Ad Code

អ្នក​ប្រដាល់​៤​រូប​ ជួបគ្នា​ដណ្តើមពាន​រង្វាន់​បាយ័ន​ ទម្ងន់​៦០​គីឡូក្រាម​



ប្រដាល់ ៖ អ្នក​ប្រដាល់​៤​រូប នឹង​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​អនុស្សាវរីយ៍​បាយ័ន សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ឆ្នាំ​២០១៩ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​២០​មេសា​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​។ អ្នក​ប្រដាល់​ទាំង​៤​រូបនោះ រួមមាន ម៉ិ​ល សារុន មកពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ​, ធា វាសនា ក្លិប​នាគរាជ​មានជ័យ​, លី តឿន ក្លិប​មកុដ​រាជសីហ៍ និង អៀ​ប លី​ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ ខេត្ត​ព្រៃវែង។​

ពួកគេ​ទាំង​៤​នាក់​នេះ ត្រូវ​ប្រកួត​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​អ្នកឈ្នះ​ម្ចាស់​ពានរង្វាន់​ក្នុងពេល​តែមួយ។​
​ ​
ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ជាការ​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែល​​ជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​
​ ​
គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែ​មួយ​ទឹក​វាយ​តែ​២​នាទី​ប៉ុណ្ណោះ។​

សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ គឺ​ម៉ិ​ល សារុន នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ធា វាសនា ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារ​ពួកគេ​ទាំងពីរ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា។ ដូច្នេះ​ការជួបគ្នា​លើក​នេះ ជា​ការជួប​លើកដំបូង​សម្រាប់​ពួកគេ​ទាំងពីរ។

បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស និង កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា ធា វាសនា អាច​វាយ​ ឈ្នះ ​ម៉ិ​ល សារុន នោះទេ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​លើក​នេះ មិន​ទាន់​ប្រាកដថា សារុន​ ឈ្នះ ឬ​វាសនា ឈ្នះ ទៀត​នោះទេ ព្រោះថា​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​មិនសូវ​ទៀងទាត់​ប៉ុន្មាន​ឡើយ។
​ ​
ចំពោះ លី តឿន ដែលជា​អ្នក​ប្រដាល់​ជើងចាស់​នោះ នឹង​ជួប​ជាមួយ​អៀ​ប លី​ឆា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។ រវាង​ពួកគេ​ពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ​កន្លងមក។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ លី តឿន ទំនងជា​អាច​ឈ្នះ​អៀ​ប លី​ឆា ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ។​
​ ​
លី តឿន មានប្រៀប​លើ​អៀ​ប លី​ឆា ត្រង់​គេ​វាយ​ខ្លាំង​ជាង និង​មាន​កលល្បិច​ច្រើន​ក្នុងការ​ផ្តួល​គូប្រកួត ពិសេស​គេ​មាន​ស្នៀត​ទាត់​ល្អ ខ្លាំង​ និង​ធ្ងន់ ដែល​ធ្វើ​ឲ្យ​ លី​ឆា ពិបាក​ទប់ទល់។​

​អៀ​ប លី​ឆា ចង់​ឈ្នះ​លី តឿន នោះ គឺ​មានតែ​វិធី​ម្យ៉ាង​គត់ គឺ​ត្រូវ​សម្រុកចូល​វាយ​សន្ធាប់​តែម្តង ទើប​អាចមាន​ផ្លូវ​ឈ្នះ​កើត។ ព្រោះ​លី តឿន បច្ចុប្បន្ននេះ​មិន​ខ្លាំង​ដូច​ពីមុន​នោះទេ គេ​អន់​កម្លាំង​កាយសម្បទា នៅពេលដែល​គូប្រកួត​វាយ​បុក​មក​ខ្លាំង​និង​ញាប់​ពេក លី តឿន ត្រូវ​បាត់​ភាពម្ចាស់ការ ក្នុងការ​ការពារ​ខ្លួន ដែល​ហ្នឹងហើយ​ជា​ឱកាស​សម្រាប់​ អៀ​ប លី​ឆា ដើម្បី​យកឈ្នះ​លើ​លី តឿន នោះ ។​ ចាំមើល លី តឿន អាច​យកឈ្នះ​អៀ​ប លី​ឆា បាន​ឬ​អត់? ។

សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​បាយ័ន​ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មិនដឹងថា​ធ្លាក់​ទៅលើ​នរណា​នោះទេ ក្នុងចំណោម ម៉ិ​ល សារុន ក្លិប​អាណាចក្រ​គុន​ខ្មែរ​, ធា វាសនា ក្លិប​នាគរាជ​មានជ័យ​, លី តឿន ក្លិប​មកុដ​រាជសីហ៍ និង អៀ​ប លី​ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង។ តែ​យ៉ាងណា ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ អ្នក​ដែល​គេ​រំពឹងទុក​ថា នឹង​អាច​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ គឺ​អ្នក​ប្រដាល់ ម៉ិ​ល សារុន និង លី តឿន​។​

ដោយឡែក សម្រាប់​ការប្រកួត​គូ​ពិសេស​វិញ​នោះ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ សម្រាប់​ការជួបគ្នា​រវាង​គូ​នេះ បើតាម​ការសន្និដ្ឋាន​ និង​វាយតម្លៃ​នោះ ឌុ​ម កែវ​ដប ប្រហែល​ជា​មិនអាច​ទប់​ជាមួយ​កណ្ដាប់ដៃ​របស់​ មា​ស សារ៉ាក់ បាន​នោះឡើយ?៕

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu