រតនគិរី ៖ ករណីចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងគ្រឿងចក្រ៦គ្រឿង ដែលបានលួចឆ្លងដែនដោយខុសច្បាប់ មកខេត្តរតនគិរី មកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត នៅឡើយ។
ពាក្យចចាមអារ៉ាមមកថា អំឡុងពេល នៃការឃាត់ខ្លួនប៉ុន្មានថ្ងៃនេះ មានការបែកធ្លាយមកថាហាក់បីដូចជាធុំក្លិនស្អុយរលួយភាយៗហើយ ព្រោះមានក្រុមហ៊ុនខ្មែរជាអ្នកកាងជាមួយគ្នានេះក៏អាចមានការពាក់ព័ន្ធជាមួយសមត្ថកិច្ចជំនាញតាមច្រកព្រំដែនផងដែរ។
មន្ត្រីខេត្តម្នាក់សុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ថា ឃើញមានអ្នករត់ការខ្វែងដៃខ្វែងជើង សម្បើមណាស់ ដោយសារគេមិនចង់ឲ្យជនជាតិវៀតណាមទាំងនោះជាប់ទោស និងឃាត់គ្រឿងចក្រទុកនោះទេ ព្រោះវាអាចពាក់ព័ន្ធដល់មន្ត្រីយោធា ;មន្ត្រីប៉ូលិសវរៈការពារព្រំដែនគោក និងមន្ត្រីជំនាញបរិស្ថាន ឧទ្យានុរក្សវរៈជ័យផងដែរ។
សូមបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ និងគ្រឿងចក្រចំនួន៦គ្រឿង បានចូលមកកម្ពុជា ដោយខុសច្បាប់តាមច្រកក្នុងព្រៃ បង្គោលការពារព្រំដែនលេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៥០៥ “ប៉ុស្តិ៍ ភូមិចង ” នៃខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន លេខ៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុននុភាពសុភី និង វៀតណាម ឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណខ្មែរ លេខ ២៣៣១២៤២៣៤ សង្ស័យចូលមកឈូសឆាយកម្ទេចព្រៃឧទ្យានវរៈជ័យ។
ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី បានលើកឡើងថា អំពើឃុបឃិតគ្នាខាងលើនេះជាអំពើ បំពានបូរណភាពទឹកដីទាំងស្រុង ត្រូវមានទោសក្បត់ជាតិក្បត់ព្រះមហាក្សត្រ និងក្បត់រាជរដ្ឋាភិបាលកម្ពុជា ដោយសារមន្ត្រីគ្រាប់ល្ពៅ ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងជ្រោះមហន្តរាយ។
លោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ខាងជំនាញកំពុងរកអ្នកបកប្រែសាកសួរធ្វើកំណត់ហេតុ តើមានច្បាប់អនុញ្ញាតឲ្យចូលដីខ្មែរដែរ ឬអត់? ចំណែកគ្រឿងចក្រ បានឲ្យខាងសាខាគយ និងរដ្ឋករ ទៅត្រួតពិនិត្យរួចហើយដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពី លោក ថង សាវុន និងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងគ្រឿងចក្រ៦គ្រឿង នៅក្រុមហ៊ុន នុភាពសុភី។
ក្រោយការឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ កម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រគល់ជនជាតិវៀតណាមទាំងនោះ ទៅឲ្យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី។
ចំពោះវត្ថុតាងគ្រឿងចក្រចំនួន៦គ្រឿង កម្លាំងកងរាជអាវុធហត្ថ សហការជាមួយ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានកំពុងតែគ្រប់គ្រងនៅក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដើម្បីប្រគល់ទៅឲ្យមន្ត្រីគយចាត់ការបន្ត។
សូមបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ខាងលើនោះ ត្រូវបាននគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនមកអយ្យការអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៩មេសានេះ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments