ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប ត្រូវប៉ះក្រុមគីរីវង់សុខសែនជ័យ ហើយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីទទួលក្រុមអង្គរថាយហ្គឺរនិងក្រុមវិសាខា ជួបក្រុមអគ្គីសនីកម្ពុជា នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ នេះក្នុងសប្ដាហ៍ទី៤នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) រដូវកាលឆ្នាំ២០១៩។
*អាស៊ីអឺរ៉ុប ប៉ះគីរីវង់សុខសែនជ័យ
ក្រុមអាស៊ីអឺរ៉ុប ត្រូវប៉ះក្រុមគីរីវង់សុខសែនជ័យ នៅវេលាម៉ោង៣និង៣០នាទីរសៀលលើទីលានកីឡដ្ឋាន AEU Sport Park ព្រមទាំងមានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់សារព័ត៌មានកម្ពុជាថ្មីផងដែរ។ បើនិយាយពីប្រវត្តិជួបគ្នាចំនួន១៣លើក ស្របពេលក្រុមអាស៊ីអឺរ៉ុប ធ្លាប់ឈ្នះបាន៣លើកហើយគីរីវង់សុខសែនជ័យ ធ្លាប់ឈ្នះបាន៦លើកនិងធ្លាប់ស្មើគ្នាចំនួន៤លើក។
ក្រុមអាស៊ីអឺរ៉ុប កំពុងតែឈរចំណាត់ថ្នាក់លេខ១០ ក្រោយប្រកួតបាន៣លើកឈ្នះបាន១លើកនិងចាញ់២លើក។ យ៉ាងណាក្តីលោក សុក វាសនា ដែលជាគ្រូបង្វឹករំពឹងថា កូនក្រុមនឹងធ្វើបានល្អជាងរដូវកាលចាស់។ ចំណែកក្រុមគីរីវង់សុខសែនជ័យ វិញកំពុងតែឈរចំណាត់ថ្នាក់លេខ៨បណ្តោះអាសន្នក្រោយប្រកួតឈ្នះបាន១លើកនិងចាញ់២លើកដូចគ្នា។ គីរីវង់ បានជួលគ្រូបង្វឹកលោក Ekapob Potisai ដែលជាអតីតកីឡាករជម្រើសជាតិថៃ និងធ្លាប់ដឹកនាំក្រុមនៅលីគកំពូលរបស់ឡាវ មកដឹកនាំក្រុម។ ក្រុមទាំង២សុទ្ធតែត្រូវការពិន្ទុរៀងៗខ្លួនដើម្បីប្រជែងកៅអីកំពូលតារាង។
*យុវជនសាលាបាល់ទាត់ជាតិបាទី ប៉ះអង្គរថាយហ្គឺរ
ក្រុមសាលាបាល់ទាត់ជាតិបាទីដែលមានកីឡាករសុទ្ធតែអាយុក្រោម១៨ឆ្នាំត្រូវបើកទ្វារទីលានមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីក្នុងខេត្តតាកែវ ទទួលក្រុមអង្គរថាយហ្គឺរ មកពីខេត្តសៀមរាប នៅវេលាម៉ោង៣និង៣០នាទីរសៀល ហើយប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។ ក្រុមទាំង២មិនធ្លាប់មានប្រវត្តិប៉ះគ្នាពីមុនមកទេ។
ក្រុមយុវជនបាទី កំពុងតែដឹកនាំដោយលោក Koji Gyotoku ជនជាតិជប៉ុន ខណៈក្រុមនេះត្រូវបានបញ្ចូលឲ្យលេងក្នុងលីគកំពូលកម្ពុជា ដើម្បីត្រៀមពង្រឹងធនធានកីឡាករពេលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ៣ប្រកួតកន្លងមកក្រុមនេះនៅមិនទាន់រកបានជ័យជម្នះនៅឡើយនោះទេ ព្រមទាំងឈរចំណាត់ថ្នាក់លេខ១៤ក្រោមគេ។ ចំណែកក្រុមអង្គរថាយហ្គឺរ វិញកំពុងតែឈរចំណាត់ថ្នាក់លេខ៦ បណ្តោះអាសន្នក្រោយដឹកនាំដោយលោក Oriol Mahedano គ្រូបង្វឹកជនជាតិអេស្ប៉ាញ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រុមអង្គរថាយហ្គឺរ អាចបំប៉ោងសំណាញ់ទីគូប្រកួតបានរហូតដល់១៣គ្រាប់ក្នុងចំណោម៣ប្រកួតប៉ុណ្ណោះ ហើយក្រុមនេះមិនទាន់ស្គាល់ពាក្យថាបរាជ័យនោះដែរពោលគឺឈ្នះបាន១លើកនិងចាញ់២លើក។
*ក្រុមវិសាខា ប៉ះអគ្គីសនីកម្ពុជា
ក្រុមបាល់ទាត់វិសាខា ត្រូវបើកទ្វាកីឡដ្ឋានវិសាខា របស់ខ្លួនទទួលក្រុមអគ្គីសនីកម្ពុជា នៅវេលាម៉ោង៦ល្ងាចព្រមទាំងមានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ CNCC ផងដែរ។ ក្រុមទាំង២ធ្លាប់មានប្រវត្តិជួបគ្នា២លើកមកហើយក្នុងពានរង្វាន់លីគកំពូលកម្ពុជា កាលពីរដូវកាលមុន តែក្រុមវិសាខា ឈ្នះទាំង២លើកដូចគ្នាដោយលទ្ធផល៤ទល់០ ទាំង២លើក។
ក្រុមវិសាខា កំពុងតែឈរចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្រោយប្រកួតឈ្នះបាន២លើកនិងស្មើគ្នា១លើក ខណៈក្លិបនេះបានប្រមូលយកកីឡាករល្អៗជាច្រើនទៅចូលរួមក្នុងក្រុមនៅរដូវកាលនេះជាពិសេសគឺសមាជិកកីឡាករក្មេងៗមកពីក្លិបភ្នំពេញក្រោន។ ក្រុមអគ្គីសនីកម្ពុជា វិញកំពុងដឹកនាំដោយលោក ប្រាក់ វុទ្ធី ដែលមាន៦ពិន្ទុក្នុងដៃ ស្របពេលក្រុមនេះមិនប្រើប្រាស់កីឡាករបរទេសនោះទេ។
ចំណែក៤គូផ្សេងទៀតត្រូវប្រកួតប្រចាំសប្ដាហ៍ទី៤នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ដោយក្រុមខេត្តកំពង់ចាម ទទួលក្រុមបឹងកេត នៅវេលាម៉ោង៣និង៣០នាទីរសៀលលើទីលានបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ហើយក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមភ្នំពេញក្រោន នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានខេត្តស្វាយរៀង ស្របពេលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប៉ះក្រសួងការពារជាតិ នៅម៉ោង៣និង៣០នាទីរសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា និងក្រុមសូលទីឡូអង្គរ ទទួលក្រុមណាហ្គាវើល នៅវេលាម៉ោង៣និង៣០នាទីរសៀលលើទីលានកីឡដ្ឋានខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments