Ad Code

ជនជាប់ចោទ​គ្រឿងញៀន​ គិត ធាង បន្ថែម​ឧបករណ៍​ច្រើន​ទៀត​ ចូល​ក្នុង​បន្ទប់​ស្នាក់​នៅ ក្នុង​មន្ទីរ​ពេទ្យ​



​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុ​ក​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​បទ​សម្រួល​ឲ្យ​មាន​ការ​ប្រើប្រាស់​គ្រឿងញៀន ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បាន​បន្ថែម​ឧបករណ៍​ជាច្រើន​ថែមទៀត​ចូលមកក្នុង​បន្ទប់​មន្ទីរពេទ្យ​ដែល​គាត់​កំពុង​ស្នាក់នៅ។​

ប្រភព​បាន​បន្តថា ​បន្ទាប់ពី​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ លោក​ឧកញ៉ា​ គិត ធាង បាន​ដឹក​បញ្ចូល​ក្នុង​បន្ទប់​របស់គាត់​នូវ​ម៉ាស៊ីន​ហាត់ប្រាណ ម៉ាស៊ីន​ម៉ា​យ​ក្រូ​វ៉េវ​ សម្រាប់​ចម្អិន​អាហារ​ផ្ទាល់ខ្លួន និង​ម៉ាស៊ីន​កិន​ផ្លែឈើ​ជាដើម។​

សូម​រំលឹកថា ​ឧកញ៉ា គិត ធាង ត្រូវ​បាន​បញ្ជូនមក​មន្ទីរពេទ្យ​រុស្ស៊ី តាំងពី​ពាក់​កណ្តាលយប់​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩ ដែល​រហូតមកដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ នេះ មាន​រយៈពេល​១៨​ថ្ងៃ​មក​ហើយ​នៅ​មិនទាន់​ចេញពី​ពេទ្យ​ចូលទៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ​នៅឡើយ​ទេ បន្ទាប់ពី​សុំ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។​

បុគ្គលិក​ នៃ​មន្ទីរពេទ្យ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា អាការៈ​ជំងឺ​សួត​របស់ ​ឧកញ៉ា គិត ធាង បាន​ធូរស្បើយ​ណាស់​ហើយ ​ព្រោះ​បច្ចុប្បន្ននេះ ​គ្រូពេទ្យ​មិនបាន​ចាក់​ថ្នាំ​ ឬ​ឲ្យ​ថ្នាំលេប​ទៀត​ទេ ពោល​គឺ​គ្រាន់តែ​មក​វាស់​សម្ពាធ​ឈាម​នៅពេល​ព្រឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយថ្ងៃៗ​ ឧកញ៉ា គិត ធាង បាន​បិទទ្វារ​បន្ទប់​រហូត​ មិន​ឲ្យ​អ្នកណា​ចេញចូល​ឡើយ​ សូម្បីតែ​អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ ដែល​មក​យាម​ទីនេះ ​ក៏​មិន​ឲ្យ​ចូល​ដែរ លើកលែងតែ​ក្រុមគ្រួសារ​ ឬ​ប្រពន្ធ​របស់​ខ្លួន​តែប៉ុណ្ណោះ ហើយ​ក្នុង​មួយ​ថ្ងៃៗ​ គេ​ឃើញ​មាន​អ្នក​យក​ឯកសារ​មកឲ្យ​ជនជាប់ចោទ​ស៊ីញេ​ទៀតផង។​

ប្រភព​ព័ត៌មាន​ដដែល​បាន​អះអាង​ទៀតថា ក្នុង​បន្ទប់​ដែល​អ្នក​ឧកញ៉ា គិត ធាង ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នោះ ​គឺមាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរទស្សន៍​ និង​បាន​ប្រើ​ទូរស័ព្ទ​គ្រប់​ម៉ាក​ និង​គ្រប់​ប្រព័ន្ធ​ មាន​អ៊ីនធឺណិត​ថែម​ទៀតផង​ ទើប​ធ្វើ​ឲ្យ​អ្នក​ឧកញ៉ា គិត ធាង ក្រាញ​ននៀល មិន​ចង់​ចូលទៅ​ពន្ធនាគារ​វិញ​ទេ។ ឥឡូវនេះ ​ទាំង​បន្ថែម​ឧបករណ៍​ហាត់ប្រាណ ម៉ា​ដ៊ី​ម៉ា​យ​ក្រូ​វ៉េវ ចូលក្នុង​បន្ទប់ ថែមទៀត ពិតជា​អស្ចារ្យ​ណាស់។​

លោក​ឧកញ៉ា គិត ធាង អាច​ចូលដេក​សម្រាក​នៅ​ពេទ្យ​រុស្ស៊ី​បាន​ បន្ទាប់ពី​លោកស្រី​មេធាវី ទី គឹម​ស្រ៊ា​ន ដាក់ពាក្យ​ស្នើសុំ​ទៅ​ លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា ​គិត ធាង ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ជា​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ​ពីបទ​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ​តាម​មាត្រា​​៤៤ ច្បាប់ ​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា។​

មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​បាន​ចែង​ថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន គឺជា​បទ​សម្រួល ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​២០​លាន​រៀល។​

សូម​បញ្ជាក់​ថា ​រហូតមក​ដល់ពេលនេះ ​មាន​មនុស្ស​ប្រុស ស្រី ចំនួន​២២​នាក់​ហើយ ​ត្រូវ​ចាប់ឃុំខ្លួន​ដាក់​ពន្ធនាគារ ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ករ​បស់​ ឧកញ៉ា គិត ធាង។​

កាលពី​ថ្ងៃទី​១៧​ ខែ​មេសា ឆ្នាំ​២០១៩​នេះ ឈ្មោះ ស្រេង វីរៈ ម្ចាស់​ក្លឹប​ម៉ៃ​អា​មី​ ដែលជា​ជង្រុក​គ្រឿង​ញៀន​មួយ​លេចធ្លោ​សម្បើម​ដែរ ត្រូវ​បាន​គេ​បញ្ជូនមក​តុលាការ​ដើម្បី​សាកសួរ​ពី​ដំណើររឿង​ពាក់ព័ន្ធ​មួយចំនួន ព្រោះ​ ឈ្មោះ ស្រេង វីរៈ ក៏​ជា​អ្នក​ជួល​ទីតាំង​ក្លឹប​រ៉ុ​ក​បើក​អាជីវកម្ម​មួយ​ក្នុងនោះដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu