ភ្នំពេញ ៖ សាខាកាកបាទក្រហមរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩នេះ បានរៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យសរុបចំនួន១២០នាក់។
ពិធីនេះធ្វើឡើង នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រោមអធិបតីភាព លោក ឯក ឃុនដឿន សមាជិកគណៈកម្មាធិការសាខា ដែលវគ្គយល់ដឹងនេះបានចាប់ដំណើរការអស់រយៈពេល១ថ្ងៃកន្លងមកប្រកបដោយជោគជ័យជាលទ្ធផលយុវជនទទួលបាននិទ្ទេសល្អចំនួន៧៥ភាគរយ និងមធ្យម២៥ភាគរយ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូអ្នកគ្រូជាទីប្រឹក្សាយុវជន និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ លោកសមាជិកគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា ការបើកវគ្គយល់ដឹងជូននាពេលនេះគឺ ដើម្បីជួយជាពន្លឺស្មារតីជូនក្មួយៗទាំងអស់ឲ្យបានយល់ដឹងពីសារៈសំខាន់ ក្នុងការអនុវត្ត និងបំពេញភារកិច្ចបេសកកម្មមនុស្សធម៌របស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងទទួលបាននូវជោគជ័យថែមទៀត។
សូមបញ្ជាក់ថា ក្នុងវគ្គយល់ដឹងមូលដ្ឋាននេះគ្រូឧទ្ទេសនាមបានលើកយកមេរៀនចំនួន៥មកបង្ហាត់បង្ហាញរួមមាន៖១/ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសមាគមជាតិកាកបាទក្រហមកម្ពុជា ២/ តួនាទី និងភារកិច្ចយុវជនកាកបាទក្រហមកម្ពុជា ៣/ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ ៤/ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ៥/ វិជ្ជាសង្គ្រោះបឋម៕
Source: Kampuchea Thmey Daily
0 Comments