Ad Code

គណៈប្រតិភូ​ទីក្រុង Fushun ខេត្ត​លាវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា



ភ្នំពេញ​ ៖ លោក Lai He លេខា​បក្ស​ទីក្រុង Fushun ខេត្ត​លាវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែងថា គ​ណៈ​ប្រតិភូ​របស់លោក មកកាន់​កម្ពុជា​នៅពេលនេះ​គឺ​ដើម្បី ស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​រក​ឱកាស​វិនិយោគ នៅ​កម្ពុជា​។



ការ​ថ្លែង​របស់ លោក Lai He បាន​ធ្វើ​ឡើង នៅក្នុង​ជំនួប​ជា លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ និង​ជា​តំណាង​របស់​លោក ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។ លោក Lai He លេខា​បក្ស​ទីក្រុង Fushun និង​ជា​ប្រធាន​គណៈប្រតិភូ បាន​គូសបញ្ជាក់​ពី​សក្តានុពល​សេដ្ឋកិច្ច ពា​ណិជ្ជ​កម្ម និង​ឱកាស​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ លោក Mr. Lai He ក៏បាន​បង្ហាញ​ពី​ស្ថានភាព​ទូទៅ និង​សក្តានុពល​សេដ្ឋកិច្ច​នៃ​ទីក្រុង Fushun ដែលមាន​ការ​អភិវឌ្ឍ​ឈានមុខ​គេ​លើ​វិស័យ​ឧស្សាហកម្ម​ធន់​ធ្ងន់ និង​ជាទី​ក្រុង​ប្រភព​រ៉ែ​ធ្យូងថ្ម​នៃ​ប្រទេស​ចិន​។

លោក Lai He បាន​មានប្រសាសន៍​បន្ត​ថា លោក​គាំទ្រ និង​ជំរុញ ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ទីក្រុង Fushun និង​កម្ពុជា តាមរយៈ​ការរៀបចំ​ពិព័រណ៍ ឬ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ដែលជា​ឱកាស​ឲ្យ​វិនិយោគិន​ទាំងពីរ​ប្រទេស អាច​ស្វែងយល់​ពី​ផលិតផល​សក្តានុពល និង​បរិយាកាស​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។



នៅក្នុង​ឱកាស​នោះ​ដែរ លោក​សំ សិរី​រតន៍ បាន​ជម្រាប​ជូន​គណៈប្រតិភូ​ចិន អំពី​សក្តានុពល និង​កាលានុវត្តន៍​ភាព​វិនិយោគ ដោយ​គូស​បញ្ជាក់​ថា កម្ពុជា ជា​ប្រទេស​មាន​សន្តិសុខ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រម​ជា​មួយ​ទីតាំង​យុទ្ធសាស្ត្រ​តំបន់​អាស៊ាន ដែល​បាននឹងកំពុង​ក្លាយជា​តំបន់​រោងចក្រ​នៅ​អាស៊ី និង​ចំ​កណ្តាល​នៃ​ដង​ទន្លេមេគង្គ​។ ជា​មួយ​គ្នា​នេះ កម្លាំង​ពលកម្ម​មាន​ភាព​សំបូរ​បែប និង​វ័យក្មេង ដែល​មាន​អាយុ​ត្រឹម​៣៥​ឆ្នាំ ចុះក្រោម មាន ៧០% នៃ​ប្រជាជន​សរុប​។ ទំនិញ​ផលិត​នៅ​កម្ពុជា ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​ក្នុង​តំបន់ សរុប​ប្រមាណ​ជាង ៤០% នៃ​ចំនួន​ប្រជាជន​ពិភពលោក​។

លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់​ថា កម្ពុជា​បើកចំហ​ចំពោះ​ការវិនិយោគ​បរទេស ដោយ​ផ្តល់​ការលើកទឹកចិត្ត និង​ធានា​ផ្នែក​វិនិយោគិន ដូចជា ការលើកលែង​ពន្ធលើប្រាក់ចំណេញ​រយៈពេល ០៩​ឆ្នាំ ការលើកលែង​ពន្ធ​ទាំងស្រុង​ចំពោះ​នាំចូល​សម្ភារៈ​បរិក្ខារ និង​វត្ថុធាតុដើម​នៃ​ផលិតកម្ម ព្រមទាំង​វិនិយោគិន​បរទេស​អាច​ប្រើ​មូលធន​បរទេស​សុទ្ធ​១០០% និង​មិនមាន​ការត្រួតត្រា​លើ​តម្លៃ​ផលិតផល និង​សេវា និង​អត្រា​ប្តូរប្រាក់​នោះឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu