Ad Code

លោក គីម ទៅដល់​ប្រទេស​រុស្ស៊ី​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក ពូ​ទីន​



មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ឆ្លង​ព្រំដែន​ចូលក្នុង​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​លើកដំបូង​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ខណៈ​ទីក្រុង​ព្យុងយ៉ាង​កំពុង​ស្វែងរក​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​របស់ខ្លួន​ស្របពេល​មានការ​ជាប់គាំង​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​។

​កិច្ចប្រជុំ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង Vladivostok នឹង​ក្លាយ ជា​កិច្ចពិភាក្សា​ទល់មុខ​ជា​លើកដំបូង​របស់លោក​គីម​ជាមួយ​ប្រមុខរដ្ឋ​ផ្សេងទៀត​ចាប់​តាំងពី​កិច្ចចរចា​របស់​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​នៅ​ទីក្រុង​ហាណូយ​បាន​ដួល​រលំ​កាលពី​ខែកុម្ភៈ​។

​មុននេះ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ពី​ការ​ចាកចេញ​របស់លោក​តាម​រថភ្លើង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់លោក​ឈ្មោះ Ri Yong Ho ដែល​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួប​កំពូល​នៅ​ប្រទេស​វៀតណាម​ថា ជំហរ​របស់​ប្រទេស​នេះ​នឹងមិន​ផ្លាស់ប្តូរ​ទេ​។

ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​បាន​រាយ​កាណ៍​ថា រថភ្លើង​ពាស​ដែក​ឯកជន​របស់​លោក​គីម​បាន​មកដល់​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ព្រំដែន​រុស្ស៊ី Khasan​។ទង់ជាតិ​រុស្ស៊ី​និង​កូរ៉េខាងជើង​ត្រូវ​បានដាក់​រួចទៅហើយ​នៅតាម​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​កាលពី​ថ្ងៃ​អង្គា​រលើ​កោះ Russky របស់​ទីក្រុង Vladivostok ដែលជា​កន្លែង​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សកលវិទ្យា​ល័យ​មួយ​។

កិច្ចពិភាក្សា​នេះ​បានធ្វើ​ឡើង​តាម​ការអញ្ជើញ​ម្តង​ហើយ​ម្តងទៀត​ពី​លោកពូ​ទីន​ចាប់តាំងពី​លោក​គីម​បានចាប់ផ្តើម​ដំណើរការ​ការទូត​រប​ស់លោក​កាលពី​ឆ្នាំមុន​។ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៨​មក មេដឹកនាំ​កូរ៉េខាងជើង​បានរៀបចំ​កិច្ចប្រជុំ​ចំនួន​៤​លើក​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ភីង​, ៣​លើក​ជាមួយ​លោក​មូ​ន​ចេ​អ៊ី​ន​របស់​កូរ៉េខាងត្បូង​, ២​លើក​ជាមួយ​លោក​ត្រាំ និង​មួយ​លើក​ជាមួយ​ប្រធានាធិបតី​វៀតណាម​។ ក្រុមអ្នកវិភាគ​បាន​និយាយថា ឥឡូវនេះ​គាត់​កំពុង​ស្វែងរក​ការគាំទ្រ​អន្តរជាតិ​ដ៏​ទូលំទូលាយ​ក្នុងការ​ប្រឈម​មុខរប​ស់​គាត់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu