Ad Code

បញ្ជូន​ថៅកែ​ឃ្លាំង​រថយន្ត​បង់​រំលស់​បោកប្រាស់ ​ឡើង​តុលាការ​ បន្ទាប់ពី​គ្មាន​ប្រាក់​សង​អតិថិជន​ជាង​៣​លាន​ដុល្លារ



ភ្នំពេញ ៖ ថៅកែ​ឃ្លាំង​រថយន្ត​បង់​រំលស់ ​ដែល​មានតែ​ឈ្មោះ ធ្វើ​ការ​រក​ស៊ី​បោកប្រាស់​អតិថិជន​ជាង​១០០​នាក់​អស់​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អាមេរិក​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​បញ្ជូន​មក​តុលាការ​ហើយ ​នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​អស់​លទ្ធភាព ​ដោយសារ​ជន​ឆបោក​នេះ ​គ្មាន​ប្រាក់​សង​អតិថិជន​វិញ។

អតិថិជន ឬ​អាច​ហៅថា​ជា​ជនរងគ្រោះ​ជាង​១០០​នាក់​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​ករណី​ម្ចាស់​ឃ្លាំង​ទិញ លក់ បង់​រំលស់​រថយន្ត​យីហោ សេង ហ៊ួ​ត ឆបោក​រួចមក ពេល​នេះ​ថៅកែ​ឃ្លាំង​ទិញ លក់ បង់​រំលស់​រថយន្ត​យីហោ សេង ហ៊ួ​ត​ត្រូវបាន​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និង​ទុក​រយៈពេល​៤៨​ម៉ោង ដើម្បី​ធ្វើការ ដោះស្រាយ ជាមួយ​អតិថិជន ពាក់ព័ន្ធ​ករណី​ឆបោក​លុយ ជាង​៣​លាន​ដុល្លារ ដែល​អតិថិជន ទិញ​រថយន្ត បង់​រំលស់ ពី​ហាង​លក់​រថយន្ត​ខាងលើនេះ​។​

ម្ចាស់​ឃ្លាំង​លក់​រថយន្ត សេង ហ៊ួ​ត ឈ្មោះ សេង សុ​ភ័​ក្រ មាន ទីតាំង​នៅតាម​បណ្ដោយ ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ជួល​រថយន្ត​ពី​កា​រ៉ា​ស់​ផ្សេងៗ យកមក​ដាក់តាំង​បន្លំ​ភ្នែក​អតិថិជន ធ្វើ​ដូចជា​ការទិញ​លក់​បង់​រំលស់​ជូន​អតិថិជន លុះ​ពេល​អតិថិជន​បង់លុយ​ខ្លះ​ក៏​បង់​គ្រប់ ខ្លះ​នៅ​ខ្វះ​មួយចំនួន​តូច បែរជា​មិនបាន​ទទួល​រថយន្ត​ដែល​ខ្លួន​ប​ង់លុយ​នោះ ហើយ​ឃ្លាំង​ក៏​បិទទ្វារ ថៅកែ​បិទ​ទូរស័ព្ទ លុយ​ក៏​បាត់បង់​គ្មាន​អ្នកទទួលខុសត្រូវ ទើប​ម្នាក់ៗ​ចែកផ្លូវ​គ្នា​ដើររក​ថៅកែ​បោក​ប្រា​ស់នេះ។​

លុះ​នៅវេលា​ម៉ោង​១១៖១០​នាទី ថ្ងៃត្រង់ ទី​២១ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ហាង​ម៉ា​ស្ទ័​រ ស៊ូ​គី​ស៊ុប ទល់មុខ​កងរាជអាវុធហត្ថ លើ ផ្ទៃ​ប្រទេស តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ អតិថិជន​ដែល​ចាញ់បោក​ក៏បាន​ប្រទះឃើញ​លោក សេង សុ​ភ័​ក្រ ថៅកែ​ឃ្លាំង សេង ហ៊ួ​ត នាំ​ប្រពន្ធ​ចូល​ហាង​ម៉ា​ស្ទ័​រ​ស៊ូ​គី​ស៊ុប ហ្គោល បាន​នាំខ្លួន​ព័ទ្ធចាប់​ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ក្រសួងមហាផ្ទៃ​តែម្ដង​។​

នៅថ្ងៃនោះ​ដែរ ប្រជាពលរដ្ឋ​រងគ្រោះ​ប្រមាណ​ជាង​១០០​នាក់ ដែល​ចាញ់បោក​ម្ចាស់​ឃ្លាំង សេង ហួត នេះ បាននាំគ្នា​តវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ ដើម្បីឱ្យ​ថ្នាក់ដឹកនាំ នៃ​ក្រសួង​ដ៏​មានអំណាច​មួយ​នេះ ជួយ​ដោះស្រាយ​ពួកគាត់​។​

តាម​ប្រភពពី​ពលរដ្ឋ រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា​លោក សេង សុ​ភ័​ក្រ មានកា​រ៉ា​ស់លក់​ទិញ និង​បង់​រំលស់​រថយន្ត​យីហោ សេង ហ៊ួ​ត ទីតាំង​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង់​រំលស់​រថយន្ត​សេរី​ទំនើបៗ​គ្រប់​ប្រភេទ​ជូន​អតិថិជន ដែល​សុទ្ធតែ​រថយន្ត​ជួល​ពី​កា​រ៉ា​ស់​ផ្សេងៗ​មក​បន្លំ​ភ្នែក​អតិថិជន ដោយ​ផ្អែកទៅលើ​ថា​ឡាន​ដែល​អតិថិជន​បង់​រំលស់​យកទៅ​ប្រើប្រាស់​បាន​ដាក់​GPS ។ ដូច្នេះ​គេ​សូមអោយ​ម្ចាស់​រថយន្ត ដែល​បង់​រំលស់​យក​ត GPS ជាថ្មី​នៅ​កា​រ៉ា​ស់​របស់គាត់ ពេល​ពួកគាត់​(​ជនរងគ្រោះ​) យកមក​ដល់​កា​រ៉ា​ស់ ខាង​កា​រ៉ា​ស់បាន​បើករថយន្ត​ទៅ​ត GPS បាត់ ជា​បន្តបន្ទាប់ អស់​ជាច្រើន​គ្រឿង​រហូតមកដល់​សព្វថ្ងៃ​មិន​យក​រថយន្ត​ត្រឡប់មកវិញ​ទេ ទើប​ពួកគាត់​សន្ម​ត​ថា​ចាញ់បោក​ជនកំហូច​នេះ។​

ប្រភពពី​ពលរដ្ឋ​រងគ្រោះ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បានដឹងថា គាត់​ក៏ត្រូវ​លោក សេង សុ​ភ័​ក្រ ឆបោក​ដែរ ដោយ​គាត់​បាន​យក​រថយន្ត​ព្រូស របស់គាត់​មក​ដូរ​ស៊េរី យក​ហាយ​ឡែ​ន​ឌ័​រវិ​ញ ដោយ​ថែមលុយ ហើយ​ចាំ​ពីរ​ទៅ​បី​ថ្ងៃ ទើប​មកដល់ ប៉ុន្តែ​បាត់​រហូតមកដល់​ថ្ងៃនេះ​។​

ក្រោយពី​ប្រទះឃើញ​លោក សេង សុ​ភ័​ក្រ និង​ភរិយា នៅ​ហាង​ម៉ា​ស្ទ័​រ ស៊ូ គី ស៊ុប ក៏បាន តេ ហៅ​គ្នា ដែលជា​ជនរងគ្រោះ​ទាំងអស់ មក ព័ទ្ធ​ហាង ហើយ​អញ្ជើញលោក សេង សុ​ភ័​ក្រ ទៅ ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​ជន​ប្រើល្បិច​បោក​នេះ​គ្មាន​ប្រាក់​សង​អតិថិជន​វិញ​ទេ ទើប​សមត្ថកិច្ច​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ជន​បោក​ប្រា​ស់​នេះ​មក​តុលាការ​សម្រេច​តាមច្បាប់។​

ឥឡូវនេះ​តុលាការ​កំពុង​ធ្វើការ​សាកសួ​រ​ឈ្មោះ​សេង សុ​ភ័​ក្រ មុនពេល​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu