យ បរិស្ថាន​នៅ​តាម​ភូមិ សង្កាត់ ឱ្យ​មាន​សោភ័ណភាព ជាទី​ក្រុង​ទេសចរណ៍ នា​ទិស​និរតី ពិសេស​ដោយសារតែ​នៅ​ខែ​ខាងមុខ​រដូវ ភ្លៀង​នឹង​ចូល​មក​ដល់ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​សំរាម​ក្នុង​អូរ ប្រឡាយ នាំឱ្យ​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ជន់​លេច​ផ្ទះ​ប្រជា​ពល រដ្ឋ​ក្នុង​ក្រុងព្រះសីហនុ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu