Ad Code

ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​០៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល



រតនគិរី ៖ មនុស្ស​០៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​អូរ​ត្រាវ ស្ថិតនៅ​ក្នុងភូមិ​សីល សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។



​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ ខាំ សី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី ប៉ូលីស មាន​ទី​នៅ​ភូមិ​ទុយ ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី រងរបួស​ធ្ងន់​។

​រីឯ​អ្នកបើកបរ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ឡុង ធូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រងរបួស​ធ្ងន់​(​ប្តី​)​។

អ្នក​រួម​ដំណើរ​២​នាក់​ប្រពន្ធ​ឈ្មោះ ទៀ នាង អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ជាន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ។

ឈ្មោះ ចែម ស្រី​សរ ភេទ​ស្រី អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​(​កូន​) រងរបួស​ស្រាល អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ​ប៉ា​ជន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខេត្ត ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ដឹកបញ្ជូន​ជនរងគ្រោះ​ទាំង​០៤​នាក់​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

បច្ចុប្បន្ន​មធ្យោបាយ​ទាំងពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​រឹបអូស​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ស្រាល​គ្នា​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu