កំពង់ចាម ៖ លលាដ៍ក្បាលជីដូន និងចៅ ដែលឃាតកកាប់ផ្ដាច់ ក្នុងករណីឃាតកម្ម កាលពីទី2 ខែមេសា ឆ្នាំ2019 ចន្លោះពីម៉ោង15និង30នាទី ដល់ម៉ោង05ភ្លឺ ឈានចូលថ្ងៃទី03 ខែមេសា ឆ្នាំ2019 ត្រូវបានរកឃើញហើយ កាលពីថ្ងៃទី18 ខែមេសា ឆ្នាំ2019។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាក្រោយកើតហេតុ លោករួមជាមួយលោកឧត្ដមសេនីយ៍ទោ ហេងវុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំង លោក គួច ចំរើន គណៈ នៃគណៈអភិបាលខេត្តកំពង់ចាម បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ2នាក់ កាលពីថ្ងៃទី3 ខែឆ្នាំដដែល ក្នុងនោះ មានឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ55ឆ្នាំ មានទីលំនៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជនសង្ស័យម្នាក់ទៀត ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ។
ដោយឡែក ក្បាលជនរងគ្រោះទាំង2នាក់ ជីដូន និងចៅ ត្រូវឃាតកកាប់ផ្តាច់ យកទៅលាក់ទុក ធ្វើឲ្យសមត្ថកិច្ចខិតខំរកបន្តទៀត រហូតដល់ថ្ងៃទី18 ខែមេសា ឆ្នាំ2019 ទើបរកឃើញ។
លោក ឯម កុសល បានបន្តថា នៅថ្ងៃទី18 ខែមេសា ឆ្នាំ2019 វេលាម៉ោង17និង00នាទី មានប្រជាពលរដ្ឋរាយការណ៍ថា បានប្រទះឃើញក្បាលជនរងគ្រោះនៅក្រោយផ្ទះរបស់ ឈ្មោះ ប្រាក់ សេងហឿនភេទប្រុស អាយុ38ឆ្នាំ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ និងក្បាលក្មេងរងគ្រោះនៅក្នុងរបងដីចម្ការ ជាប់ព្រំរបស់ឈ្មោះខាងលើ ដែលមានចម្ងាយប្រហែលពី 1500 ទៅ2000ម៉ែត្រ ពីកន្លែងកើតហេតុ ស្ថិតនៅទិសខាងលិច ឈាងខាងជើង ដែលត្រូវបានសត្វឆ្កែរបស់ម្ចាស់ផ្ទះអូសយកមកដាក់ចំណុចខាងលើ។
លោកស្នងការបានបន្តថា ភ្លាមនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការហ៊ុមព័ទ្ធការពារ រក្សាទុក រង់ចាំទទួលជំនាញបច្ចេកទេស និងធ្វើការបន្ត។ រីឯកន្លែងលាក់ទុកក្បាលសាកសពទាំងពីរនោះ សុំបន្តរុករកនៅពេលព្រឹកស្អែកបន្ដ ដោយវេលាយប់មិនទាន់រកឃើញនៅឡើយ កំពុងស្វែងរកបន្ត៕
Source: Kampuchea Thmey Daily
0 Comments