Ad Code

MCL 2019 ៖​ អគ្គីសនី​កម្ពុជា ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​កំពង់ចាម ជួប​យុវជន​បាទី​និង​ទ័ព ទទួល​បឹងកេត



ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ​ក្រុម​ខេត្តកំពង់ចាម ជួប​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​និង​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ទទួល​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នៅក្នុង​សប្ដាហ៍​ទី​៥​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) ដែល​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០១៩​។

*​អគ្គីសនី​កម្ពុជា ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង
ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទឹកដី​ទួល​សង្កែ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ទទួល​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​។ បើ​ងាក​ទៅ​មើល​ប្រវត្តិ​ប៉ះ​គ្នា​ចំនួន​៦​លើក​កន្លងមក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ធ្លាប់​បាន​យកឈ្នះ​ចំនួន​៥​លើក​និង​ធ្លាប់​ស្មើគ្នា​១​លើក​។



ចំពោះ​ក្រុម​អគ្គីសនី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ វុទ្ធី មិនមាន​ប្រើប្រាស់​កីឡាករ​បរទេស​នោះទេ​តាំងពី​ក្លិប​ឡើងមក​លេង​លី​គ​កំពូល​កម្ពុជា​ពី​ឆ្នាំ​២០១៧​មក​។ យ៉ាង​ណា​ក្តី​ក្រុម​នេះ​ធ្លាប់បាន​យកឈ្នះ​លើ​ក្រុម​បឹង​កេត លើ​ទឹកដី​របស់ខ្លួន​ផងដែរ​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិញ​ជា​ក្រុម​ដែល​ឈរ​កំពូល​តារាង​ក្រោយ​មិនទាន់​ស្គាល់​ពាក្យ​ថា​ បរាជ័យ ស្រប​ពេល​លោក​Conor Nestor ដែល​ជា​គ្រូបង្វឹក​បន្ត​លើកទឹកចិត្ត​កូនក្រុម​ឲ្យ​ធ្វើ​ការ​លើ​ទីលាន​បាន​ល្អ​រក្សា​កៅអី​ឲ្យ​បាន​គង់​ជា​បន្ត​។

*​ខេត្តកំពង់ចាម ប៉ះ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី
ក្រុម​ខេត្តកំពង់ចាម ត្រូវ​ប៉ះ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន មេមត់​។ ក្រុម​ទាំង​២​មិន​ធ្លាប់​មាន​ប្រវត្តិ​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ​ ព្រោះ​ជា​ក្រុម​ទើបបាន​ឡើង​មកលេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា លើកដំបូង​ដូចគ្នា​នៅ​ឆ្នាំ​២០១៩ នេះ​។



ខេត្តកំពង់ចាម ឆ្លងកាត់​តែ​៤​ប្រកួត​ដើមរដូវ​កាល​តែ​របូត​គ្រាប់​បាល់​រហូតដល់​២៩​គ្រាប់ ស្រប​ពេល​លោក ថុល កុសល នៅមាន​ឆន្ទៈ​បន្ត​ដឹកនាំ​កូនក្រុម​រក្សា​កៅអី​ឲ្យ​បាន​ក្នុង​លី​គ​កំពូល​កម្ពុជា​ជា​បន្ត​។ កីឡាករ សារី តៃ​ម៉ូ ជា​ខ្សែប្រយុទ្ធ​តែ​ម្នាក់​គត់​ដែល​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ឲ្យ​ក្រុម ក្នុង​ប្រកួត​កន្លងមក​។ ចំណែក​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​កំពុង​ដឹកនាំ​ដោយ​លោក​Koji Gyotoku គ្រូបង្វឹក​ជនជាតិ​ជប៉ុន ខណៈ​ពេលនេះ​ក្រុម​នេះ​កំពុងតែ​នៅ​បាត​តារាង​ក្រោយ​ចាញ់​៤​ប្រកួត​ជាប់ៗ​គ្នា​។

*​ក្រសួងការពារជាតិ ប៉ះ​បឹងកេត​អែ​ហ្វ​ស៊ី
ក្រុម​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ស្របពេល​ប្រវត្តិ​ប៉ះ​គ្នា​៥​លើក​ចុងក្រោយ​បឹងកេត ធ្លាប់បាន​យកឈ្នះ​៣​លើក​ហើយ​ក្រសួងការពារជាតិ​ធ្លាប់​ឈ្នះ​បាន​១​លើក​និង​ធ្លាប់​ស្មើគ្នា​១​លើក​។

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​លោក ភា សុភ​ត្រា គ្រូបង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ កំពុងតែ​រៀបចំ​កូនក្រុម​ឲ្យ​បាន​ល្អ​ដើម្បី​ប៉ះ​ក្រុម​ជើងឯក​៣​សម័យកាល​បឹង​កេត​។ ខ្សែប្រយុទ្ធ​ជនជាតិ​Dzarma Bata កំពុងតែ​ឈរឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់​ចូល​ទី​គូប្រកួត​បាន​ច្រើន​ជាង​គេ ក្រោយ​បំប៉ោង​សំណាញ់​ទី​ឲ្យ​ក្រសួងការពារជាតិ បាន​រហូតដល់​៩​គ្រាប់​ម្នាក់ឯង​។ ចំណែក​ក្រុម​បឹងកេត ដែល​ដឹកនាំ​ដោយ​លោក ហៅ សុជាតិ វិញ​កំពុងតែ​ត្រូវការ​៣​ពិន្ទុ​បន្ថែមទៀត ក្រោយ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មិនបាន​ល្អ​។

​ចំណែក​៤​គូ​ផ្សេងទៀត​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទទួល​វិសាខា នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ស្រប​ពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​ដូចគ្នា​ដែរ​លើ​ទីលាន​គរុកោសល្យ​ខេត្តតាកែវ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ Smart RSN Stadium៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu