ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងនឹងរៀបចំប្រព័ន្ធមន្ទីរពេទ្យឌីជីថលដែលមានឈ្មោះថា «ពេទ្យយើង» នៅតាមមន្ទីរពេទ្យទូទាំងប្រទេសដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលកាន់តែមានគុណភាពនិងប្រសិទ្ធភាព ថែមទៀតជួនដល់អ្នកជំងឺដែលមកទទួលសេវានៅតាមមន្ទីរពេទ្យរបស់រដ្ឋ។
លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែជាជំហានដំបូងក្រសួងនឹងចាប់ផ្ដើមសាកល្បងនៅមន្ទីរពេទ្យព្រះអង្គឌួងនិងមន្ទីរពេទ្យនៅក្រុងប៉ោយប៉ែតជាមុនសិនបន្ទាប់មកយើងនឹងពង្រីកនៅតាមមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលកាន់តែមានប្រសិទ្ធភាព ដល់អ្នកជំងឺ និងកាត់បន្ថយថ្លៃចំណាយលើសេវាព្យាបាល របស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួងកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១ ៩នេះ លោករដ្ឋមន្ដ្រី បានបន្ថែមថា «នៅថ្ងៃខាងមុខនេះ យើងនឹងបង្កើតប្រព័ន្ធមួយ ដែលរាល់អ្នកជំងឺ នឹងមានកាតផ្ទាល់ខ្លួនមួយ ដើម្បីដឹងពីប្រវត្តិនៃជំងឺ ដោយគ្រាន់តែដាក់ចូលប្រព័ន្ធរបស់យើង នឹងបង្ហាញពីស្ថានភាពអ្នកជំងឺ ថាគាត់កន្លងមកធ្លាប់ឈឺអី ធ្លាប់ប្រើប្រាស់ឱសថអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការតាមដានសុខភាព របស់អ្នកជំងឺដែលប្រព័ន្ធនេះ ប្រទេសមួយចំនួន ក៏បានធ្វើរួចមកហើយ តែយើងនឹងបន្ដខិតខំបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលគ្រូពេទ្យរបស់យើង ឲ្យដើរទាន់សម័យបច្ចេកវិទ្យាទំនើបនេះ»។
លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានស្វាគមន៍ចំពោះការប្រើបច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាជូនដល់អ្នកជំងឺព្រោះថា ការប្រើសេវានេះនឹងជួយក្នុងការគ្រប់គ្រងអ្នកជំងឺបានច្បាស់លាស់និងងាយស្រួលក្នុងការព្យាបាលជំងឺបានប្រសិទ្ធភាពខ្ពស់។
លោកសាស្ត្រាចារ្យបានបន្តថា សម្រាប់មន្ទីរពេទ្យព្រះអង្គឌួងកន្លងមកយើងបានប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកក្នុងការចេញនូវវេជ្ជបញ្ជា ជូនអ្នកជំងឺរួចហើយដូច្នេះការងារនេះ មានភាពងាយស្រួលសម្រាប់បុគ្គលិកមន្ទីរពេទ្យក្នុងការអនុវត្ដន៍ប្រព័ន្ធថ្មីនេះផងដែរ។
ចំណែក អ្នកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន First Womentech Asia ដែលជាអ្នកផលិត និងដាក់ឲ្យដំណើរការកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលឈ្មោះថា«ពេទ្យយើង»បានឲ្យដឹងថា កម្មវិធីនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០១៣ និងដំណើរការនៅមន្ទីរពេទ្យឯកជនមួយចំនួនធំប្រមាណជាង២០០រួចហើយ។
លោកស្រីបានបន្ដថា ចំណែកនៅមន្ទីរពេទ្យរដ្ឋកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលនេះ នឹងដាក់នៅមន្ទីរពេទ្យព្រះអង្គឌួងតាំងពីខែមីនាឆ្នាំ២០១៩មកម្ល៉េះដោយរង់ចាំបណ្តុះបណ្តាលឲ្យបុគ្គលិកនៃផ្នែកនីមួយៗចេះប្រើប្រាស់រួចនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែមិថុនាខាងមុខនេះ។
លោកស្រីបានបន្ថែមថា ការប្រើប្រព័ន្ធនេះនឹងជួយឲ្យកម្ពុជា មានប្រព័ន្ធគ្រប់គ្រងទិន្នន័យ សុខភាពរបស់អ្នកជំងឺខ្លួនឯង បានយ៉ាងងាយស្រួលដូចនឹងបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីគ្រប់គ្រងទៅលើការប្រើប្រាស់សេវាព្យាបាលអ្នកជំងឺកាន់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments